គណៈប្រតិភូសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម ដឹកនាំដោយលោកឡេ ខ្វាងធុង (LE QUANG THUNG) ប្រធានក្រុមប្រឹក្សា-ភិបាល អមដំណើរដោយ ប្រធានក្រុមហ៊ុន ចំនួន១៣ក្រុមហ៊ុន ដែលស្ថិតនៅក្នុងសម្ព័ន្ធ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែង ការគួរសម និងរាយការណ៏ជូនសម្ដេច អំពីការរីកចម្រើននៃការវិនិយោគ ដំណាំកៅស៊ូនៅព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមិថុនា នៅភូមិគ្រឹះវិមានឯករាជ្យ។
លោកស្រី ថាមរ៉ុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី បានប្រាប់អ្នកយកពត៌មានថា នៅក្នុងជំនួបនេះ លោកឡេ ខ្វាងធុង បានជម្រាបជូនសម្ដេច អំពីគម្រោងដាំដុះដំណាំកៅស៊ូ ក្នុងរយះពេល ៥ឆ្នាំ គិតពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១២ ឱ្យបានចំនួន១០ម៉ឺនហិកតា។
កន្លងមកក្រុមហ៊ុនធ្វើការដាំបានចំនួន ១ម៉ឺន ៥៩២ហិកតាហើយ។ នៅឆ្នាំ២០១០នេះ ក្រុមហ៊ុនមានគម្រោងដាំឱ្យបាន ចំនួន១៤.៤៧០ហិកតាទៀត ដែលសរុបទៅមានជិត ៣ម៉ឺនហិកតា នៅក្នុងឆ្នាំ២០១០ ហើយនឹងខិតខំដាំនៅក្នុងឆ្នាំ២០១១-២០១២បន្ថែមទៀត ដើម្បីឱ្យបានគ្រប់១០ម៉ឺនហិកតា។
ក្រុមហ៊ុនសម្ព័ន្ធសហគ្រាស កៅស៊ូវៀតណាម បានវិនិយោគដាំកៅស៊ូខេត្ដ ចំនួន៥ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺខេត្ដក្រចេះ មាន៣ក្រុមហ៊ុន, ខេត្ដកំពង់ធំ មាន៥ក្រុមហ៊ុន, ខេត្ដរតនគិរីមាន២ក្រុមហ៊ុន, ព្រះវិហារមាន២ក្រុមហ៊ុន និងស្ទឹងត្រែង មាន១ក្រុមហ៊ុន។
លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ការវិនិយោគដំណាំកៅស៊ូនៅកម្ពុជារយះពេល២ឆ្នាំមកនេះ បានចំណាយទុនវិនិយោគអស់ចំនួន ២០០លាន ដុល្លារហើយ ដើម្បីសម្រេចឱ្យបាន១០ម៉ឺនហិកតា ក្រុមហ៊ុនគ្រោងនឹងចំណាយទុនវិនិយោគ ពី៨០០លាន ទៅ១.០០០ដុល្លារអាមេរិក។
លោកប្រធានគណៈប្រតិភូ បានសម្ដែងនូវការរីករាយ ចំពោះស្ថានភាពដីនៅកម្ពុជា, ព្រោះដីកន្លែងខ្លះនៅកម្ពុជា វាមានភាពស្រដៀងគ្នានឹងដីនៅវៀតណាមដែរ ដូច្នេះលោកមានភាពងាយស្រួល ក្នុងការជ្រើសរើសពូជល្អៗ សម្រាប់ដាំដុះហើយ នឹងត្រូវការកម្លាំងពលកម្ម រហូតដល់ទៅ៤-៥ម៉ឺននាក់ និងអាចនាំទាំងក្រុមគ្រួសាររហូតដល់ទៅ៤-៥ម៉ឺនគ្រួសារផងដែរ ដែលជាផលប្រយោជន៏ដ៏សំខាន់សម្រាប់កម្ពុជាក្នុងការស្វែងរក ការងារធ្វើ។
លោកបានបញ្ជាក់ថា ដោយសារតែកៅស៊ូបានផ្ដល់នូវផលប្រយោជន៏សេដ្ឋកិច្ចខ្ពស់ ជាងដំណាំផ្សេងៗនោះ នឹងធ្វើឱ្យតំបន់ដាំដំណាំ កៅស៊ូក្លាយទៅជាតំបន់ឧស្សាហកម្មដ៏ធំ ហើយនឹងផ្ដល់ផលប្រយោជន៏ ដល់ប្រជាជន រួមចំណែកដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ហើយទៅថ្ងៃក្រោយកម្ពុជា នឹងមានកៅស៊ូ ច្រើនជាងប្រទេសវៀតណាមទៅទៀត។
បើតាមការឱ្យដឹង ពីឯកឧត្តមបណ្ឌិត ច៏ន្ទ សារុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆ្នាំ២០១០ កម្ពុជានឹងមានកៅស៊ូរហូតដល់ទៅចំនួន២៥ម៉ឺនហិកតា។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណចំពោះរបាយការណ៏រីកចម្រើន ព្រមទាំងបានផ្ដល់អនុសាសន៏មួ យចំនួន ដល់ក្រុមហ៊ុនចម្ការកៅស៊ូ ឱ្យជួយទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងចូលរួមថែរក្សាព្រៃ ដែលរដ្ឋរក្សាទុក ព្រោះការដាំកៅស៊ូនេះ គឺដាំជារបៀបស្បែកខ្លា មានន័យថាការដាំកៅស៊ូ គឺស្ថិតតែលើដីព្រៃដែលរិចរិលតែប៉ុណ្ណោះ និងសុំឱ្យ កែច្នៃឈើព្រៃ ដែលរិចរិលទាំងនោះ ទាំងឫសក្ដី ឱ្យអស់លទ្ធភាព សម្រាប់ធ្វើការនាំចេញ ដោយមានការបង់ពន្ធ ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវរក្សាសុខដុមនីយកម្មជាមួយប្រជាជនក្នុងភូមិ និងតំបន់ក្បែរៗនោះ ឱ្យបានល្អឱ្យប្រជាជន ដែលរស់នៅក្បែរនោះ បានទទួលផលប្រយោជន៏ ពីការអភិវឌ្ឍន៏ដាំដុះដំណាំកៅស៊ូនៅទីនោះ និងលើកទឹកចិត្ដឱ្យកសិករ ដែលធ្លាប់ដាំដំណាំផ្សេងៗ ដែលមិនសូវបានផល ឱ្យប្រែក្លាយទៅជាការដាំកៅស៊ូនិងបានផលលក់ឱ្យក្រុមហ៊ុនវិញ។
ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុនសែន បានសន្យាឆ្លើយតបតាមការអញ្ជើញទុកជាមុនរបស់ក្រុមហ៊ុន នៅពេលកៅស៊ូបានផល សម្ដេចនឹងផ្ដល់កិតិ្ដយសអញ្ជើញទៅចៀរជ័រកៅស៊ូនៅក្រុមហ៊ុនវិនិយោគចម្ការកៅស៊ូខាងលើនេះ៕






