ស្រូវផ្ការំដួលរបស់កសិករនៅភូមិចារ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខណ:នេះត្រូវបានគេរាយការណ៍ថា កំពុងតែឈានដល់ដំណាក់កាលផ្តល់ផល។ ឯកឧត្តមបណ្ឌិតច័ន្ទ សារុនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហការី បានអញ្ជើញទៅពិនិត្យជាក់ស្តែងនូវដំណើរការលូតលាស់ស្រូវទាំងនោះ និងបានជួបជាមួយកសិករចំនួន១៥០គ្រួសារនៅទីនោះផងដែរ។
សំណេះសំណាលជាមួយកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ការខិតខំប្រឹងប្រែងក្នុងការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ និងជាពិសេសកសិករដែលប្រកាន់យកបច្ចេកទេសប.វ.ស ទៅអនុវត្តរបស់ប្រជាកសិករ ទៅមិនទាន់បានទូលំទូលាយនៅឡើយ ជាពិសេសការយល់ដឹងពីពូជស្រូវទាំង១០ ពូជដែលរាជរដ្ឋាភិបាលបានអនុម័តឱ្យប្រើក្នុងបំណងឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងឆ្នាំ និងផលិតស្រូវឱ្យបាន៤លានតោនក្នុង១ឆ្នាំ និងត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាពធ្វើយ៉ាងណាឱ្យពិភពលោកទទួលស្គាល់គុណភាពអង្ករកម្ពុជា។

















