នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលទ្រព្យសម្បត្តិរបស់គម្រោង «CAPFISH-Capture» របស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប(EU) និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) ដែលបានផ្ទេរទ្រព្យសម្បត្តិ ជូនក្រសួង ក្រោយគម្រោងត្រូវបានអនុវត្តចប់ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម នឹងបន្តថែរក្សាព្រមទាំងប្រើប្រាស់សម្ភារៈទាំងនេះ ដើម្បីជាគុណប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា សំដៅចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕