ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់កសិករថា ការជំរុញការកាត់បន្ថយបន្ថយភាពក្រីក្រ គឺជាគោលបំណង ដែលប្រមុខរាជរដ្ឋាភិបាលចង់បាន និងកំពុងជំរុញ។ ដោយឡែកសម្រាប់កសិករ ការបង្កើតមុខរបរថ្មី បន្ថែមការប្រែក្លាយស្រូវ ឱ្យក្លាយទៅជាមាសស គឺជាប្រការដែលត្រូវប្រឹងប្រែងជំរុញ។
នៅចំពោះមុខកសិករជាច្រើនរយនាក់ ដែលមកទទួលអង្ករពលកម្ម ចំនួនជាង៦តោនកន្លះនៅភូមិអម្ពិល ឃុំលាយបូរ ស្រុកត្រាំកក់ កាលពីថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឯកឧត្តមបណ្ឌិត ច័ន្ទសារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានមានប្រសាសន៏ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងគឺសំណូមពរ និងខិតខំយ៉ាងណា ឱ្យឆ្នាំ២០១៥ខាងមុខ កម្ពុជាមានលទ្ធភាពនាំចេញអង្ករ យ៉ាងហោចណាស់ ឱ្យបាន១លានតោន។
ដើម្បីសម្រេចបានបែបនេះ កម្ពុជាយើងពិសេសកសិករយើង ចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទម្លាប់ពីការធ្វើស្រែមួយឆ្នាំម្ដង មកធ្វើឱ្យបាន២ដង ទៅ៣ដង ក្នុងមួយឆ្នាំជាមួយ នឹងការផ្លាស់ប្ដូរបច្ចេកទេសពូជ និងឥរិយាបថផ្ទាល់របស់កសិករ ដោយមានការជួយជំរុញពីមន្ដ្រីជំនាញកសិកម្ម និងមន្ដ្រីក្រុមការងារដែលបានចុះជាប់ជាប្រចាំ។ឯកឧត្ដមរដ្ឋមន្ដ្រីបានបន្ដទៀតថា ដើម្បីផលិតកម្មកសិកម្មរីកចម្រើនជីវភាពប្រជាជនកាន់តែប្រសើរ ពោលការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបាននោះ គឺមានតែការជំរុញធ្វើឱ្យស្រូវក្លាយ ទៅជាមាស-សពិតប្រាកដ ហើយកសិករត្រូវមានទស្សនៈថ្មីថា មិនមែនធ្វើស្រែដើម្បីហូបតែមួយមុខទេ គឺធ្វើស្រែសម្រាប់ការធ្វើពាណិជ្ជកម្ម។ កសិករធ្វើខ្លួនឱ្យក្លាយទៅជាអ្នកលក់កសិផលដោយសម្បូរបែប និងមានទ្រង់ទ្រាយធំ។
អ្នកឃុំលាយបូរ បានទទួលប្រឡាយទឹកមួយខ្សែ ដែលមានប្រវែងជិត២គីឡូម៉ែត្រ។ ប្រឡាយនេះធ្វើឡើងក្រោមអង្ករពលកម្មរបស់ឯកឧត្ដរដ្ឋមន្ដ្រីកសិកម្ម។ ប្រឡាយនេះ នឹងបានជួយដល់អ្នកភូមិក្នុងការធ្វើស្រែនាឆ្នាំនេះ។ ឯកឧត្ដមរដ្ឋមន្ដ្រី បានប្រាប់កសិករថានៅកម្ពុជាយើងមានសក្ដានុពលខាងវិស័យកសិកម្ម តែអ្វីដែលជាបញ្ហាប្រឈមរបស់យើង គឺយើងនៅធារាសាស្ដ្រពុំទាន់គ្រប់គ្រាន់នៅឡើយ។ ឯកឧត្ដមបានអំពាវនាវដល់មន្ដ្រីការងារ រួមជាមួយអាជ្ញាធរប្រជាជននៅមូលដ្ឋានជំរុញការ កសាងធារាសាស្ដ្រការស្វះស្វែងរកប្រភពទឹក និងមានការគ្រប់គ្រងទឹកឱ្យបានល្អ ដើម្បីជំរុញផលិតកម្មកសិកម្មរបស់កសិករឱ្យមានការរីកចម្រើនឡើងថែមទៀត៕






