ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការកត់សម្គាល់ ពីល្បឿន នៃការអនុវត្តន៏ជាក់ស្ដែង របស់ក្រុមហ៊ុន សម្ព័ន្ធសហគ្រាស កៅស៊ូវៀតណាមថាបាននិងកំពុង បោះជំហាន ពិតប្រាកដមួយនៅក្នុងការវិនិយោគរបស់ខ្លួន។
ឯកឧត្តមក៏បាន អំពាវនាវឱ្យមាន ការសហការគ្នា ឱ្យបានល្អផងដែរ រវាងក្រុមហ៊ុន និងអាជ្ញាធរ ក៏ដូចជាប្រជាជន នៅក្នុងតំបន់នោះ។
មានប្រសាសន៏ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ក្នុងឱកាសអញ្ជើញចូលរួមបើកការដ្ឋានដាំដុះកៅស៊ូ របស់ក្រុមហ៊ុន៣ នៅខេត្ដកំពង់ធំថា មកទល់ពេលនេះ យើងមានផ្ទៃដីកៅស៊ូសរុបប្រមាណ១៣០.០០០ហិកតា គិតទាំងផ្ទៃដីចៀរជ័រ និងផ្ទៃដីដាំដុះថ្មី ក្នុងនោះ ក៏មានផ្ទៃដីដាំដុះ របស់សម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមផងដែរ។ទោះបីជាមានក្រុមហ៊ុនមួយចំនួន នៅក្នុងសហសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម មិនទាន់ដំណើរការដាំដុះក៏ដោយ ក៏ក្រុមហ៊ុនភាគច្រើន បាននិងកំពុងខិតខំប្រឹងប្រែងដោយម្ចាស់ការ ហើយដែលសម្រេច បានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្ដន៏នូវកិច្ចសន្យា របស់ក្រុមហ៊ុននីមួយៗក្នុងឆ្នាំ២០០៩ តាមគម្រោងផែនការ និងលើកទិសដៅអនុវត្ដន៏ សម្រាប់ឆ្នាំ២០១០ និងឆ្នាំ២០១១ប្រកបដោយបទពិសោធន៏ខ្ពស់ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវការខិតខំប្រឹងប្រែង និងសហការកម្រិតខ្ពស់គួរឱ្យកោតសរសើរ។
ឯកឧត្តមបានបន្ដទៀតថា ការបើកការដ្ឋានដាំដុះកូនកៅស៊ូនៅខេត្ដកំពង់ធំនាថ្ងៃនេះ គឺជាសញ្ញាភ្លើងបៃតងនៅក្នុងរបត់ថ្មីមួយសម្រាប់ការអភិវឌ្ឍន៏វិស័យកៅស៊ូនៅកម្ពុជា។
ឯកឧត្តមនៅតែមានភាពកក់ក្ដៅក្នុងចិត្ដថា ថ្វីបើផ្ទៃដីចម្ការកៅស៊ូនៅកម្ពុជា មានតិចតួចបើធៀបជាមួយបណ្ដាលប្រទេសនៅក្នុងតំបន់ដូចជា ថៃឡង់ដ៏ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ជាដើម ប៉ុន្ដែតាមរយះការវិនិយោគ និងកិច្ចសហការជិតស្និទ្ធ ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមសង្ឃឹមថាអនាគតវិស័យកៅស៊ូនៅកម្ពុជា នឹងទទួលបានកិត្ដិនាមដូចប្រទេសផលិតកៅស៊ូក្នុងតំបន់ ដោយមូលហេតុថា យើងអាចទទួលបាននូវរបកគំហើញថ្មីការផ្លាស់ប្ដូរ និងការផ្ទេរបច្ចេកវិជ្ជាវិភាគទាន ក្នុងផ្នែកសិក្សាស្រាវជ្រាវពត៌មាន ទីផ្សារ ពិសេសការកំណត់គោលនយោបាយយុទ្ធសាស្ដ្រវិធីសាស្ដ្រក្នុងការដាំដុះ ប្រមូលផល ការកែច្នៃការបង្កាត់ពូជ ពិសេសពូជដែលធន់ទ្រាំនឹងកម្ដៅក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានទាញអារម្មណ៏ដល់ក្រុមហ៊ុនលើចំណុចមួយចំនួនដែលក្នុងនោះ សូមឱ្យក្រុមហ៊ុនសហគ្រាសកៅស៊ូវៀតណាម ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរួចហើយ ត្រូវអនុវត្ដសកម្មភាពវិនិយោគឱ្យស្របតាមខ្លឹមសារនៃកិច្ចសន្យា និងផែនការមេរបស់ខ្លួន និងសេចក្ដីណែនាំរបស់ក្រសួង ជាពិសេសត្រូវរួសរាន់រៀបចំ ឯកសាររាយការណ៏វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមឱ្យបានត្រឹមត្រូវ។ សហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលដែនដីខេត្ដ-ស្រុក និងអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកៅស៊ូរបស់ក្រសួង។
ទន្ទឹមនេះ ត្រូវដើរតួជាស្នួរលសម្រាប់ការអភិវឌ្ឍន៏កៅស៊ូគ្រួសារជុំវិញ ដោយអនុសាសន៏បច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យា តាមរយះការធ្វើកសិកម្មតាមកិច្ចសន្យាដែលអនុក្រឹត្យស្ដីពីកសិកម្មតាមកិច្ចសន្យា (Contract Farming) នឹងចេញអនុវត្ដក្នុងរយះពេលដ៏ខ្លីខាងមុខនេះហើយ ក៏មិនត្រូវបំភ្លេចផងដែរនូវការជួយការពារទប់ស្កាត់ភ្លើងឆេះព្រៃ និងជួយរក្សាការពារប្រព័ន្ធបរិស្ថានដែលពាក់ព័ន្ធជាមួយទីតាំងដាំដុះ ដែលមានចែងក្នុងកិច្ចសន្យា។
ឯកឧត្តមបន្ដទៀតថា គេក៏មិនត្រូវមើលរំលងអំពីការជំរុញការថែទាំ និងសេវាសុខភាពកម្មករ កម្មការិនី បង្កើនជីវភាពដោយបំផុសឱ្យដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វសិប្បកម្ម។ល។ និងត្រូវយកចិត្ដទុកដាក់ជំរុញអភិវឌ្ឍន៏ផ្នែកសង្គមកិច្ចជាអាទិ៏ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសាធារណៈដូចជាការសាង សង់សាលារៀនសម្រាប់អប់រំកូនកម្មករ វត្ដអារាមសម្រាប់ជំនឿសាសនា និងទិដ្ឋភាពដទៃផ្សេងទៀតដែលផ្សារភ្ជាប់ទៅដល់ជីវភាពរបស់ប្រជាជនដែលរស់នៅជុំវិញផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏ដូចបានរំលឹកផងដែរ អំពីដំណើរការទំនាក់ទំនងជាមួយក្រុមហ៊ុនសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានយកចិត្ដទុកដាក់ជាខ្លាំង។ ឆ្លើយតបទៅនឹងគំនិតផ្ដួចផ្ដើមដ៏ល្អប្រសើរក្នុងការរៀបចំកម្មវិធីនេះ ជាមួយនឹងការសម្របសម្រួលរបស់ការិយាល័យតំណាងសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម ហើយនិយាយជារួមគឺអ្វីដែលយើងកំពុងរួមគ្នាអនុវត្ដនាពេលនេះ គឺពិតជាបានឆ្លើយតបយ៉ាងជាក់ស្ដែងទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចអគ្គមហាសេនាបតីតេជោតែងបានរំលឹកថា “ ការរួមចំណែករបស់វិស័យឯកជននិងដៃគូដ៏ទៃទៀត ក៏ដូចជាការយកចិត្ដទុកដាក់បើកច្រកចូលទៅកាន់ប្រភពទុន ដាក់បើកច្រកចូលទៅកាន់ប្រពភទុនអន្ដរជាតិនានាសម្រាប់ ការវិនិយោគឯកជន គឺជាប្រការមិនអាចខ្វះបានឡើយក្នុងការចូលរួមអភិវឌ្ឍន៏ប្រកបដោយនិរន្ដរភាពលើវិស័យកសិកម្មនិងជនបទ។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៦មកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១០នេះ រាជរដ្ឋាភិបាលបានពិនិត្យសម្រេចក្នុងការផ្ដល់គម្រោងសម្បទានដីសេដ្ឋកិច្ច ដល់ក្រុមហ៊ុនសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម បានចំនួន១៣ក្រុមហ៊ុនលើផ្ទៃដីចំនួន៩៥.៨៦១ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដចំនួន៥ គឺខេត្ដក្រចេះចំនួន៣ក្រុមហ៊ុន ខេត្ដរតនគិរីចំនួន ២ក្រុមហ៊ុន ខេត្ដស្ទឹងត្រែង ១ ក្រុមហ៊ុន និងខេត្ដព្រះវិហារ ចំនួន២ក្រុមហ៊ុន៕






