ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយ លោកអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង និងមន្ដ្រីថ្នាក់ដឹកនាំនាយកដា្ឋនជំនាញមួយចំនួន បានអញ្ជើញ ចុះពិនិត្យតំបន់ព្រៃស្រាវជ្រាវ នៃគម្រោងព្រៃឈើឡើងវិញ របស់រដ្ឋាភិបាលព្រៃឈើ នៅឃុំក្រយា ស្រុកនសន្ទុក ខេត្ដកំពង់ធំ កាលពីថ្ងៃទី២៧ ខែមិថុនា។
មន្ដ្រីខុទ្ទកាល័យ បានឱ្យដឹងថា ខណៈនៃការចុះទៅពិនិត្យនោះ ឯកឧត្តមមន្ដ្រី បានផ្ដល់នូវការរំលឹក ដល់មន្ដ្រីរដ្ឋបាលព្រៃឈើនៅទីនោះថា ដោយសារតំបន់នេះ ជាព្រៃចម្ការពូជឈើល្អមន្ដ្រី ត្រូវរៀបចំព្រំប្រទល់បោះបង្គោលព្រំ ដាក់ស្លាកសញ្ញា ឱ្យបានត្រឹមត្រូវ ប្រយោជន៏ដើម្បីបម្រើឱ្យការអភិរក្សផងការស្រាវជ្រាវផង។
ត្រូវដាក់ឆ្មាំយាមកាមឱ្យបានត្រឹមត្រូវ និងត្រូវដាក់គ្នាយាមល្បាត ឱ្យបានទៀងទាត់ ព្រោះការធ្វេសប្រហែស អាចបង្កើតឱ្យមានបញ្ហាបាន នៅពេលដែលបញ្ហានោះបានកើតឡើង។ ធ្វើបច្ចុប្បន្នភាពផ្ទៃដីចម្ការពូជនេះឡើងវិញ។ ជុំវិញឱ្យសហគមន៏នៅតំបន់នេះនាំគ្នាផលិតគ្រាប់ពូជ ឬបណ្ដុះកូនឈើលក់ចែកចាយឱ្យទៅសហគមន៏ផ្សេង។
ឯកឧត្តមបានបន្ដទៀតថាធ្វើព្រំចំពោះចម្ការពូជល្អៗ ដើម្បីរក្សាទុកប្រមូលយកគ្រាប់បណ្ដុះកូនធ្វើពូជ។ ឯកឧត្តមបន្ដថាកន្លងមកយើងនាំគ្នាដាំប៉ុន្ដែមិនបានថែទាំឱ្យបានដិតដល់ ធ្វើឱ្យកូនឈើងាប់ខ្លះដុះលូតលាស់មិនបានល្អបញ្ហានេះមន្ដ្រីត្រូវគិតគូរឡើងវិញដាំហើយត្រូវការពារឱ្យវារស់រានបានល្អ។
ឯកឧត្តមបន្ដទៀតថាដោយសារតំបន់នេះជាព្រៃស្រាវជ្រាវ ដូច្នេះគួរតែជំរុញការស្រាវជ្រាវឱ្យបានខ្លាំងក្លាជុំវិញឈើផលអនុផលព្រៃឈើ និងសត្វព្រៃសម្រាប់អង្គភាពពាក់ព័ន្ធ និងនិស្សិត៕






