ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់កសិករ និងមន្ត្រីកសិកម្មនៅតំបន់តាមព្រំដែន ពិសេសតំបន់ដែលតែងតែរងគ្រោះដោយសត្វមមាចត្នោត ឱ្យប្រយ័ត្នចំពោះសត្វមមាចត្នោត ខណៈដែលពេលនេះវត្តមានសត្វចង្រៃនេះបានកើតឡើងនៅតំបន់មួយចំនួន នៃខេត្តស្វាយរៀងហើយ ។
កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមដំណើរដោយលោក ខៀវ មុត និងមន្ត្រីក្រុមការងារ បានអញ្ជើញទៅសាកសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់ព្យុះចំនួន៣៣គ្រួសារ នៅឃុំតាភេម ស្រុកត្រាំកក់ ។ នៅទីនោះឯកឧត្ដម រដ្ឋមន្ត្រីបានជូនព័ត៌មានដល់កសិករ និងមន្ត្រីមូលដ្ឋានអំពីវត្តមានសត្វមមាចត្នោត ដែលខណៈនេះបានបង្ហាញខ្លួននៅតំបន់មួយចំនួននៃខេត្តស្វាយរៀង ។
ឯកឧត្ដម បន្តទៀតថា ពីថ្ងៃទី១៤ ដល់ទី២១ ខែកក្កដា នៅស្វាយរៀងប្រមូលសត្វមមាចត្នោត បានជាង៣០០គីឡូក្រាម។ ក្នុង១គីឡូក្រាមមាចត្នោតមានចំនួនពី២៥ម៉ឺន ទៅ៣០ម៉ឺនក្បាល ។ ឯកឧត្ដមបន្តទៀតថា ដោយសារខេត្តតាកែវតំបន់មួយចំនួនតែងតែរងគ្រោះ ដោយមមាចត្នោតនោះដូច្នេះត្រូវតែត្រៀមលក្ខណៈទុកជាមុនឱ្យហើយ។ មន្ទីរកសិកម្មខេត្ត ត្រូវតែផ្សព្វផ្សាយ ដល់ប្រជាជនអំពីវិធីការពារ និងត្រូវតែរាយការណ៏ដល់ក្រសួងជាបន្ទាន់ប្រសិនជាមានវត្តមានមមាចត្នោតមកដល់ និងត្រូវធ្វើសកម្មភាពទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ឯកឧត្ដម រដ្ឋមន្ត្រីក៏បានជូនជាវិធីសាស្ត្រមួយចំនួនដល់កសិករ ដើម្បីប្រុងប្រយ័ត្នទុកជាមុន។ ក្នុងនោះត្រូវតែឧស្សាហ៏ចុះទៅពិនិត្យស្រែជាប្រចាំជារៀងរាល់ ។ ប្រសិនជាថ្នាលសំណាប រងតូច អាចប្រើប្រាស់ស្បៃមុងដើម្បីគ្របការពារ ពិសេសប្រុងប្រយ័ត្នចំពោះសំណាបខ្ចី ។ កុំប្រើប្រាស់ជីអ៊ុយរ៉េ ពីព្រោះជីប្រភេទនេះមានការទាក់ទាញមមាចត្នោតណាស់ ។
ជាមួយនឹងការរំលឹកប្រជាកសិករនេះដែរ ឯកឧត្ដម រដ្ឋមន្ត្រីក៏បានចូលរួមសម្ដែងការសោកស្ដាយ ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុះ និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន រួមគ្នាជាមួយប្រជាជនជិតខាងជួយកសាងផ្ទះដែលខូចខាតនោះឡើងវិញ។ ឯកឧត្ដម រដ្ឋមន្ត្រីក៏បានជួយឧបត្ថម្ភដល់៣៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន១៥ម៉ឺនរៀលនិងអង្ករ២០គីឡូ និងប្រជាជនរងគ្រោះដោយរន្ទះបាញ់ចំនួនពីរនាក់។ ក្នុងនោះសពប្រជាជន នៅឃុំតាភេមម្នាក់ទទួលបាន៣០ម៉ឺនរៀល និងសពនៅឃុំអូរសារាយចំនួន១៥ម៉ឺនរៀល និងអង្ករចំនួន២០គីឡូ ។ គួររំលឹកថា កាលពីថ្ងៃទី ២១ ខែកក្កដាខ្យល់ព្យុះបានបោកបក់ចំឃុំតាភេម បណ្ដាលឱ្យផ្ទះចំនួន៣៣ខ្នងដួលរលំទាំងស្រុង និងប៉ះពាល់ចំនួន២៩៥ខ្នង៕






