សហគមន៏ចម្រើនផលតាំងក្រសាំង នៃភូមិក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស បានទទួលការលើកទឹកចិត្ដពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយះនៃការផ្ដល់ពូជស្រូវ ពូជស្មៅគោ កូនជ្រូក និងការចូលរួមចាក់ថ្នាំការពារជំងឺគោ ក្របីនៅទីនោះផងដែរ។
មន្ដ្រីក្រសួងកសិកម្មបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានអញ្ជើញទៅកាន់សហគមន៏ខាងលើ និងជួបជាមួយសមាជិកសហគមន៏នេះចំនួន១៥០នាក់។ នាឱកាសនោះលោកប្រធានមន្ទីរកសិកម្មខេត្ដ បានរាយការណ៏ជូនឯកឧត្តមរដ្ឋមន្ដ្រីបានជ្រាបពីការងារចិញ្ចឹមសត្វនៅដើមរដូវវស្សាឆ្នាំនេះ ដែលឱ្យឃើញថាមានសន្ទុះល្អប្រសើរ។ ដោយឡែកលោកសូខនឫទ្ធីគុណ អគ្គនាយករងទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកសិកម្ម បានមានមតិផ្ដាំផ្ញើដល់សមាជិកសហគមន៏ទាំអស់ឱ្យខិតខំរួមសហការ និងសាមគ្គីផ្ទៃក្នុងល្អដើម្បីការអភិវឌ្ឍន៏សហគមន៏។
មន្ដ្រីដដែលបានឱ្យដឹងទៀត ថានៅទីនោះឯកឧត្តមរដ្ឋមន្ដ្រីបានទាញអារម្មណ៏សមជិកសហគមន៏ទាំងអស់ចូលចងចាំនូវ៣ចំណុចសំខាន់ៗ ដើម្បីឱ្យការងារកសិកម្មរបស់បងប្អូនមានការរីកចម្រើនធានាបាននូវសន្ដិសុខស្បៀងក្នុងគ្រួសារ និងកែប្រែជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ចំណុចសំខាន់ទាំងបីគឺ ទី១-ត្រូវប្ដូរទម្លាប់ពីការធ្វើកសិកម្ម ដើម្បីផ្គត់ផ្គង់តែក្នុងគ្រួសារដោយត្រូវធ្វើកសិកម្ម ដើម្បីពាណិជ្ជកម្មមានន័យធ្វើត្រូវធ្វើឱ្យលើសពីការផ្គត់ផ្គង់ក្នុងគ្រួសារសម្រាប់លក់ចេញ។ កសិករមិនត្រូវគិតត្រឹមតែសម្រាប់ការហូបចុកក្នុងគ្រួសារទៀតទេ។ ទី២-ត្រូវប្ដូរពូជស្រូវ ពូជសត្វ គ្រប់ប្រភេទ ដើម្បីធានាបាននូវផលិតកម្មទាំងបរិមាណនិងគុណភាពឆ្លើយតបទៅតាមតម្រូវការរបស់ទីផ្សារ និងទី៣-ត្រូវប្ដូរទម្លាប់នៃការងារធ្វើស្រែ ចិញ្ចឹមសត្វ ដែលធ្វើទៅតាមយថា ផលខ្វះការថែទាំ ការគ្រប់គ្រង ការយកចិត្ដទុកដាក់។
លោកបន្ដទៀតថា ការធ្វើស្រូវការជ្រើសរើសពូជ ទុកដាក់ពូជការងារទុកដាក់ក្រោយពេលប្រមូលផល។ល។ គឺជាការងារសំខាន់ណាស់។ការងារចិញ្ចឹមសត្វក៏ដូច្នេះដែរ ចិញ្ចឹមសត្វត្រូវគិតគូរពីចំណីការថែទាំសុខភាពអនាម័យការបង្កាត់ពូជ និងជ្រើសរើសពូជ ការចិញ្ចឹមសត្វក្នុងក្រោល ទ្រុងចងឱ្យបានត្រឹមត្រូវចៀសវាងលែងពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឆ្លងជំងឺបាត់បង់។ល។ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើសុំឱ្យមន្ទីរកសិកម្មខេត្ដក៏ដូចជាអគ្គនាយកដ្ឋានកសិកម្មចុះមកបង្រៀនសហគមន៏ឱ្យចេះគ្រប់គ្រងខ្លួនឯងទាំងការងារកសិកម្មឥណទានសហគមន៏ សន្សំប្រាក់។ល៕






