ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានរំលឹកដល់មន្ត្រី និងអ្នកជំនាញលើវិស័យជលផលឱ្យធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនចូលរួមក្នុងការវិស័យវារីវប្បកម្មពោលចិញ្ចឹមត្រីដែលជាការសម្រាលនូវការនេសាទសុទ្ធសាធលើធនធានត្រីធម្មជាតិ។
នៅក្នុងពិធីសម្ពោធអគារធិការដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់មន្ត្រីចូលរួមថា អ្វីដែលត្រូវជំរុញថែមទៀតនាពេលនេះនិងទៅអនាគត គឺមន្ត្រីជលផលគ្រប់ថ្នាក់ត្រូវធ្វើសកម្មភាពក្នុងការផ្សព្វផ្សាយ ការអប់រំការបង្រៀនដល់កសិករ ឬប្រជាជនដទៃទៀត ឱ្យចូលរួមក្នុងការជំរុញការងារវារីវប្បកម្មនៅតាមមូលដ្ឋានឱ្យកាន់តែច្រើនឡើងថែមទៀត ពិសេសបង្កើតកន្លែងភ្ញាស់កូនត្រី។
ឯកឧត្តមបន្តថា វារីវប្បកម្មមិនត្រឹមតែជួយធ្វើឱ្យប្រជាជនទទួលបាននូវចំណូលការមានមុខរបរបន្ថែមប៉ុណ្ណោះទេ តែវាក៏ជួយសម្រាលនូវការនេសាទ ពីបឹងទន្លេ ស្រះ ត្រពាំងធម្មជាតិ ខណៈដែលធនធាននេះនៅដដែលតែចំនួនមនុស្សកាន់តែកើនឡើង និងការនេសាទក៏កាន់តែកើនឡើងដូចគ្នា។
ឯកឧត្តមបន្តទៀតថា គ្រប់ខណ្ឌត្រូវរៀបចំផែនការបោះបង្គោលព្រំឡូត៍ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះម្ចាស់ឡូត៍ត្រូវប្រកាន់យកនយោបាយឈ្នះឈ្នះ។ ចង់និយាយថា ត្រូវនាំគ្នាជួយថែរក្សា និងអភិរក្សធនធានមច្ឆជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ការធ្វើអាជីវៈកម្មដោយផ្សារភ្ជាប់នឹងមនសិការថែរក្សាការពារធនធាន កុំឱ្យបាត់បង់ប្រយោជន៍ទុកសម្រាប់ឆ្នាំក្រោយ និងកូនចៅជំនាន់ក្រោយទៀត។ចូលរួមការងារសង្គមឱ្យបានច្រើន ដូចជាការងារផ្សព្វផ្សាយច្បាប់ ការងារបណ្តុះបណ្តាល ថែរក្សា និងអភិរក្ស និងការងារមនុស្សធម៌។ល។ អនុវត្តច្បាប់ជលផលឱ្យបានខ្ជាប់ខ្ជួន។ គួររំលឹកថា ការប្រមូលផលឡូត៍នេសាទ នេសាទសិប្បកម្ម ឆ្នាំ 2008-2009 កន្លងមកទៅនេះអនុវត្តបាន 120,000តោន ស្មើនឹង 92,31ភាគរយនៃផែនការ 130,000តោន បើធៀបនឹងឆ្នាំមុខកើនឡើង 5,000តោន។
ការនេសាទគ្រួសារក្នុងដែននេសាទអនុវត្តបាន 155,000តោន ស្មើនឹង 91,18ភាគរយ នៃផែនការ 170,000 តោនធៀបនឹងឆ្នាំមុនកើនឡើង 15,000តោន។ នេសាទគ្រួសារក្នុងវាលស្រែអនុវត្តបាន 115,000តោនស្នើនឹង 76,67ភាគរយ នៃផែនការ 150,000តោនបើធៀបនឹងឆ្នាំមុនកើនឡើង 5,000តោន។
ការកែច្នៃផលនេសាទទឹកសាបអនុវត្តបាន 39,000តោន ស្មើនឹង 130នៃផែនការ 30,000តោន បើធៀបនឹងឆ្នាំមុនកើនឡើង 1,000តោន។ ការនេសាទសមុទ្រក្នុងដែននេសាទអនុវត្តបាន 75,000តោន ស្នើនឹង 125ភាគរយនៃផែនការ 60,000តោន បើធៀបនឹងឆ្នាំមុន កើនឡើង 9,000តោន។ ទាក់ទិននឹងអគារដែលទទួលនូវការសម្ពោធនេះ លោក ហុង ហី នាយអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប បានឱ្យដឹងថា អគារនេះសាងសង់រួចរាល់ជាស្ថាពរដោយ ចំណាយទឹកប្រាក់សរុបអស់ចំនួន 28,000ដុល្លារ។
ថវិកាសាងសង់គឺបានមកពីរដ្ឋបាលជលផលនិង សប្បុរសជនដែលជាម្ចាស់ឡូត៍។ ឯកឧត្តមក៏បានកោតសរសើរដល់មន្ត្រីរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបដែលបាន ខិតខំដុតដៃដុតជើងឱ្យចេញជាសមិទ្ធផលនេះឡើង ឯកឧត្តមក៏សូមឱ្យអធិការដ្ឋានទាំងអស់យកគោលនយោបាយសិល្បៈនៃការចែករំលែកដែលរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានយកមកអនុវត្ត ហើយទទួលបានជោគជ័យដូចថ្ងៃនេះទៅអនុវត្តនៅទីកន្លែងរបស់ខ្លួន។






