អាជ្ញាធរស្រុកស៊ីធរកណ្ដាលបានអះអាងថា ស្រូវស្រែនៅឃុំចំនួន៤នៃស្រុកនេះជាង៨០០ហិកតាកំពុងប្រឈមនឹងភាពរាំងស្ងួត ។ ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកស្រីមាន សំអាន សមាជិកាព្រឹទ្ធសភាក៏បានចុះទៅពិនិត្យមើលជាក់ស្ដែងផងដែរកាលពីថ្ងៃទី១៨ខែកក្កដាកន្លងទៅនេះ ។
មន្ដ្រីអមដំណើរ ឯកឧត្ដម រដ្ឋមន្ដ្រីក្រសួងកសិកម្មបានប្រាប់ កាលពីព្រឹកថ្ងៃទី ២០ខែកក្កដានេះថាខណៈដែលឯកឧត្ដមអញ្ជើញទៅទីនោះ លោកអភិបាលស្រុកស៊ីធរកណ្ដាលបានឱ្យដឹងថា ដោយសារឆ្នាំនេះភ្លៀងធ្លាក់យឺតនិងបរិមាណតិចបានធ្វើឱ្យការបង្កបង្កើនផលនៅស្រុករបស់លោកយឺតជាងឆ្នាំមុនដែរ ពោលមកដល់ពេលទើបសម្រេចបាន១៨ភាគរយនៃផែនការដាំដុះចំនួន២២.០០០ ហិកតា ។
ជាមួយគ្នានេះដែរខណៈនេះមានឃុំចំនួន៤កំពុងប្រឈមនឹងភាពរាំងស្ងួតដែលមានផ្ទៃដីប្រមាណ៨១០ហិកតា ។ ឃុំទាំង៤នេះ មានព្រៃដើមថ្នឹង ឃុំឫស្សីសាញ់ ឃុំព្រៃទទឹង និងឃុំពោធិទី ។ ជាមួយគ្នានេះលោកអភិបាលស្រុកក៏បានសំណូមពរសុំថវិកាចំនួន៦.៣៧៥.០០០រៀលដើម្បីកាយប្រឡាយនាំទឹកមួយខ្សែ ។
មន្ដ្រីដដែលបានឱ្យដឺងទៀតថា នៅពេលនោះឯកឧត្ដមរដ្ឋមន្ដ្រី បានដោះស្រាយភ្លាមៗតាមសំណូមពរជាមួយនឹងការណែនាំឱ្យអង្គភាពជំនាញចុះមកជួយកសិករលើការងារនេះឱ្យបានទាន់ពេលវេលា ។ ឯកឧត្ដម រដ្ឋមន្ដ្រីបានប្រាប់ប្រជាកសិករ និងអាជ្ញាធរនៅទីនោះថា ដោយសារកក្ដាទឹកភ្លៀងយឺតបានធ្វើឱ្យការបង្កបង្កើនផលនៅឆ្នាំនេះជាទូទៅមានសភាពយឺតជាងឆ្នាំកន្លងទៅ ។
មកដល់ពេលនេះទើបសម្រេចបាន៣៨ភាគរយនៃផែនការ២,២៧លានហិកតាប៉ុណ្ណោះ ។ ដើម្បីជម្នះនឹងអ្វីដែលកសិករកំពុងជួមប្រទះនោះសំខាន់បំផុតយើង ត្រូវតែផ្លាស់ប្ដូរឥរិយាបថក្នុងការធ្វើស្រែគឺត្រូវធ្វើការផ្លាស់ប្ដូរពូជដោយត្រូវប្រើពូជស្រូវស្រាល ស្រូវមិនប្រកាន់រដូវ ប្រើពូជសុទ្ធល្អ អនុវត្ដបច្ចេកទេសថ្មីក្នុងការស្ទូងការព្រោះដោយឧបករណ៏ដែលកាត់បន្ថយចំណាយពូជច្រើន យកចិត្ដទុកដាក់ក្នុងការថែទាំ ។ ឯកឧត្ដមរដ្ឋមន្ដ្រីបានស្នើឱ្យអង្គភាពជំនាញចុះពិនិត្យនិងសិក្សាជាក់ស្ដែងដើម្បីកំណត់ពូជស្រូវដែលសមស្របនឹងក្សេត្របរិស្ថានដែលអាចធ្វើបានពី២-៣ដងក្នុង១ឆ្នាំ ។ កសិករក៏គួរដាំដំណាំបន្ថែមទៀតជាដំណាំឆ្លាស់។
ឯកឧត្ដមរដ្ឋមន្ដ្រីបានជំរុញឱ្យមន្ដ្រីជំនាញបន្ដការបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយបច្ចេកទេសចម្រុះ ការអនុវត្ដន៏ប.វ.ស ការកែលម្អនិងគ្រប់គ្រងដីកសិកម្មឱ្យបានប្រសើរឡើង ជាអាទិ៏ការបណ្ដុះបណ្ដាលបច្ចេកទេសប្រើប្រាស់សមស្រប ឬកាត់បន្ថយការប្រើប្រាស់ជីគីមីថ្នាំកសិកម្មនិងជំរុញការប្រើប្រាស់ជីធម្មជាតិជំនួសវិញ ៕






