កូន​ត្រី​និង​វា​រី​សត្វផ្សេងៗប្រមាណ​ជាង១លាន​ក្បាល​បាន​លែង​នៅក្នុង​ អាងទឹក​ម្លេ​ច

អ៊ីមែល បោះពុម្ព PDF

កូន​ត្រី និង​វា​រី​សត្វផ្សេងៗប្រមាណ​ជាង ១ លាន​ក្បាល​ រួមមាន​ទាំង​អណ្ដើក កន្ធាយ​កង្កែប អន្ទង់ បង្កង និង​ត្រី​ជាច្រើន​ប្រភេទ​ ត្រូវបាន​លែង​នៅក្នុង​អាង​ទឹក​ម្លេ​ច​ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្ដ កំពត ដើម្បីឱ្យ​អាង​នេះ​សម្បូរ​ត្រី​វិញ និង​ដើម្បី​បម្រើ​តម្រូវការ​ហូបចុក​រប​ស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ។

លោក​ឧបនាយករដ្ឋមន្ដ្រី​ប៊ិន ឈិន ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បាន​អញ្ជើញ​ជា​អធិបតី និង​ជា​តំណាង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយក រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១។

ឯកឧត្តមបណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ បាន​មាន​ប្រសា​ស​ន៏​ឱ្យដឹងថា ប្រ​វ​ត្ដិ​អាងទឹក​ម្លេ​ចនេះ តាម​ការស្រាវជ្រាវ និង​ពត៌មាន​ទទួលបាន​ពី​ព្រឹទ្ធាចារ្យ​អាយុ៧៥ឆ្នាំ​មួយរូប ដែលមាន​ទី​កំណើត​រស់នៅ​ជិត​អាងទឹក​នេះ​តាំងពី​ធំ​ដឹងក្ដី​មក​ត្រពាំងទឹក​នេះ​មាន​ឈ្មោះថា ត្រពាំង​ម្លេ​ច​ដែលចាស់ៗបាន​ហៅតៗគ្នា​មកទល់ ពេលនេះ។ អាងទឹក​ម្លេ​ចនេះ​ត្រូវបាន​កសាងឡើង​វិញ​នៅ​ឆ្នាំ១៩៧៨ ក្នុងសម័យ​ប៉ុល ពត ។

បន្ទាប់មក​នា​ខែកញ្ញា​ឆ្នាំ ២០០៣ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​កសាង​ទំនប់​បង្ហៀរ​នេះ​ឡើងវិញ​ជាថ្មី​ម្ដងទៀត​ដែលមាន​ទំហំ ៥៥៧ ហិកតា​អាច​ផ្ទុក​ទឹកបាន​ប្រមាណ​ជាង ១១លាន​ម៉ែត្រគូប​ស្រោចស្រព​លើ​ផ្ទៃដី​បាន  ២.០០០ហិកតា​នា​រដូវវស្សា និង ៨០០ ហិកតា​នា​រដូវប្រាំង។

ការ​ប្រារព្ធ​ទិវា​មច្ឆា​ជាតិ​នា​ថ្ងៃទី ១ខែ កក្កដា ឆ្នាំ ២០១០ នៅ​អាងទឹក​ម្លេ​ចនេះ គឺជា​ការយក​ចិ​ត្ដ​ទុ​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​ឱ្យចូល​រួម​យ៉ាង​សម្ម​ក្នុងការ​ថែរក្សា​ពូជ​ត្រី​មាន​ក្នុង​ដែនទឹក​ធម្មជាតិ​ផង និង​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង​ជាពិសេស​តំបន់ភ្នំ និង​ទំនាប​វាលស្រែ ដែល​ស្ថិតនៅ​ជុំវិញ​ភូមិសាស្ដ្រ​នេះ​ផង។

នៅក្នុង​ទិវា​នា​ថ្ងៃនេះ ​យើង​នឹង​រៀបចំ​លែង​កូន​ត្រី និង​វា​រី​សត្វផ្សេងៗប្រមាណ​ជាង ១ លាន​ក្បាល​រួមមាន​ទាំង​អណ្ដើក កន្ធាយ កង្កែប អន្ទង់ បង្កង និង​ត្រី​ជាច្រើន​ប្រភេទ​ទៀត ដើម្បី​ធ្វើឱ្យ​អាងទឹក​ម្លេ​ចនេះ​សម្បូរ​ត្រី​ឡើងវិញ និង​ដើម្បី​បម្រើ​តម្រូវការ​ហូបចុក​រប​ស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ។

ឯកឧត្តមរដ្ឋមន្ដ្រី​បាន​បន្ដថា​ ​ការថែរក្សា​ការពារ​អភិរក្ស និង​ទប់ស្កាត់​បទល្មើស​ជលផល​ជា​ភារកិច្ច​រួម​ដែល​ទាមទារ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អាជ្ញាធរ​ដែន​ដី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ព្រោះ​សមត្ថកិច្ច​ជលផល​មិនមាន​កម្លាំង​គ្រប់គ្រាន់​ធ្វើ​ការងារ​ទាំងនេះ​តែម្នាក់ឯង​ឡើយ។

ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏បាន​លើកឡើង​អំពី​របាយ​ការ​ណ៏​សង្ខេប​អំពី ការ អភិវឌ្ឍ​ន៏​វិស័យ​ជលផល​រយះពេល១០ឆ្នាំក្រោយ​កំណែទម្រង់ ជាពិសេស១ឆ្នាំ​ចុង​ក្រោយនេះ​ថា រដ្ឋបាល​ជលផល​ក្រុមការងារ​បច្ចេកទេស​ជ​ល​ផល​ចម្រុះ​បាន​ពិភាក្សាគ្នា​យ៉ាង​ផុសផុល ​ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ជលផល​រយះពេល១០ឆ្នាំ (២០១០-២០១៩) និង​ក្រុម​ប្រតិ​ប​ត្ដិ​ជលផល​កម្ពុជា​ដោយ​ទទួលខុសត្រូវ ស្របតាម​សេចក្ដី​ថ្លែង​ការ​ណ៏​របស់​រាជរដ្ឋាភិបាល​ស្ដីពី​គោលនយោបាយ​វិស័យ​ជលផល​ជាតិ ​និង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៏​ជាតិ ២០០៩-២០១៣ បច្ចុប្បន្នភាព និង​យុទ្ធ​ចតុកោណ​របស់​រាជរដ្ឋាភិបាល។ ផែនការ​យុទ្ធសាស្ដ្រ​នេះ​នឹង​សម្រេច​ក្នុង​ចុងឆ្នាំ២០១០ នេះ។

ការធ្វើ​អាជីវកម្ម​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ ២០០៩ កន្លងទៅនេះ​ផល​នេសាទ​សរុប ចំនួន​ប្រមាណ ៥១៥ ពាន់​តោន ដែល​ក្នុងនោះ​ផល​នេសាទ​ទឹកសាប​មាន​ចំនួន ៣៩០ ពាន់​តោន​ផល​នេសាទ​សមុទ្រ​មាន​ចំនួន ៧៥ ពាន់​តោន និង​ផល​វារីវប្បកម្ម​មាន​ចំនួន ៥០ ពាន់​តោន ដែល​អាចបំពេញ​តម្រូវកា​រ​ត្រី​សាច់​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់ និង​មាន​សេសសល់​សម្រាប់ នាំចេញ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​បាន​មួយចំនួន​ទៀតផង។

ការងារ​វារីវប្បកម្ម គឺជា​អាទិភាព​ដ៏​ចម្បង ដែល​ក្រសួង​បាន​យក​ចិ​ត្ដ​ទុកដាក់​ជំ​រុញឱ្យ​រដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់​បំផុស​មុខ​ព្រួញ​នេះ​ឱ្យបាន​ខ្លាំងក្លា​ជាក់ស្ដែង​រដ្ឋបាល​ជលផល​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​ចិញ្ចឹម​ត្រី ​ចំនួន២៦៨វគ្គ​ជូន​ដល់​កសិករ​ចំនួន៥.៦៦៨គ្រួសារ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ចំនួន៦០វគ្គ​ទៀត​សម្រាប់​គ្រូ​បង្គោល​ផ្សព្វផ្សាយ​វារីវប្បកម្ម១.៨០០នាក់ និង​ជំរុញ​ការសាងសង់​កន្លែង​ភ្ញាស់​ត្រី​បាន​ចំនួន២២៥កន្លែង ​ដែលមាន​សមត្ថភាព​ផលិត​កូន​ត្រី​គ្រប់​ប្រភេទ​ប្រមាណ១០០លាន​ក្បាល​ក្នុង១ឆ្នាំ។

ការអភិរក្ស​ជលផល​រដ្ឋបាល​ជលផល​ក៏បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព និង​ការទទួលខុសត្រូវ​ច្បាស់លាស់ ដែល​ក្នុងនោះ​សកម្មភាព​ជាសំខាន់ គឺ​បាន​ផ្ដោតទៅលើ​ការ​ចងក្រង​ច្បាស់ និង​លិខិតបទដ្ឋានផ្សេងៗដែល​ពាក់ព័ន្ធ​នឹង​ការងារ​អភិរក្ស ​និង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​ដើម្បី​ធានា​ការអភិរក្ស​ប្រកបដោយ​និរន្ដរភាព។

ជាក់ស្ដែង​រដ្ឋបាល​ជល​ផល​ក៏បាន​ខិតខំ​ការពារ និង​អភិរក្ស​ប្រភេទ​ត្រី ​និង​វា​រី​សត្វ​ជិត​ផុត​ពូជ​មួយចំនួន​ ដូចជា​ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់ ផ្សោត ក្រពើ ពស់ អណ្ដើក កន្ធាយ ។ល។ ទន្ទឹមនេះ​រដ្ឋបាល​ជល​ផល​ក៏បាន​រៀបចំ​ផែនការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​ផ្កាថ្ម​ស្មៅ​សមុទ្រ សេះ​សមុទ្រ​បាន​ចំនួន២.៥០០ហិកតា និង​បាន​បោះបង្គោល​បេតុង​ចំនួន១.៤៥០ដើម និង​ប្រអប់​បេតុង​ចំនួន៦០០ប្រអប់​នៅ​ខេត្ដ​កំពត ​និង​ខេត្ដ​កោះកុង ហើយ​បាន​បង្កើត​ក្រុម​ល្បាត ដើម្បី​ការពារ​កន្លែង​អភិរក្ស​ទាំងនេះ​ផងដែរ។

នាពេល​បច្ចុប្បន្ននេះ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ក៏បាន​បំផុស​ឱ្យ​សហគម​ន៏​នេសាទ​រៀបចំ​កន្លែង​អភិរក្ស​បាន​ចំនួន២២៩កន្លែង​ថែមទៀត និង​បំផុស​ឱ្យមាន​កន្លែង​លែង​ត្រី​មេ​ពូជ និង​កូន​ត្រី​នៅតាម​បណ្ដាល​ឡូ​ត៏​នេសាទ និង​តាម​កន្លែង​នេសាទ​សហគម​ន៏​បាន​ចំនួន​ជាង៤លាន​ក្បាល​ផងដែរ។

រដ្ឋបាល​ជលផល​ក៏បាន​ខិតខំ​រៀបចំ​បង្កើត​សហគម​ន៏​សរុប​ ចំនួន៤៦៩សហគម​ន៏ ហើយ​មាន​សមាជិក​ចូលរួម​ចំនួន​សរុប១២៦.៥៥០គ្រួសារ​ស្មើនឹង២៧៧.៣៥០នាក់ ដែលមាន​ទីតាំង​ក្នុង​ដែន​នេសាទ​ទឹកសាប​ចំនួន៤៣៤សហគម​ន៏ និង​តំបន់​ឆ្នេរសមុទ្រ​ចំនួន៣៥សហគម​ន៏។

ឯកឧត្តមរដ្ឋមន្ដ្រី​បានឱ្យដឹង​ទៀតថា ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​រដ្ឋបាល​ជលផល​នឹង​សហការ​រៀបចំ​ពិធី​លែង​ត្រី​ឆ្លងដែន​រួមគ្នា​ ជាមួយ​អគ្គនាយកដ្ឋាន​ជលផល​វៀតណាម និង​គណៈកម្មាធិការ​ទ​ន្លេ​មេគង្គ​នៅ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ដ​តាកែវ និង​ខេត្ដ​អាន​យ៉ាង ដោយ​ក្នុងថ្ងៃនេះ​ទៀតសោត​តំណាង​លេខាធិការដ្ឋាន​ នៃ​គណៈកម្មការ​ទន្លេមេគង្គ ក៏បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិ​ត្ដិ​យស និង​ដក​បទពិសោធ​ន៏​ក្នុង​ទិវា​មច្ឆា​ជាតិ​ថ្ងៃនេះ​ផងដែរ។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត​ឈានទៅរក​ការ​អនុវត្ដ​ន៏​កិច្ចសហប្រតិបត្ដិការ​ឆ្លង​ដែន​ក្នុងការ​អភិរក្ស​ធនធាន​ជលផល ដែល​កើតចេញពី​បទពិសោធ​ន៏​នៃ​ទិវា​មច្ឆា​ជាតិ​ដែល​យើង​កំពុង​រៀបចំ​ពេលនេះ​នឹង​បានរៀបចំ​ជា​ប្រពៃណី​កន្លងមក។

លោក ប៊ិន ឈិន បាន​មាន​ប្រសា​ស​ន៏​នៅក្នុង​ឱកាស​នោះ ដោយ​ធ្វើការ​អំពាវនាវ​ឱ្យមាន​ការទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក វាត​យក​ដី ព្រម​ទាំ​អ​ជំ​រុញឱ្យ​បន្ដ​រក្សា​ការពារ ព្រៃ​លិច​ទឹក ដើម្បី​រក្សា​ជម្រក​សម្រាប់​ត្រី​ពង​កូន​ការជីក​ស្រះ​អាង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក និង​ការកាប់​រាន​ព្រៃ​លិច​ទឹក​ដើម្បី​យក​ដី ជាមួយនេះ​ក៏ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​លើ​ការទប់ស្កាត់​បទល្មើស​នេសាទ។

លោក​បាន​មាន​ប្រសា​ស​ន៏​ថា មានព្រៃ​លិច​ទឹក គឺមាន​ត្រី អស់​ព្រៃ​លិច​ទឹក​គឺ​អស់​ត្រី ដូចនេះ​ត្រូវតែ​ថែរក្សា​ព្រៃ​លិច​ទឹក លោក​ក៏បាន​លើ​ល​ឡើង​ផងដែរ​ថា សកម្មភាព​កាប់​ដើម​រាំង​នាពេល​កន្លងមក​ក៏​ជា​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ផងដែរ ដូចនេះ​លោក​ក៏បាន​អំពាវនាវ ឱ្យ​មន្ដ្រី​មានអំណាច​ទាំងអស់ ដែល​ប្រ​ព្រឹ​ត្ដបទ​ល្មើស​សូមឱ្យ​គោរព​ចំពោះ​ច្បាប់​ដែលមាន​រួចមកហើយ​ដើម្បី​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ។

ជាមួយនេះ ​លោក​ក៏បាន​លើក​ទឹក​ចិ​ត្ដ​ផងដែរ ដល់​ការបង្កើន​ការយក​ចិ​ត្ដ​ទុកដាក់​ខ្លាំង​ថែមទៀត​ក្នុង​ការងារ​វារីវប្បកម្ម​និង​ការរក្សា​មេត្រី​ពូជ​ឱ្យមាន​បម្រុង​នៅក្នុង​ដែន​ឡូ​ត៏ នេសាទ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម