ឯកឧត្តមបណ្ឌិតច័ន្ទសារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធីចែកស្រូវពូជ និងជីកសិកម្មរបស់គម្រោង បង្កើនសន្ដិសុខស្បៀងសម្រាប់គ្រួសារកសិករ ដែលរងឥទ្ធិពលដោយសារការឡើងថ្លៃស្បៀងអាហារ (Improve the food security of farming families affected by volatile food prices) ក្រោមការគាំទ្រពីអង្គការ FAO និង EU ។
ពិធីនេះបានប្រព្រឹត្ដធ្វើកាលពីថ្ងៃទី១៩ ខែឧសភា នៅឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដោយមានប្រជាជនចូលរួមចំនួន១.៦៥៤គ្រួសារ មកពីរឃុំពីរ គឺឃុំត្រពាំងប្រិយ និងឃុំលំទង។
មានប្រសាសន៏នាឱកាសនោះឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សហគមន៏អឺរ៉ុប និងអង្គការFAO ព្រមទាំងដៃគូអភិវឌ្ឍន៏ដែលបានជួយផ្ដល់ពូជស្រូវ និងជីកសិកម្មទាន់ដើមរដូវធ្វើស្រែ។ លោកបានពិពណ៌នាថាអំណោយនេះមានសារសំខាន់ណាស់និងទាន់ពេលវេលា។
ថ្លែងទៅកាន់កសិករ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំឱ្យ ប្រជាកសិករខិតខំធ្វើស្រែដោយកុំពឹងផ្អែកតែលើធម្មជាតិតែ ត្រូវពឹងផ្អែកលើដៃទាំងពីររបស់ខ្លួន និងការឧស្សាហ៏ព្យាយាម។ ឯកឧត្តមបានផ្ដល់ជាយោបល់ថាការធ្វើស្រែនេះត្រូវប្រើពូជដែលសុទ្ធល្អ ព្រោះពូជសុទ្ធល្អអាចជួយបង្កើនទិន្នផល។
ពូជដែលសុទ្ធគឺក្នុងរង្វង់៣ឆ្នាំតែប៉ុណ្ណោះ លើសពីនេះលែងសុទ្ធទៀតហើយ។ លោកសំណូមពរសូមឱ្យប្រជាកសិករកាត់បន្ថយការប្រើប្រាស់ពូជច្រើនពេក។ ព្រោះបើយើងកាត់បន្ថយបរិមាណពូជនោះមានន័យថា យើងអាចកាត់បន្ថយចំណាយហើយស្រូវក៏កាន់តែល្អផងដែរ។
ការធ្វើដីត្រូវធ្វើឱ្យបានច្រើនសាយ៉ាងហោចណាស់ក៏ពី២ ទៅ៤ដងដើម្បីកម្ចាត់ស្មៅចង្រៃ។ ការធ្វើស្រូវក៏ត្រូវថែទាំពិនិត្យមើលស្រែ ឱ្យបានជាប់ជាប្រចាំ ពិសេសគ្រប់គ្រងទឹកឱ្យបានល្អបោចស្មៅ។ ឯកឧត្តមរដ្ឋមន្ដ្រីបានជំរុញឱ្យកសិករត្រូវតែប្ដូរទម្លាប់ចាស់ក្នុងការធ្វើស្រែ ដោយចាប់យកនូវទម្លាប់ថ្មី ដើម្បីទទួលបានផលខ្ពស់ហើយចូលរួមដល់ការកាត់បន្ថយភាពក្រីក្រដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង ។
ប្រសិនបើកសិករណាចង់កែប្រែនូវទម្លាប់ចាស់ក្នុងការធ្វើស្រែនោះ សូមធ្វើការទាក់ទងមន្ទីរកសិកម្មខេត្ដ ដើម្បីនាំទៅធ្វើទស្សនកិច្ចសិក្សាដកស្រង់យកបទពិសោធន៏ល្អៗនៅកន្លែងផ្សេងដោយឯកឧត្តមរដ្ឋមន្ដ្រីជាអ្នកឧបត្ថម្ភ។
បន្ទាប់ពីពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ដ្រី បានចូលរួមចែកស្រូវពូជសែនពិដោរ និងផ្ការំដួលដល់គ្រួសារ កសិករ ដោយម្នាក់ៗទទួលបានស្រូវពូជ២០គីឡូក្រាមនិងជីជាច្រើនមុខទៀត៕






