ស្រូវពូជឈ្មោះសែនពិដោរ ដែលជាពូជស្រូវស្រាលចំនួន១តោនកន្លះ ត្រូវបានយកទៅផ្ដល់ជូនកសិករចំនួន១៥០គ្រួសារ ដែលកំពុងអនុវត្ដការធ្វើប្រពលវប្បកម្មតាមគោលការណ៏ធម្មជាតិហៅកាត់ថាប.វ.ស នៅភូមិឈូកខ្សាច់ ស្រុកបារាយណ៏ ដោយឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។
មន្ដ្រីខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ដ្រីបានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញទៅទីនោះ ដើម្បីលើកទឹកចិត្ដ ដល់កសិករដែលអនុវត្ដន៏ ប.វ.ស ក៏ដូចជាការលើកទឹកចិត្ដ ដល់កសិករនៅទីកន្លែងផ្សេងទៀត ឱ្យធ្វើការផ្លាស់ប្ដូរទម្លាប់ និងបច្ចេកទេស ក្នុងការធ្វើកសិកម្ម ប្រយោជន៏ដើម្បីឱ្យកសិករទទួលបានទិន្នផលខ្ពស់ និងមានចំណូលច្រើន។ ឯកឧត្តមបានបន្ដទៀតថាកសិករ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់បាន និងកំពុងអនុវត្ដប.ស.វប្រកបដោយជោគជ័យ។ ដូនេះឯកឧត្តមរដ្ឋមន្ដ្រី បានទៅទីនោះដើម្បីពិនិត្យមើលថា តើកសិករធ្វើត្រឹមត្រូវតាមបច្ចេកទេសឬអត់? មានអ្វីដែលត្រូវកែលម្អទាំងបច្ចេកទេស ទាំងស្មារតីពង្រីកការងារអនុវត្ដន៏ ប.វ.ស។
នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ដ្រី បានរំលឹកដល់កសិករ ឱ្យចាប់អារម្មណ៏ទៅលើចំណុចមួយចំនួន ដែលក្នុងនោះមានការប្រើប្រាស់ពូជដែលសុទ្ធល្អ ព្រោះធ្វើឱ្យទិន្នផលទិន្នផល កើនឡើងពី១៥ ទៅ២០ភាគរយ។ កាត់បន្ថយបរិមាណនៃការប្រើតាមរយះការប្រើប្រាស់ឧបករណ៏។ ការប្រើជីធម្មជាតិជំនួសជីគីមី។ ការថែទាំទឹក។ ការកម្ចាត់ស្មៅ និងសត្វល្អិតចង្រៃ។ ការប្រើប្រាស់ទឹក ការធ្វើដី ការសាប និងដកសំណាបយកទៅស្ទូង ដោយការសាបកុំរងចាំទឹកដែលធ្វើឱ្យសំណាប់ចាស់។ បើយកសំណាប់ចាស់ទៅស្ទូងត្រូវចាប់ធំ និងស្ទូងឱ្យញឹកទើបបានផល។
ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញឱ្យកសិករប្ដូរទស្សនៈ ពីការរំពឹងលើធ្វើស្រែតែមួយមុខ ដោយត្រូវបង្កើតមុខរបរផ្សេងទៀត ដូចជាដាំ ដំណាំ ចិញ្ចឹមសត្វ ឬអ្វីផ្សេងទៀត។ ឯកឧត្តមបានស្នើឱ្យមន្ទីរកសិកម្មខេត្ដ ត្រូវជ្រើសរើសកសិករគំរូ ដើម្បីធ្វើជាគ្រូបង្គោលក្នុងភូមិ ដោយបញ្ជូនឱ្យទៅសិក្សាយកបទពិសោធន៏នៅស្រុកត្រាំកក់ ឬតំបន់ផ្សេងៗ ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៏ សម្រាប់ការងារកសិកម្ម ដោយរាល់ការចំណាយជាបន្ទុករបស់ឯកឧត្តមរដ្ឋមន្ដ្រីផ្ទាល់៕






