ការ​ដាំ​ដើម​ឈើ​គឺ​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា

អ៊ីមែល បោះពុម្ព PDF

ឯក​ឧត្ដម​ បណ្ឌិត​ ច័ន្ទ​ សា​រុន​ រដ្ឋ​មន្រ្ដី​ក្រ​សួង​កសិ​កម្ម​​រុក្ខា​ប្រ​មាញ់​ និង​នេ​សាទ​ បាន​ជំ​រុញ​ឱ្យ​មាន​ចលនា​ដាំ​ដើម​ឈើ​ឱ្យ​បាន​ទូ​ទាំង​ប្រ​ទេស​ ពិ​សេស​នៅ​តាម​វត្ដ​អា​រាម​ ។ នា​ពាក់​កណ្ដាល​សប្ដាហ៏​នេះ​ឯក​ឧត្ដម​រដ្ឋ​មន្រ្ដី​ រួម​ជា​មួយ​លោក​ជា​អនុ​រដ្ឋ​លេ​ខា​ធិ​កា និង​មន្រ្ដី​ថ្នាក់​ដឹក​នាំ​នាយក​ដ្ឋាន​ជំ​នាញ​មួយ​ចំ​នួន​ បាន​អញ្ជើញ​ចូល​រួម​ជា​អធិ​បតី​ក្នុង​ពិ​ធី​ចែក​ និង​ដាំ​កូន​ឈើ ដោយ​មាន​ការ​ចូល​រួម​​ពី​លោក​ ខូយ សុ​ខា​ អភិ​បាល​ខេត្ដ​ និង​មន្រ្ដី​ទូ​ទាំង​ខេត្ដ​ប្រ​មាណ​ ២៥០ នាក់ ។

នា​ឱ​កាស​នោះ​លោក​អភិ​បាល​ខេត្ដ ​បាន​ថ្លែង​ថាការ​ងារ​ដាំ​កូន​ឈើ​នេះ​ គឺ​យើង​ទទួល​ខុស​ត្រូវ​​ទាំង​អស់​គ្នា មិន​មែន​ក្រ​សួង​ណា​មួយ​ ឬ​ស្ថា​ប័ន​ណា​មួយ​ទេ​។​ លោក​បាន​អំ​ពាវ​នាវ​​ដល់​​ជន​ដែល​កំ​ពុង​ប្រ​ព្រឹត្ដ​អំ​ពើ​ខុស​ច្បាប់​កាប់​ព្រៃ​ទន្រ្ទាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ ការ​ធ្វើ​អា​ជី​វកម្ម​ខុស​ច្បាប់​សុំ​ឱ្យ​ឈប់​ជា​បន្ទាន់​ និងរួម​មក​ជួយ​ការ​ពារ​ព្រៃ​ឈើ​យើង​វិញ ។

មាន​ប្រ​សាសន៏​នា​ឱ​កាស​នោះ ​ឯក​ឧត្ដម​រដ្ឋ​មន្រ្ដី​បាន​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំ​ណាក់​​សម្ដេច​ទាំង​បី​ ហើយ​បាន​រំ​លឹក​បន្ទូល​របស់​សម្ដេច​ព្រះ​ករុ​ណា​​ព្រះ​មហា​ក្សត្រ​កម្ពុជា​ក្នុង​ឱ​កាស​រុក្ខ​ទិ​វា​ ៩ កក្កដា​ ទាក់​ទង​ទៅ​នឹង​បញ្ហា​ព្រៃ​ឈើ​ ។ ឯក​ឧត្ដម​បាន​បន្ដ​ដោយ​លើក​ឡើង​ពី​សារ​សំ​ខាន់​របស់​ព្រៃ​ឈើ​ សម្រាប់​មនុស្ស​និង​សេដ្ឋ​កិច្ច​។ ឯក​ឧត្ដម​អំ​ពាវ​នាវ​ឱ្យ​ភ្ញាក់​រលឹក​ដាំ​ឈើ​ឱ្យ​បាន​ទូ​ទាំង​ប្រ​ទេស​ និង​គ្រប់​ពេល​វេ​លា​ ។ គ្រប់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ត្រូវ​សហការ​ជា​មួយ​ព្រះ​សង្ឃ​គ្រប់​វត្ដ​យក​កូន​គគីរ​ និង​ឈើ​ទាល​ទៅ​ដាំ​តាម​វត្ដ​ឱ្យ​បាន​គ្រប់​វត្ដ​ទូ​ទាំង​ប្រ​ទេល​ ។

មន្រ្ដី​គ្រប់រូប​ត្រូវ​មាន​ឯក​សារ​ស្ដី​ពី​ច្បាប់​​ព្រៃ​ឈើ​ក្នុង​ដៃ​ ដើម្បី​ជា​ត្រី​វិ​ស័យ​ក្នុង​ការ​បំ​ពេញ​ការ​ងារ​ ។​ ត្រូវ​ខិត​ខំ​រៀន​សូត្រ​បន្ថែម​ទៀត រៀន​ឱ្យ​ចេះ​ប្រា​កដ​ទើប​អនុវត្ដ​ការ​ងារ​មាន​ប្រ​សិទ្ធ​ភាព​ ។ បទ​ល្មើស​ចាប់​ផ្ដើម​កើត​មាន​ឡើង​វិញ​មន្រ្ដី​គោល​ដៅ​ត្រូវ​ចាត់​ការ​រឿង​នេះ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ និង​ទាន់​ពេល​វេ​លា​។ត្រូវ​គ្រប់​គ្រង​ និង​តាម​ដាន​ដី​សម្ប​ទាន​ដែល​រដ្ឋ​បាន​ដក​ហូត​​មក​ជា​សម្បត្ដិ​រដ្ឋ​វិញ​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ ។ ត្រូវ​ជំ​រុញ​ឱ្យ​ម្ចាស់​ដី​សម្ប​ទាន​បង់​សួយ​សារ​អា​ករ​ជូន​រដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេ​លា ។

មន្រ្ដី​គ្រប់​លំ​ដាប់​ថ្នាក់​ត្រូវ​សហការ​ឱ្យ​បាន​ល្អ ​ជា​មួយ​អា​ជ្ញា​ធរ​ដែន​ដី​ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ ​ធ្វើ​យ៉ាង​ណា​អនុវត្ដ​ភារ​កិច្ច​របស់​យើង​ឱ្យ​បាន​ជោគ​ជ័យ ។ ឯក​ឧត្ដម​រដ្ឋ​មន្រ្ដី​បាន​រំ​លឹក​ជា​ចុង​ក្រោយ​ថា​ គ្រប់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ទាំង​អស់ ​ត្រូវ​ធ្វើ​ថ្នាល​បណ្ដុះ​កូន​ឈើ​ និង​ត្រូវ​រៀប​ចំ​ធ្វើ​ពិ​ធី​​ប្រ​គល់​កូន​ឈើ​​ ដល់​ប្រ​ជា​កសិ​ករ​ឱ្យ​បាន​គ្រប់​ៗ​សង្កាត់​ទាំង​អស់​ទូ​ទាំង​ប្រ​ទេស​ក្នុង​ឆ្នាំ​ ២០១០ នេះ ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម