ឯកឧត្ដម រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបជាមួយប្រជាកសិករ ចំនួន៨០០គ្រួសារនៅឃុំឈូកស និងឃុំឈើទាល ស្រុកស្វាយជ្រុំខណៈពេលដែលពួកគេ បានទទួលនូវអំណោយមួយចំនួន ដែលស្ថិតនៅក្នុងគម្រោងបង្កើនសន្ដិសុខស្បៀង FAO-EU សម្រាប់គ្រួសារកសិករដែលរងឥទ្ធិពលដោយថ្លៃស្បៀងអាហារមិនទៀងទាត់ ។
មន្ដ្រីខុទ្ទកាល័យ ឯកឧត្ដមរដ្ឋមន្ដ្រី បានប្រាប់កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា នេះថាអំណោយដែលកសិករទាំងនោះ ទទួលបានក្នុងមួយគ្រួសារមានពូជ បន្លែចំនួន១០មុខ ជី NPK, ធុងស្រោចទឹក១គូរ និងចបកាប់១ផ្លែ។ រដ្ឋមន្ដ្រីរូបនោះបានបន្ដថាទៀតថានៅចំពោះមុខលោកអភិបាលរងខេត្ដ កែវ សាមឿន និងតំណាង FAO-EU ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន បានថ្លែងអំណរគុណដល់ FAO-EU Food Facility Project(GCP/CMB/033/EC )ដែលតែងតែគិតគូរដល់បញ្ហាសន្ដិសុខស្បៀងអាហារជាពិសេស ។
ជាមួយគ្នានេះ ឯកឧត្ដម រដ្ឋមន្ដ្រីបានលើកឡើងថា ការងារល្បឿនបង្កបង្កើននៅខេត្ដស្វាយរៀង គឺនៅយឺតយ៉ាវបន្ដិច ដោយសារខេត្ដនេះភ្លៀងធ្លាក់ក្រោយគេ ប៉ុន្ដែមិនទាន់មានឃុំមួយណារាំងស្ងួតទេ មានតែទទួលបានទឹកភ្លៀងតិច ហើយសូមឱ្យប្រជាកសិករខិតខំជំរុញការងារកសិករបន្ដទៀត ។
ដោយឡែកថ្លែងទៅកាន់កសិករនៅទីនោះ ឯកឧត្ដម រដ្ឋមន្ដ្រីបានរំលឹកថាអ្វីដែលកសិករទទួលបាននាពេលនេះ គឺត្រូវយកទៅប្រើប្រាស់ឱ្យចំទិសដៅនិងមានប្រសិទ្ធភាពក្នុងការធ្វើកសិកម្ម ។ ឯកឧត្ដម បញ្ជាក់ថាសូមកុំយកគ្រាប់ពូជបន្លែរបស់របរដែលទទួលបានថ្ងៃនេះទៅលក់ដូរ និងហូបគឺយកទៅផលិតព្រោះនេះ ហើយជាលុយកាក់ជាដើមទុនដើម្បីទទួលបាននូវចំណូល ។
ទាក់ទងនឹងដំណាំស្រូវ ឯកឧត្ដម បានរំលឹកថាត្រូវយកចិត្ដទុកដាក់លើពូជ ។ ត្រូវប្រើពូជសុទ្ធល្អ។ ជាទម្លាប់ដែលមិនល្អកសិករយើងស្ទើរទាំងអស់មិនសូវយកចិត្ដទុកដាក់លើបញ្ហាពូជទេ។ ប្រើពូជតាមរបៀបតៗគ្នា ។ ពូជសុទ្ធល្អមានរយៈពេលក្នុងរង្វង់៣ឆ្នាំប៉ុណ្ណោះ ។ ប្រើពូជសុទ្ធល្អអាចធ្វើឱ្យទិន្នផលកើនឡើងពី១៥ទៅ២០ភាគរយ ។ ចំពោះសំណាប ដែលដកយកមកស្ទូងត្រូវយកសំណាបដែលថ្លោស ហើយសុខភាពល្អ។
សូមធ្វើដីឱ្យបានស្មើល្អ ដោយការធ្វើឱ្យបានពី២ទៅ៣ដង។ កសិករគួរឈប់ព្រោះស្រូវដោយដៃប្ដូរមកប្រើឧបករណ៏ពង្រោះគ្រាប់ពូជស្រូវ (ប្រើពូជតិច) ដែលការងារនេះប្រធានមន្ទីរកសិកម្មគួរឱ្យគ្រប់ការិយាល័យរបស់ស្រុកនីមួយៗ ធ្វើបង្ហាញក្នុងការប្រើឧបករណ៏ពង្រោះគ្រាប់ពូជស្រូវជូនកសិករ ។
ឯកឧត្ដម បានបន្ដទៀតថា កសិករត្រូវបង្កើនការព្យាយាមដោយប្រើប្រាស់ផ្ទៃដីតែមួយឱ្យបាន៣ដង ដោយធ្វើស្រូវឱ្យបាន២ដងនិង ធ្វើស្រូវបង្កើនរដូវ(កន្លែងជិតប្រភពទឹក) ដោយប្រើពូជស្រូវស្រាលមិនប្រកាន់រដូវមានដូចជាពូជសែនពិដោរ ជលសារ រំពេរ IR 66។ បន្ទាប់ពីប្រមូលផលរួច គប្បីផ្ទេរដីដាំស្រូវមកជាចម្ការដែលដាក់ដាំនូវប្រភេទដំណាំដូចជាសណ្ដែក ល្ពៅ ត្រឡាចឪឡឹក ។ល។ តាមប្រសាសន៏សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលដែលលោកជំរុញឱ្យខិតខំធ្វើស្រូវអង្ករឱ្យក្លាយជាមាស ស ។ ឯកឧត្តមបញ្ជាក់ថាកន្លែងខ្លះយើងអាចធ្វើបាន ដោយគ្រាន់តែនៅខ្វះការមិនប្ដូរទម្លាប់និងការឧស្សាហ៏ព្យាយាមតែប៉ុណ្ណោះ ។
ខណៈដែលតំបន់ខ្លះនៃខេត្ដនេះបានចាប់ផ្ដើមយាយីដោយសត្វមមាចត្នោតនោះ ឯកឧត្ដម រដ្ឋមន្ដ្រីបានអំពាវនាវឱ្យកសិករត្រូវទៅពិនិត្យមើលស្រែឱ្យបានជាប់ជាប្រចាំដើម្បីសង្កេតមើលវត្ដមានសត្វល្អិតចង្រៃនេះ។ បើឃើញមានត្រូវរួមគ្នាកម្ចាត់ភ្លាម។មន្ទីរកសិកម្មត្រូវសកម្មចុះមកមូលដ្ឋានដើម្បីដាស់តឿនប្រជាជន និងណែនាំបច្ចេកទេសសាមញ្ញជូនកសិករពីវិធីកម្ចាត់សត្វមមាចត្នោតនេះ ។
គួររំលឹកថា ឯកឧត្ដម រដ្ឋមន្ដ្រីបានអញ្ជើញទៅទីនោះកាលពីចុងសប្ដាហ៏កន្លងទៅនេះ ៕






