រដ្ឋមន្ដ្រី​កសិកម្ម​កម្ពុជា​អំពាវនាវ​វៀតណាម​ឱ្យ​វិនិយោគ​លើ​វិស័យ​កសិកម្ម

អ៊ីមែល បោះពុម្ព PDF

ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ ​បាន​ជំរុញ​បាន​អំពាវនាវ ឱ្យ​វិនិយោគិន​វៀតណាម​កាន់តែច្រើន​មក​បោះទុន​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ សំណូមពរ​នេះ​ត្រូវបាន ឯកឧត្ដមរដ្ឋមន្ដ្រី​ផ្ដាំផ្ញើ​តាម​គណបក្ស​ប្រតិភូ​ជាន់ខ្ពស់​វៀតណាម​មួយក្រុម ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។

កាលពី​រសៀល​ថ្ងៃទី៦ មិថុនា ​ម្សិលមិញ​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​​បានទទួល​ជួប​គណៈប្រតិភូ​នៃ​ប្រទេស​វៀតណាម​ដែល​ដឹកនាំ​ដោយ ​លោក​ដាង ​វូ​មិញ (Dang Vu Minh) ជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុ​ម្មុនី​ស​វៀតណាម ​និង​ជា​ប្រធាន​គណៈកម្មការ​វិទ្យាសាស្ដ្រ​បច្ចេកទេស​ និង​បរិស្ថាន​នៃ​សភា​វៀតណាម។ ជំនួប​បាន​អនុញ្ញាតឱ្យ​ភាគី​ទាំងពីរ​ផ្លាស់ប្ដូរ​យោបល់​គ្នា ​និង​ផ្ដោត​អារ​ម្ម​ណ៏​ទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​រ​វាង​ប្រទេសជិតខាង​ទាំងពីរ​ក្នុង​វិស័យ​កសិកម្ម។

នៅ​ចំពោះមុខ​ប្រតិភូ​វៀតណាម ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​បាន​ជម្រាប​ជួន​ភ្ញៀវ​អំពី​ស្ថានភាព​នៃ​ការផលិត​ស្រូវ​នៅ​កម្ពុជា។ ឯកឧត្ដម រដ្ឋមន្ដ្រី​បាន​មាន​ប្រសា​ស​ន៏​ថា​រដ្ឋាភិបាល​កម្ពុជា​ក្លាយជា​ជង្រុក​ស្រូវ​នៃ​ការនាំចេញ​ស្រូវ ​និង​អង្ករ​ចេញទៅ​កាន់​ពិភពលោក​នៅ​ឆ្នាំ២០១៥ ។ ត្រង់ចំណុច​នេះ​ប្រធាន​គណៈប្រតិភូ​វៀតណាម​ លោក​ដាង ​វូ​មិញ​ ក៏បាន​អត្ថាធិប្បាយ​ស្រដៀង​គ្នា​ដែរ។ លោក​ ដាង ​វូ​មិញ ​បាន​ថ្លែងថា ​លោក​សង្ឃឹមថា​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម ​នឹង​ក្លាយជា​ជង្រុក​ស្រូវ​ដ៏​ធំ​របស់​ពិភពលោក។

ស្ដីពី​ស្ថានភាព​ផលិតផល​ស្រូវ​របស់​កម្ពុជា ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់​ថា ​នៅ​ឆ្នាំ២០០៩ កម្ពុជា​សម្រេចបាន​ទិន្នផល​ស្រូវ​ចំនួន៧,៥៨លាន​តោ​ត ​នៅលើ​ផ្ទៃដី​បង្កបង្កើនផល២,៩លាន​ហិកតា។ ក្នុងនោះ​ក្រៅពី​ការប្រើប្រាស់​បរិភោគ​កម្ពុ​ជា​នៅសល់​ស្រូវ​ប្រមាញ់៣,៥លាន​តោន​គិត​ជា​អង្ករ​ គឺជា​ង២លាន​តោន​សម្រាប់​នាំចេញ។

ទាក់ទង​នឹង​ការវិនិយោគ​របស់​ប្រទេស​វៀតណាម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឯកឧត្ដមរដ្ឋមន្ដ្រី បាន​រំលឹក​ដល់​ការបោះ​ទុនវិនិយោគ ​លើ​ការផលិត​ជីរ​បស់​ក្រុមហ៊ុន​វៀតណាម​ហើយ​ ថា​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្ដិការ ​ក្រសួងកសិកម្ម នៃ​ប្រទេស​ទាំងពីរ ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានសម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វៀតណាម​ដើម្បី​ដាំ​កៅស៊ូ ។ តាម​ផែនការ​ក្នុង​ឆ្នាំ២០១២ក្រុមហ៊ុន​វៀតណាម ក្រោម​សម្ព័ន្ធ​សហគ្រាស​កៅស៊ូ​វៀតណាម​នឹង​ដាំ​កៅស៊ូ​ឱ្យបាន​គ្រប់១០០.០០០ហិកតា ។  ក្រុមហ៊ុន​វៀតណាម​ទាំងនោះ​គ្រោង​នឹង​បង្កើត​រោងចក្រ​ក្នុងតម្លៃ៨០០លាន​ដុល្លារ​ផងដែរ។

ជាការ​ឆ្លើយតប ​លោក​ដា​ង ​វូ​ង​មិញ ​បាន​កោតសរសើរ​អំពី​សហ​ប្រតិ​ប​ត្ដិ​ការ ដែល​មាន​រួចហើយ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​កសិកម្ម។ ទាក់ទង​នឹង​បញ្ហា​ស្បៀង​ លោក​ដាង ​វូ​មិញ ​បាន​ថ្លែងថា​លោក​បាន​នឹកឃើញ​ដល់​ស្ថានភាព នៃ​ប្រទេស​ទាំងពីរ​កាលពី២៥ឆ្នាំមុន​ដែល​ខ្វះខាត​ស្បៀង​សម្រាប់​បរិភោគ។ ​ប៉ុន្ដែ​ក្នុងពេល​បច្ចុប្បន្ននេះ​ប្រទេស​ទាំងពីរ​មាន​ស្រូវ​អង្ករ​សម្រាប់​នាំចេញ​ទៀត។ ប្រធាន​គណៈប្រតិភូ​វៀតណាម​បាន​ថ្លែងថា​លោក នឹង​ខិតខំ​ធ្វើយ៉ាងណា​ជំរុញ​សហ​ប្រតិ​ប​ត្ដិ​ការបន្ថែម​ទៀត​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​កសិកម្ម​នេះ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម