នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ូ សុពណ៌ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ព្រមទាំងសហការី នៃក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយតំណាងក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី លោកស្រី Rebekah Bell ប្រធានអង្គការ(FAO)ប្រចាំកម្ពុជា និងសហការី បានចុះទស្សនកិច្ចសិក្សានៅក្នុងគម្រោង «ការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុ នៃសហគមន៍ពឹងផ្អែកលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt)»។
កម្មវិធីនេះរៀបចំឡើងក្រោមប្រធានបទ «មួយថ្ងៃក្នុងដៃនាង៖ ការស្វែងយល់ពីការងាររបស់ស្ត្រីក្នុងសហគមន៍នេសាទ» ដោយទទួលបានការគាំទ្រថវិកាពី មូលនិធិបរិស្ថានសកល (GEF) តាមរយៈ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ ក្នុងឱកាសនេះ ក្រុមការងារបានចុះទស្សនាសហគមន៍នេសាទចំនួន៣ រួមមាន សហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍តំបន់ការពារធម្មជាតិព្រែកត្នោត ក្នុងខេត្តកំពត។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់តម្លៃ និងតួនាទីរបស់ស្ត្រីក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផល ព្រមទាំងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងដៃគូអភិវឌ្ឍន៍បានសិក្សារៀនសូត្រពីបទពិសោធន៍ជាក់ស្តែងក្នុងសហគមន៍។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានគោលដៅជំរុញកិច្ចសន្ទនាគោលនយោបាយយេនឌ័រ ពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងលើកកម្ពស់យុទ្ធនាការ «SheFeedsCambodia» ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈអំពីតួនាទីស្ត្រីក្នុងវិស័យកសិកម្ម និងជលផល។
ក្នុងឱកាសនោះ លោកជំទាវតំណាងក្រុមការងារ បានសម្តែងការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងបុរស និងស្ត្រីក្នុងសហគមន៍ ដែលបានរួមចំណែកការពារ និងអភិរក្សធនធានជលផល។ លោកជំទាវក៏បានផ្តល់អនុសាសន៍ឱ្យបន្តលើកកម្ពស់ សមភាពយេនឌ័រ សមធម៌ និងតម្លាភាព ដើម្បីធានាឱ្យមានការអភិវឌ្ឍមុខរបរនេសាទប្រកបដោយចីរភាព និងភាពរីកចម្រើនរបស់សហគមន៍៕