ជួប​កសិករ​ធ្វើ​ប.វ.ស នៅ​ត្រពាំង​ព្រះ

អ៊ីមែល បោះពុម្ព PDF

កាលពី​ថ្ងៃទី០៩ ខែកក្កដា ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ អមដំណើរ​ដោយ​អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ក្រសួង ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី បច្ចេកទេស​មួយចំនួន បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការធ្វើ​ស្រូវ​ប.វ.ស និង​ចែក​ពូជស្រូវ​សែន ពិដោរ​ព្រម ទាំង​សំណេះសំណាល​ជាមួយ​ប្រជាជន​ចំនួន៧៨គ្រួសារ នៅ​ភូមិ​ត្រពាំង​ព្រះ សង្កាត់​កណ្តោលដុំ ក្រុង ច្បារមន។

នៅ​ទីនោះ​ឯកឧត្តម​បាន​ស្តាប់​នូវ​អ្វីដែល​មន្ត្រី​ជំនាញ អាជ្ញាធរ និង​កសិករ ដែល​លើកឡើង​អំពី ការងារ​បង្កបង្កើនផល​របស់​ពួកគេ ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន ដែល​តែងតែ​កើតឡើង​នៅក្នុង​រដូវ បង្កបង្កើនផលម្តង។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ ចំពោះ​កសិករ​នៅ​ភូមិ​ត្រពាំង​ព្រះ ដែល​បាន​ផ្លាស់ប្តូរ​ទម្លាប់​នៅក្នុង​ការធ្វើ​ស្រែ ពិសេស​ការអនុវត្ត​ប.វ.ស។ លោក​ជម្រុញ​ឱ្យ​ពង្រីក​ការធ្វើ ប.វ.ស នេះ​ទៅកាន់​កសិករ​ផ្សេងទៀត​នៅក្នុង​មូលដ្ឋាន។

 

ក្នុងជំនួប​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន ជម្រាប​ពី​ប្រ​វិត្ត និង​អត្ថន័យ​ពូជស្រូវ​សែន ពិដោរ ដែល​ពូជ​នោះ​ជា​ពូជស្រូវ​ស្រាល​ក្រអូប ដែល​បានធ្វើ ការបញ្ចេញ និង​ផ្សព្វ​ផ្សារ​ឱ្យប្រើ​ប្រា​ស់នា​ឆ្នាំ២០០។ ពូជស្រូវ​នេះ​ផ្តល់​ទិន្នផល​ខ្ពស់ មាន​ក្លិនក្រអូប គុណភាព​អង្ករ​ល្អ​បាយ​ទន់​ឆ្ងាញ់។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពន្យល់​អំពី​វិធិ​សាស្ត្រ​កំចាត់​ខ្យង​មាស និង​ផ្តល់នូវ​មតិ​មួយចំនួន ដែល​ក្នុង នោះ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​កសិករ​នៅ​ទីនោះ ក៏ដូចជា​កន្លែង​ផ្សេងទៀត សុំ​កុំ​ពឹងផ្អែក​តែ​លើ​ស្រូវតែមួយ​មុខ។ នៅ​ជុំវិញ​ផ្ទះ​គួរ​ដាំ​ដំណាំ​បន្លែ គ្រឿងទេស​គ្រប់មុខ។ កសិករ​ត្រូវ​សន្សំ​ជីធម្មជាតិ ដែល​មាននៅ​ជុំវិញខ្លួន ដូចជា​សំរាម កាកសំណល់​ផ្ទះបាយ ស្លឹក​សង្កែ លាមក​សត្វ។ល។ ហើយ​ធ្វើ រោង​ដាក់​ជី។ ធ្វើស្រែ​ត្រូវ​ចុះ​ស្រែ​ជាប្រចាំ សំខាន់​តាមដាន​សុខភាព និង​ការវិវត្តន៍​ស្រូវ។ កុំ​សម្លាប់សត្វ ល្អិត​មាន​ប្រយោជន៍។ ក្នុង​ពិធី​នោះ រដ្ឋមន្ត្រី​បានផ្តល់​ពូជស្រូវ​សែន​ពិដោរ១២គីឡូក្រាម​ក្នុង​មួយ​គ្រួសារ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម