អត្ថបទ

កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ត​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម

អង្គការ​ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ប្រទេស​បាន​បន្ត​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម។

នៅ​ក្នុង​វេទិកា​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី​ឱកាស​និង​ការប្រឈម​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ស្រោចស្រព​នៅ​ប្រទេស​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ថា តាម​ការស្រាវជ្រាវ​ក្នុង​ខេត្ត​ចំនួន​១៣​ដែល​មាន​សក្ដានុពល​ខាង​ផ្នែក​កសិកម្ម​បាន​បង្ហាញ​ថា ប្រព័ន្ធ​ធារាស្ត្រ​នៅ​ទី​នោះ​គឺ​មាន​ចំនួន​ត្រឹម​តែ​ជាង​៣០%​តែ​ប៉ុណ្ណោះ​ដែល​មិន​អាច​ផ្គត់​ផ្គង់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការស្រោចស្រព​ដំណាំ​បាន​ឡើយ។

លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ថា ៖ «វា​មាន​ការប៉ះពាល់​ដល់​ផលិតផល​កសិកម្ម វា​អាច​មាន​ពីរ ទី​១ នៅ​តំបន់​ហ្នឹង​ដី​ភាគ​ច្រើន​មិន​អាច​ធ្វើការ​ដាំ​ដុះ​បាន មួយ​ទៀត​បើ​គេ​ធ្វើការ​ដាំ​ដុះ​បាន​ក៏​ផល​វា​អត់​សូវ​បាន​ខ្ពស់​ដែរ ដោយសារ​វា​ខ្វះខាត​បញ្ហា​ទឹក​អី​អ៊ីចឹង ប៉ុន្តែ​មាន​តំបន់​ខ្លះ អាច​តំបន់​នៅ​ឆ្ងាយ​ដាច់​ស្រយាល តំបន់​ដែល​ហៅ​ថា​លិច​ទឹក​ខ្លាំង​អី​អ៊ីចឹង យើង​មិន​អាច​មាន​ប្រព័ន្ធ​អី​ទប់​ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​អី​អ៊ីចឹង វា​អាច​ប៉ះពាល់ យើង​មិន​អាច​ធ្វើ​ស្រូវ​បាន​តែម្ដង»

 

មិន​អាច​ទាក់ទង​សុំ​ការបកស្រាយ​បំភ្លឺ​ពី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ឡើយ​នៅ​ថ្ងៃ​សៅរ៍​ឈប់​សម្រាក​នេះ។

ប្រធាន​អង្គការ​សេដាក លោក យ៉ង សាំងកុមារ ក៏​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​និង​អង្គការ​នានា​គួរតែ​ជួយ​ធ្វើការ​ពង្រឹង​សមត្ថភាព​សហគមន៍​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់ ហើយ​ឧបត្ថម្ភ​បន្ថែម​ខាង​ផ្នែក​ថវិកា​ដើម្បី​ឲ្យ​សហគមន៍​ប្រព័ន្ធ​ធារាស្ត្រ​នានា​មាន​ដំណើរការ​បាន​ល្អ។

អង្គការ​សេដាក​បាន​ឲ្យ​ដឹង​ថា បើ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​ធំ​ទេ​នោះ​កសិករ​កម្ពុជា​នឹង​នៅតែ​ជួប​ប្រទះ​ភាព​ក្រីក្រ​និង​ភាព​អត់​ឃ្លាន​ក្នុង​ការប្រកប​មុខរបរ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត។

ប្រធាន​សហគមន៍​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​ការពារ​ទឹក​ប្រៃ​ខណ្ឌ​ព្រៃនប់ ក្រុង​ព្រះសីហនុ លោក យឹម ប៊យ និង​ប្រធាន​សហគមន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ដៅកោង​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក នាង សារីម សុទ្ធតែ​បាន​សម្ដែង​ពី​សារសំខាន់​នៃ​ទំនប់​ធារាសាស្ត្រ​សម្រាប់​សហគមន៍​របស់​ពួក​គាត់​ក្នុង​ការបង្ក​បង្កើន​ផល​និង​លើក​ស្ទួយ​ជីវភាព ៖ «បើ​សហគមន៍​ខ្ញុំ​ដួល​រលាយ គឺ​ប្រជាជន​ជួប​ការលំបាក ការខ្វះខាត ហើយ​ហូប​ចុក​បាន​៦​ខែ​ក្នុង​១​ឆ្នាំ។ កាលពី​មុន​បង្កើត​សហគមន៍​ហ្នឹង​គឺ​ថា ទិន្នផល​យើង​សរុប​ទូទៅ​នៅ​តំបន់​ព្រៃនប់​គឺ​ថា ១​ឆ្នាំ​ទិន្នផល​ប្រហែល​ជា​១​តោន​កន្លះ​រៀងរាល់​ឆ្នាំ ដល់​បង្កើត​សហគមន៍​ហ្នឹង​មក យើង​ឃើញ​ទិន្នផល​កើន​ឡើង​រហូត​ដល់​១,៧​តោន ២​តោន​កន្លះ រហូត​ឡើង​ដល់​៣​តោន​ទៀត»

កាលពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ប្រទេស​ជប៉ុន​ក៏​បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់​ចំនួន​១៦៥.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កែ​លម្អ​និង​ស្ដារ​អាង​ស្តុក​ទឹក​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្ត​កណ្ដាល​និង​ខេត្ត​តាកែវ​ផងដែរ ដែល​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​១១០០​គ្រួសារ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ។

គួរ​ជម្រាប​ថា នៅ​ក្នុង​ឆ្នាំ​២០០៧​-​២០០៨ ប្រទេស​កម្ពុជា​បាន​ទទួល​ផល​ស្រូវ​ចំនួន​ប្រមាណ​៦​លាន​តោន ហើយ​ផល​ស្រូវ​លើស​មាន​ចំនួន​ប្រមាណ​២,៦​លាន​តោន​សម្រាប់​ការនាំ​ចេញ​ទៅ​បរទេស៕