ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយអនុរដ្ឋលេខាធិការ និងមន្រ្ដីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយចំនួនបានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វស្វា របស់ក្រុមហ៊ុន Vanny Bio-research ដោយមានការចូលរួមពី លោក ខូយ សុខាអភិបាលខេត្ដផងដែរ ។
ខណៈនោះតាមរបាយការណ៏ របស់នាយកគ្រប់គ្រងកសិដ្ឋានឱ្យដឹងថា កសិដ្ឋានបានសាងឡើងនៅឆ្នាំ២០០៤ ។ បច្ចុប្បន្នកសិដ្ឋាន មានស្វាពូជសរុប ចំនួន៩.៧៣២ក្បាល។ ថ្មីៗនេះក្រុមហ៊ុនបានគោលការណ៏នាំចេញ ទៅកាន់ប្រទេសកូរ៉េ ចំនួន២០០ក្បាល និងជប៉ុនចំនួន៤០០ក្បាល។ អនាគតក្រុមហ៊ុន មានគម្រោងពង្រីកកសិដ្ឋានបន្ថែម ឱ្យដល់៤៩មាន់ ដែលមានទ្រុងចិញ្ចឹមសរុបចំនួន១២៧ទ្រុង ។ មន្រ្ដីក្រុមហ៊ុនបានឱ្យដឹងទៀតថា កសិដ្ឋានមានកម្មករ និងមន្រ្ដីពេទ្រសត្វបម្រើការងារចំនួន២៤៦នាក់ ជំនាញការបរទេស១៧នាក់ ។
មានមតិក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៏ជុំវិញការធ្វើអាជីវកម្មចិញ្ចឹមស្វារបស់ក្រុមហ៊ុនថា អនុលោមទៅតាមសន្ធិសញ្ញាសាយតេស្ដ ទើបរដ្ឋាភិបាលពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុននេះ ធ្វើការវិនិយោគចិញ្ចឹមសត្វស្វា។ សត្វស្វាដែលក្រុមហ៊ុនធ្វើការនាំចេញ គឺជាសត្វដែលបានធ្វើការបង្កាត់ នៅជំនាន់ F1 ក្នុងកសិដ្ឋានមិនអនុញ្ញាតឱ្យនាំចេញមេបាពូជដែលចាប់ពីព្រៃទេ ។
ឯកឧត្ដមបន្ដថា បច្ចុប្បន្នការកាប់បំផ្លាញព្រៃឈើ ដែលជាជម្រកចំណី និងការរំខានពីមជ្ឈដ្ឋានធម្មជាតិ និងមនុស្សការបរបាញ់ខុសច្បាប់របស់ប្រជាជន ធ្វើឱ្យសត្វស្វាកាន់តែថយចុះហេតុដូច្នេះ ក្រុមហ៊ុនត្រូវតែមានកម្មវិធីលែងសត្វស្វាឱ្យចូលក្នុងព្រៃមួយចំនួន និងជាពិសេសត្រូវស្ដារកាយសម្បទារបស់សត្វជាមុនសិនមុនធ្វើការលែងឱ្យចូលរស់នៅក្នុងព្រៃធម្មជាតិវិញ ។ រដ្ឋបាលព្រៃឈើគួរតែចុះធ្វើការអង្កេតពីរបាយក្នុងព្រៃធម្មជាតិ ពិសេសនៅតំបន់ឈូងសមុទ្រ និងជុំវិញបឹងទន្លេសាប ។
ឯកឧត្ដមបន្ដទៀតថា ទាក់ទងនឹងចំណីក្រុមហ៊ុនត្រូវតែប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុកធ្វើយ៉ាងនេះអាចជួយជំរុញឱ្យកសិករ ដាំ បន្លែ ផ្លែឈើ សម្រាប់ផ្គត់ផ្គង់ឱ្យកសិដ្ឋានមានដូចជាល្ពៅ ដំឡូងជ្វា ត្រសក់ ប៉ិកួក ចេក ត្របែក ឳឡឹក។ល។ ធ្វើយ៉ាងនេះបានអាចជួយបង្កើតមុខរបរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះឱ្យមានជីវភាពកាន់តែប្រសើរឡើង ។
ក្រុមហ៊ុនត្រូវបង្កើតរោងចក្រផលិតចំណីសត្វដោយខ្លួនឯងដែលអាចជួយស្រូបយកកម្លាំងពលកម្មក្នុងស្រុក និងប្រើប្រាស់វត្ថុធាតុដើមផងដែរ ហើយនេះជាគោលបំណងរបស់ក្រសួងដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតកសិដ្ឋាននៅខេត្ដនេះ ។ ក្រុមហ៊ុនត្រូវជួយផ្ទេរបច្ចេកវិជ្ជាដល់មន្រ្ដីក្នុងស្រុកធ្វើយ៉ាងណាបង្កើនសមត្ថភាពឱ្យពួកគេ និងត្រូវកាត់បន្ថយជំនាញការបរទេស។
ឯកឧត្ដមបានសុំឱ្យក្រុមហ៊ុនជួយសហការលើការងារបណ្ដុះបណ្ដាលស្រាវជ្រាវកម្មសិក្សាផ្លាស់ប្ដូរបច្ចេកទេសដល់សាលាកសិកម្មទាំងបី និង ជំរុញឱ្យម្ចាស់ដីសម្បទានបង់សួយសារអាករជួនរដ្ឋមន្រ្ដីឱ្យបានទាន់ពេលវេលា ។ ឯកឧត្ដមបានបន្ដទៀតថា ក្រុមហ៊ុនត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាឱ្យបានអាជីវកម្មដើរដោយរលូន ៕






