កាលពីរសៀលថ្ងៃទី៧ កក្កដា ឆ្នាំ២០១០ កន្លងទៅ នៅសួនសត្វភ្នំតាម៉ៅ បានរៀបចំពិធីប្រគល់-ទទួលដំរីមួយ គូជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សាលាក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ។
លោកឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ បានថ្លែងថា នេះជាឱកាស ដ៏វិសេសវិសាលមួយ បង្ហាញពីកិច្ចទំនាក់ទំនងថ្មីមួយទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េតាមរយៈ សត្វដំរីមួយគូ ដែលជាសត្វមានមាឌធំជាងគេនៅកម្ពុជា។
សត្វដំរីញីឈ្មោលមួយគូនេះ គឺជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ។
ដំរីឈ្មោលជាកូនដំរីព្រៃដែលរដ្ឋបាល ព្រៃឈើបានសង្គ្រាះយកចេញពីចំការដូង ប្រេងឧកញ៉ា ម៉ុង ឬទ្ឋី នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីចុងឆ្នាំ២០០៣ហើយត្រូវបានដាក់ឈ្មោះថា “ព្រៃនប់” និងបន្ទាប់មក បានយកទៅផ្ញើទុកចិញ្ចឹមនៅមជ្ឈមណ្ឌលដំរី សៀមរាបអង្គរ ដើម្បីហ្វឹកហាត់នឹងផ្សាំង។
ពេលនេះព្រៃនប់មានអាយុ១៦ឆ្នាំ និងមាន កំពស់២,៤១ម៉ែត្រទម្ងន់ប្រមាណ២.៥០០គីឡូក្រាម ជាដំរីដែលមាន កាយសម្បទាមាំ មួន ធំធាត់ល្អ ពុំដែលរងនូវជំងឺដង្កាត់ផ្សេងៗ ឡើយ ព្រោះបានទទួលចំណីអាហារនឹងហ្វឹក ហាត់បានសមស្រប ។
សូមបញ្ជាក់ថា ដំរីជា ពពួកសត្វកម្រមួយប្រភេទផងដែរ នៅក្នុងប្រទេសកម្ពុជា និងកំពុងត្រូវបានអភិរក្សចុះបញ្ជីថែរក្សារបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។






