នៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ អ.ជ.ប.គ.ញ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
កម្មវិធីបើកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ជ.ប.គ.ញ និងកម្មវិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន និងអង្គការដៃគូនានា។
នៅក្នុងវគ្គពិភាក្សាអំពីសកម្មភាពផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឡោ រស្មី បានឡើងរាយការណ៍ជូនអង្គសន្និបាតអំពីសកម្មភាពការងារជាច្រើនដែលក្រសួងបានអនុវត្តកន្លងមក ស្របតាមទិសដៅ និងផែនការសកម្មភាពដែលមានចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងអំពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ក្នុងការជំរុញអនុវត្តការងារ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងយកចិត្តទុកដាក់ខ្ពស់ជំរុញអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ "ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់" របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអប់រំផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក្នុងចំណោមថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ស្របតាមគោលការណ៍ " សម្អាតផ្ទះយើង និងសម្អាតចកចេញពីផ្ទៃបឹង"។
ជាការឆ្លើយតប ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ជ.ប.គ.ញ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារជាច្រើនដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្ត ដែលនេះគឺជាការទទួលស្គាល់របស់ អ.ជ.ប.គ.ញ និងរាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវអនុវត្តការងាររបស់ក្រសួង។
ឯកឧត្តមសន្តិបណ្ឌិត ក៏បានអបអរសាទរចំពោះសមិទ្ធផល និងលទ្ធផលដ៏ត្រចះត្រចង់ដែលគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តសម្រេចបានក្នុងឆ្នាំ២០២៥ និងបានណែនាំឱ្យបន្តផ្សព្វផ្សាយខ្លឹមសារ សន្និបាតដល់គ្រប់កម្រិត និងជំរុញអនុវត្តការងារឱ្យកាន់តែសស្រាក់សស្រាំថែមទៀត ក្នុងការអប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ ក្នុងប្រទេសកម្ពុជា៕