នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំមន្ត្រីពាក់ព័ន្ធ ប្រជុំដោះស្រាយករណី «បោះបង្គោលវាទយកទីតាំងចិញ្ចឹមងាវស ឬលៀសសមុទ្រ» នៅក្នុងសហគមន៍នេសាទកែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កិច្ចប្រជុំធ្វើឡើងនៅសាលាឃុំកែវផុស មានការចូលរួមពីមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផល ផ្នែក សង្កាត់រដ្ឋបាលជលផលកំពង់សោម អាជ្ញាធរស្រុកស្ទឹងហាវ ការិយាល័យប្រជាពលរដ្ឋស្រុកស្ទឹងហាវ មេឃុំកែវផុស មេភូមិពាក់ព័ន្ធ គណៈកម្មការសហគមន៍កែវផុស និងប្រជានេសាទ ដែលមានសមាសភាពចូលរួមចំនួន៨៧នាក់ ស្រ្តី២១នាក់។
កិច្ចប្រជុំបានពិនិត្យលើលិខិតតវ៉ារបស់សហគមន៍កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានសំណូមពរដោយមានផ្តិតមេដៃរបស់សមាជិកសហគមន៍កែវផុស និងប្រជានេសាទចំនួន២៦២នាក់ រស់នៅភូមិកែវផុស គោរពជូនលោកមេឃុំកែវផុស ជួយអន្តរាគមន៍ឱ្យដកបង្គោល «ចិញ្ចឹមងាវស ឬលៀសសមុទ្រ» ចេញវិញស្ថិតក្នុងកន្លែងសហគមន៍នេសាទកែវផុស ដែលមានអ្នកចិញ្ចឹម២រូប មកពីឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មកបោះបង្គោលនៅក្នុងកន្លែងសហគមន៍នេសាទ ក្នុងគោលបំណងចិញ្ចឹមសាកល្បងងាវស ឬលៀសសមុទ្រ។
ជាលទ្ធផលអង្គប្រជុំបានសម្រេចដូចខាងក្រោម៖ ១.សមាជិកសហគមន៍ និងប្រជានេសាទនៅឃុំកែវផុស មិនយល់ស្របនឹងការបោះបង្គោលយកទីតាំងរបស់សហគមន៍ឡើយ ដោយសំណូមពរឱ្យដកបង្គោលចេញវិញ ព្រោះប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសារ។ ២. គណៈកម្មការសហគមន៍ត្រូវមានកិច្ចប្រជុំជាមួយសមាជិកសហគមន៍ក្នុងការវិនិយោគ ឬធ្វើអាជីវកម្មផ្សេងៗនៅក្នុងកន្លែងសហគមន៍។
៣. ខណ្ឌរដ្ឋបាលជលផលកំពង់សោម និងអាជ្ញាធរឃុំ ស្រុក ត្រូវកោះហៅអ្នកបោះបង្គោលក្នុងកន្លែងសហគមន៍មកដកបង្គោលវិញឱ្យអស់ក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះតទៅ។ ៤.គណៈកម្មការ និងសមាជិកសហគមន៍នេសាទ បានស្ម័គ្រចិត្តចូលរួមដកបង្គោល ដែលបានបោះចំនួនប្រមាណ៥០០បង្គោល។ ជាក់ស្តែងក្រោយពីកិច្ចប្រជុំគណៈកម្មការ និងសមាជិកសហគមន៍បានចុះដកបង្គោលបានមួយចំនួន ប្រមាណ១៥ដើម ដោយសារការបោះបង្គោលគេប្រើម៉ាស៊ីនខ្យល់ក្នុងការបោះ ដូចនេះការដកមានការលំបាក៕