កសិករចំនួន១.៣១៤គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកជីក្រែង បានទទួលស្រូវពូជ និងជីកសិកម្មរបស់គម្រោង បង្កើនសន្ដិសុខស្បៀងសម្រាប់គ្រួសារកសិករដែលរងឥទ្ធិពលដោយសារការឡើងថ្លៃស្បៀងអាហារ (Improve the food security of farming families affected by volatile food prices) ក្រោមការគាំទ្រពីអង្គការ FAOនិង EU ពិធីនេះបានប្រព្រឹត្ដទៅ នៅស្រុកជីក្រែង ខេត្ដសៀមរាប ក្រោមការចូលរួមរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងនាពេលនោះ ឯកឧត្តមរដ្ឋមន្ដ្រីថ្លែងអំណរគុណ ដល់សហគមន៏អឺរ៉ុប និងអង្គការ FAO ព្រមទាំងដៃគូអភិវឌ្ឍន៏ ដែលបានជួយផ្ដល់ពូជស្រូវ និងជីកសិកម្មនាពេលនេះ ហើយនេះចាត់ទុកថា ជាសកម្មភាពមួយ ដ៏មានសារសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលចូលរួមចំណែក ដល់ការកែលម្អពូជ ដើម្បីបង្កើននូវទិន្នផលដែលឈានទៅរកការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមរដ្ឋមន្ដ្រីបានរំលឹកដល់កសិករ នូវព្រឹត្ដិការណ៏សំខាន់ៗ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺពិធីសម្រក់ទៀនេះជ័យនាព្រះរាជពិធីបិណ្យអ៊ុំទូក បណ្ដែកប្រទីប អកអំបុក និងសំពេះព្រះខែដែលបានទស្សន៏ទាយថា នៅដើមរដូវមានភ្លៀងមធ្យមចំណែកពាក់កណ្ដាលចុងរដូវមានភ្លៀងច្រើន។ ព្រឹត្ដិការណ៏មួយទៀត គឺក្នុងពិធីច្រត់ព្រះនង្គ័លឃើញថា គោស៊ីពោត និងសណ្ដែក ដោយអត់ស៊ីស្រូវសោះ។ ដែលនេះជាប្រពៃណី និងការទស្សន៏ទាយមួយ ប៉ុន្ដែការសំខាន់ក្នុងការធ្វើស្រែ គឺត្រូវពឹងលើដៃរាប់លានគូ និងការខិតខំប្រឹងប្រែងដោយខ្លួនឯង។
កាលពីឆ្នាំទៅ គោស៊ីតែពោត និងសណ្ដែកដូចឆ្នាំនេះដែរ តែយើងសល់ស្រូវជាអ ៣,៥លានតោន។ ដូចនេះប្រសិនបើកសិករខិតខំបង្កបង្កើនផលទៀតនោះ យើងនឹងសល់ស្រូវទៀត។ ដើម្បីធ្វើស្រែឱ្យទទួលបានផលខ្ពស់ឯកឧត្តមរដ្ឋមន្ដ្រីបានធ្វើការណែនាំមួយចំនួនដែលក្នុងនោះមានការជ្រើសរើសពូជ ប្រើប្រាស់ របៀបធ្វើដី របៀបសាប ស្ទូង ថែទាំ ការប្រើជីនិង ការទុកដាក់ពូជាដើម។
ស្រូវពូជ និងជីដែលផ្ដល់ជូននោះមានស្រូវសែនពិដោរ និង ផ្ការំដួលក្នុងមួយគ្រួសារទទួលបានស្រូវ ពូជ ២០គីឡូក្រាម និងជីបីប្រភេទ គឺជីអ៊ុយរ៉េ ជីដេអាប៉េ និងជីអឹមអូប៉េ ។ ឯកឧត្តមរដ្ឋមន្ដ្រីបានរំលឹកថាទោះជាបានជីគីមីក្ដីតែកុំភ្លេចប្រើជីធម្មជាតិ។ព្រោះប្រសិនបើយើងប្រើជីគីមីច្រើនពេកស្រូវយើងលែងក្រអូបនិងលែងទន់ទៀតហើយ។គួររំលឹកថា ពិធីនេះបានធ្វើកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅនេះ៕






