សម្ដេច ហ៊ុន សែន និង​លោកជំទាវ​ផ្តល់​ដំរី​ញី​ឈ្មោល​មួយគូ​ជូន​រដ្ឋាភិបាល​កូរ៉េ

អ៊ីមែល បោះពុម្ព PDF

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន បានផ្ដល់​អំណោយ​ជា​ដំរី​មួយគូ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​យកទៅ​បង្កាត់​ពូជ និង​ដាក់តាំង​បង្ហាញ​នៅ​សួនឧទ្យាន​កុមារ​សេ​អ៊ូ​ល។

ពិធី​ប្រគល់​សត្វ​ដំរី​មួយគូ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១០ នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ក្រោម​អធិបតីភាព​ឯកឧត្តមបណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ឯ​កឧ​ត្ត​ម លី ក្យុ​ង​ស៊ូ អគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ឯកឧត្តមបណ្ឌិត​ច័ន្ទ សារុន បាន​មានប្រសាសន៍ថា អំណោយ​សត្វ​ដំរី​ញី ឈ្មោល​មួយគូ​នេះ ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​អមតៈ​រវាង​ប្រទេស​ទាំងពីរ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​ទាំងពីរ​បង្កើត​នូវ​វប្បធម៌​រួមគ្នា​សំរាប់ធ្វើ​ការអភិរក្ស និង​វិបុល​កម្ម​សត្វព្រៃ​ប្រភេទ​កំពុង​រងគ្រោះ​ថ្នាក់លើ​ពិភពលោក។

ឯកឧត្តម បន្តទៀតថា ភ្ញៀវ​ទេសចរណ៍​ដែល​នឹង​ចូល​ទស្សនា​សត្វ​មួយគូ​នេះ នៅ​សួនឧទ្យាន​កុមារ​សេ​អ៊ូ​ល  ប្រាកដជាជ្រាបអំពីចំនងមិត្តភាព និងភាព​សំបូរបែបនៃធនធានធម្មជាតិប្រទេសខ្មែរ។

ឯកឧត្តម លី ក្យុងស៊ូ បានសំដែងនូវក្ដីរំភើបឥតឧប្បមា ដល់រដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនចំពោះ កាបរិច្ចាកនេះ ហើយឯកឧត្តមបានវាយតំលៃថា សត្វដំរីនេះ ជាកំរងប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

លោកឆេង គឹមស្រ៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ បានប្រាប់ថា ដំរីឈ្មោល ឈ្មោះព្រៃនប់ ដែលសង្រ្គោះយកចេញ ​ពីចំការ​ដូងប្រេងឧកញ៉ាម៉ុង រិទ្ធី នៅខេត្តព្រះសីហនុកាលពីឆ្នាំ២០០៣។ វាមានអាយុ១៦ឆ្នាំ, កំពស់២,៤១មែត្រ និងទំងន់២៥០០គីឡូក្រាម។ មេញីឈ្មោះ អ៊ីតូ យកពីភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។ អ៊ីតូ កំពស់២,៤៤មែត្រ, ទំងន់២៣០០គីឡូក្រាម។ សត្វទាំង២កំពុងស្ថិតនៅក្នុងវ័យបន្តពួជយ៉ាងល្អ។

តាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា មានដំរីនៅកម្ពុជាទាំងអស់ប្រមាណ៤៥០-៥០០ក្បាល។ ប៉ុន្តែមាន ១០១ក្បាល, ៣៣ក្បាលជាឈ្មោល ដែលជាសត្វដំរីស្រុក៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម