ក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១០ នៅភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះមហាក្សត្រ បរមនាថ នរោត្តមសីហមុនី នៃយើងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍កម្ពុជា ជាតិ និងអន្តរជាតិទាំងអស់ សូមបន្តជួយឧបត្ថម្ភហិរញ្ញវត្ថុនិងបច្ចេកទេសសម្រាប់កែទម្រង់ព្រៃឈើនៅកម្ពុជាអោយមាននិរន្តភាព ទុកសំរាប់កូនចៅជំនាន់ក្រោយ។
ក្រៅពីនេះព្រះអង្គ បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុម័តច្បាប់ស្ដីពីព្រៃឈើ និងកោតសរសើរចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព សំរាប់ទប់ស្កាត់រាល់បទល្មើសព្រៃឈើឱ្យទាន់ពេលវេលា។
ព្រះអង្គ ក៏បានមានបន្ទូលសំណូមពរដល់បងប្អូនមួយចំនួន ដែលកំពុងប្រកបរបរកាប់ឈើ និងរបររុករកផល រឺអនុផលព្រៃឈើ បង្វែរមកធ្វើកសិកម្ម ដាំដុះ និងចិញ្ចឹមវិញ។ ទ្រង់បន្តសំណូមពរ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខិតខំបណ្ដុះកូនឈើគ្រប់ប្រភេទឱ្យបានគ្រប់ខេត្តក្រុង ដើម្បីចែកជួនប្រជាពលរដ្ឋ។ ជាទីបញ្ចប់ព្រះអង្គ ក៏បានឧទ្ទិសបុណ្យរុក្ខទិវានេះ ជាសកម្មភាពប្រវត្តិសាស្ត្រ ជានិរន្តរបស់មនុស្សជាតិ ដើម្បីចូលរួមដាំដើមឈើ ជាប្រយោជន៍ជួយទ្រទ្រង់ជីវិតយើង ក៏ដូចជាផែនដីពីគ្រោះមហន្តរាយធម្មជាតិ។
ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៏ថា ឆ្នាំ២០១០នេះយើងមានគំរោងដាំដុះឈើជាចំការឈើរដ្ឋមានចំនួន១១២០ហិកតា ហើយសួនបណ្ដុះកូនឈើរបស់រដ្ឋបាលព្រៃឈើ ផ្នែកឯកជននិងសួនបណ្ដុះកូនរបស់សម្ដេចតេជោហ៊ុន សែន បណ្ដុះកូនឈើបានចំនូន៥លានដើម សំរាប់ចែកជូនប្រជាពលរដ្ឋ និងសាធារណជនដាំដុះទៅតាមតំរូវការ។
ឯកឧត្ដមរដ្ឋមន្ដ្រីថ្លែងបន្ដទៀតថា ចំពោះការងារដាំដើមឈើ និងស្ដារព្រៃឈើឡើងវិញយើងដាំឈើជាចំការដោយរដ្ឋបាលព្រៃឈើ ក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋ និងកងយោធពលខេមរភូមិន្ទ បានចំនួន៥៩១១២ហិកតា និងដាំក្រោមរូបភាពចលនាប្រជាជនបានជាង៥៨លានដើម ។
ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន បានមានប្រសាសន៏ថា នៅឆ្នាំ២០១០នេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បានសហការជាមួយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទបានបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំ នៅក្នុងទូទាំងប្រទេសដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភា សំរេចធ្វើការបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ និងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ បានចំនួន៣៧១សំណុំរឿង ក្នុងនោះចាប់ឃាត់ឈើគ្រប់ប្រភេទ ចំនួន៦៧៥ម៉ែត្រគូប សសរមូលចំនួន២២៤៥ដើម និងមធ្យោបាយដឹកជញ្ជូនមួយចំនួនទៀត និងបានធ្វើការរុះរើរោងម៉ាស៊ីនអារឈើល្មើសច្បាប់ ចំនួន៥កន្លែង រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ ចំនួន៣កន្លែង កំទេចឡធ្យូងខុសច្បាប់ចំនួន៣៤៧កន្លែង ចាប់ឃាត់ខ្លួនជនល្មើសបញ្ជូនទៅសាលាដំបូងចំនួន៤២នាក់ និងធ្វើការចោទប្រកាន់ចំឈ្មោះចំនួន១៦៩នាក់ ព្រមទាំងបានចាត់វិធានការរដ្ឋបាលចំពោះមន្ដ្រីរាជការអសកម្មមួយចំនួន ។
ឯកឧត្ដមរដ្ឋមន្ដ្រីថ្លែងទៀតថា យើងក៏បានធ្វើការប្រមូលផ្ដុំរណារយន្ដកាត់អារឈើ ដែលបានដកហូតនៅទូទាំងប្រទេស និងបានរៀបចំពិធីកំទេចរណារយន្ដកាត់អារឈើចំនួន៤១១៦គ្រឿងនៅខេត្ដកំពង់ធំ ក្រចេះ កោះកុង និងរាជធានីភ្នំពេញផងដែរ។
របាយការណ៏ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា លើការសិក្សានិងអភិរក្សសត្វព្រៃឈើ ក៏បានសហការជាមួយដៃគូរអន្ដរជាតិធ្វើការស្រាវជ្រាវរកឃើញ និងកត់ត្រានូវប្រភេទសត្វព្រៃសំខាន់ៗ ដែលកំពុងមានវត្ដមាននៅព្រះរាជាណាច្រកម្ពុជាចំនួនជាង១២០០ប្រភេទ ក្នុងនោះមានថនិកសត្វ១២៥ប្រភេទ សក្សីសត្វ៦៣០ប្រភេទ ប្រភេទល្មូន១១៤ប្រភេទ ថមលជលិកសត្វ៤០ប្រភេទ សត្វល្អិត និងមេអំបៅ៣០០ប្រភេទ និងរុក្ខជាតិជាង១៥ពាន់ប្រភេទ ។
ក្រសួងកសិកម្មក៏បានអភិរក្ស និងធ្វើវិបុលកម្មសត្វព្រៃនៅឧទ្យានសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយថែរក្សាសត្វព្រៃ ចំនួនជាង១៥០០ក្បាល ដែលមានជាង៩៥ប្រភេទផ្សេងៗពីគ្នា ។ របាយការណ៏នោះនិយាយទៀតថា ដើម្បីធានាសិទ្ធប្រើប្រាស់ផលអនុផលព្រៃឈើជាប្រពៃណីរបស់សហគមន៏មូលដ្ឋាន សហគមន៏ព្រៃឈើចំំនួន៤២៤កន្លែង ត្រូវបង្កើតឡើងនៅក្នុងខេត្ដចំនួន២០ គ្របដណ្ដប់លើផ្ទៃដីចំនួនជាង៣៩ម៉ឺនហិកតាត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងកសិកម្ម៕






