ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើទៅពិនិត្យមើលស្រូវដើមរដូវ ចំនួន៧៨៧ហិកតា និងជួបជាមួយកសិករសមាជិកសមាគមន៏ ចំនួន៧៥គ្រួសារ នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី។ ឯកឧត្តមបានសាទរចំពោះអ្វីដែលកសិករនៅទីនោះកំពុងតែខិតខំ។
មន្ដ្រីខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញទៅកាន់ទីនោះ កាលពីថ្ងៃទី១ ខែកក្កដា ដើម្បីពិនិត្យមើលស្ថានភាពធ្វើស្រូវដើមរដូវ របស់កសិករ។
ក្នុងជំនូបជាមួយកសិករនៅទីនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់ឱកាសឱ្យមន្ដ្រីបច្ចេកទេស ផ្ដល់ជាយោបល់កសិករ ពាក់ព័ន្ធនឹងបញ្ហាប្រឈមដែលកើតមាននៅក្នុងស្រែ និងជួយផ្ដល់នូវវិធីសាស្ដ្រមួយចំនួន ដើម្បីដោះស្រាយបញ្ហាឱ្យប្រជាកសិករដូចជាវិធីកម្ចាត់ខ្យងមាស និងការពារសត្វមមាចត្នោតជាដើម។
ឯកឧត្តមរដ្ឋមន្ដ្រីក៏បានផ្ដល់យោបល់មួយចំនួនថែមទៀត ទាក់ទងទៅនឹងការប្រើប្រាស់ពូជការជ្រើសរើសពូជ។ ឯកឧត្តមបញ្ជាក់ថា ពូជស្រូវដែលយកមកប្រើត្រូវជ្រើសរើសពូជសុទ្ធល្អ។ ប្ដូរពីការប្រើប្រាស់ពូជស្រូវធ្ងន់មកប្រើពូជ ស្រូវស្រាល ស្រូវកណ្ដាលជំនួសវិញ។
មន្ទីរកសិកម្មការិយាល័យកសិកម្មត្រូវជួយផ្សព្វផ្សាយ និងណែនាំប្រជា កសិករប្រើប្រាស់ពូជសុទ្ធប្រើតិច។ ប្រើទីសំណាបជារងស្ពៃ។ យកចិត្ដទុកដាក់ដល់ដីស្រទាប់លើកម្រាស់២-៣តឹក ធ្វើយ៉ាងម៉េចកែប្រែដោយការប្រើប្រាស់ជីកំបុស្ដ (ជីធម្មជាតិ)ដើម្បីឱ្យជីមានជីជាតិ ព្រោះដីស្រទាប់លើជាអាយុជីវិតរបស់ស្រូវ។ ធ្វើការផ្ទេរដំណាំនៅចុងរដូវ ដូចជាការដាំសណ្ដែក ល្ពៅជាដើម។ កុំប្រើជីគីមី និងថ្នាំពុលកសិកម្ម។
នៅទីនោះកសិករបានស្នើសុំឯកឧត្តមរដ្ឋមន្ដ្រីឱ្យជួយទ្វារទឹកមួយកន្លែង។ ពាក់ព័ន្ធនឹងសំណូមពរប្រជាពលរដ្ឋនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើឱ្យមន្ទីរកសិកម្មចុះធ្វើសិក្សាសិន និងរាយការណ៏ជូនលោក៕






