ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលឹកដល់កសិករ នៅតំបន់ដែលធ្លាប់រងគ្រោះដោយសត្វមមាចត្នោត ឱ្យមានការប្រុងប្រយ័ត្នជាថ្មី ខណៈដែលពេលនេះជាពេលដែលតែងតែកើតឡើងនូវសត្វចង្រៃនេះ ។
ឯកឧត្ដម បានប្រាប់កសិករនៅ ឃុំសំរោង ស្រុកត្រាំកក់ ក៏ដូចជាសារជូនទៅកសិករ នៅតំបន់ផ្សេងទៀតថា តាមពិសោធន៏នាពេលកន្លងទៅ គឺនៅចុងខែកក្កដាតែងតែកើតឡើង នូវសត្វមមាចត្នោត ដូចនេះកសិករទាំងអស់ ពិសេសតំបន់ដែលធ្លាប់រងគ្រោះដោយសត្វល្អិតចង្រៃនេះ គឺត្រូវតែប្រុងប្រយ័ត្នទុកជាមុនឱ្យហើយ ។ ការត្រៀមលក្ខណៈដែលល្អបំផុត គឺឧស្សាហ៏ចុះទៅមើលស្រែឱ្យបានជាប់ជាប្រចាំដើម្បីសង្កេតមើលពីវត្ដមានរបស់វា ។ ប្រសិនជាកើតឡើងភ្លាមត្រូវតែកម្ចាត់វាពីដើមដៃឱ្យហើយកុំឱ្យវារាដាលធំទាន់ ។
ឯកឧត្ដម បានផ្ដល់ជាវិធីខ្លះ ទាក់ទងទៅនឹងការជម្នះសត្វមមាចត្នោតនេះថា គួរកុំប្រញាប់សាបស្រូវនៅពេលនេះ ។ ត្រូវចុះមើលស្រែ ឱ្យបានជាប់ជាប្រចាំ។ កុំប្រញាប់ចាប់សត្វមានប្រយោជន៏នៅក្នុងស្រែ ដូចជាកង្កែប គីង្គក់ ជាដើម ។ កុំបាចជីអ៊ុយរ៉េ ក្នុងរយះពេលនេះ ព្រោះស្រូវខ្ចីវាទាក់ទាញខ្លាំងណាស់សម្រាប់សត្វមមាចត្នោត ។
បើមានសត្វមមាចត្នោតកើតឡើង បើស្រែនោះមានទឹកត្រូវប្រើម៉ាស៊ីនដើម្បីបណ្ដេញវា។ បើស្រែនោះគោកត្រូវប្រើប្រេងកាត ដោយលាយជាមួយកន្ទស់បាចចូលទៅក្នុងស្រែ។ កសិករគួរប្រើពូជស្រូវណាដែលធន់ នឹងសត្វល្អិតនេះតាមរយៈការសង្កេតទៅលើការប្រើពូជពីឆ្នាំមុនពូជណាដែលធន់នឹងការបំផ្លាញនេះយើងគួរប្រើពូជនោះ ។
ឯកឧត្ដម រដ្ឋមន្ដ្រីបានចុះទៅទីនោះកាលពីដើមសប្ដាហ៏ដើម្បីចូលរួមសម្ភោធផ្លូវលំមួយខ្សែប្រវែងជិត២គីឡូម៉ែត្រជាមួយ នឹងការផ្ដល់កូនឈើនិងកូនដំណាំហូបផ្លែមួយចំនួនធំផង ៕






