ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ដដល់កសិករក្រីក្រមានស្នាដៃ តាមរយៈនៃការប្រគល់ ម៉ាស៊ីនបូមទឹករបស់គម្រោង 2KR ដល់តំណាងក្រុមកសិករក្រីក្រ មានស្នាដៃចំនួន២០គ្រឿង ដែលមកពីស្រុកចំនួន៦ នៅមន្ទីរកសិកម្ម ខេត្ដស្វាយរៀង កាលពីសប្ដាហ៏កន្លងទៅនេះ។
មន្ដ្រីខុទ្ទកាល័យឯកឧត្ដមរដ្ឋមន្ដ្រី បានប្រាប់កាលពីថ្ងៃទី២៧ ខែកក្កដា ខណៈនៃការផ្ដល់នូវម៉ាស៊ីនបូមទឹកនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានធ្វើការអបអរសាទរ ដល់ក្រុមកសិករក្រីក្រ ដែលមានស្នាដៃក្នុងការអនុវត្ដន៏ ការងារកសិកម្មលេចធ្លោ ហើយឆ្នើម រហូតទទួលបានម៉ាស៊ីនបូមទឹកពីគម្រោង 2KR ។
ឯកឧត្ដមបានបញ្ជាក់ថា ជោគជ័យនេះ គឺពុំមែនកើតឡើងដោយឯកឯងទេ តែគឺបានពីការខិតខំព្យាយាមជាក់ស្ដែង។ មានតែការខិតខំផ្លាស់ប្ដូរទម្លាប់ទេ ទើបអាចធ្វើឱ្យជីវភាពមានការប្រែប្រួល។ ឯកឧត្ដមបានជម្រុញ ឱ្យកសិករទាំងនេះបន្ដការខិតខំទៅទៀត ជាមួយនឹងការផ្សព្វផ្សាយទៅដល់កសិករដទៃទៀត ដើម្បីឱ្យទទួលបាននូវការរីកចម្រើនដូចគ្នា ។
ឯកឧត្ដម រដ្ឋមន្ដ្រី បានរំលឹកដល់ប្រជាកសិករទាំងនោះទៀតថា បន្ទាប់ពីបានទទួលម៉ាស៊ីនបូមទឹកនេះទៅ សូមឱ្យប្រជាកសិករទាំងអស់គ្នា រៀនពីរបៀបប្រើប្រាស់ឱ្យច្បាស់សិន មុននឹងប្រើប្រាស់ ហើយក៏ត្រូវចេះថែរក្សាឱ្យបានគង់វង្ស។ ខិតខំដើម្បីបង្កើតជាស្នាដៃថ្មីបន្ដទៀត ដែលទាំងនេះ គឺជាការឈានទៅរកការកាត់បន្ថយភាពក្រីក្រ សម្រាប់ទាំងអស់។
ក្រុមកសិករមានស្នាដៃទាំងនេះត្រូវបានជ្រើសរើសមកពីស្រុកចំនួន៦ដែលក្នុងនោះមាន ស្រុករមាសហែក ស្វាយជ្រំ ចន្ទ្រា ស្វាយទាប រំដួល និងស្រុកកំពង់រោទិ៏ ។ កសិករទាំងនេះមានស្នាដៃល្អ ក្នុងការធ្វើកសិកម្មចម្រុះ និងការធ្វើឱ្យជីវភាពមានការផ្លាស់ប្ដូរជាវិជ្ជមាន ។
មន្ដ្រីដដែលបានឱ្យដឹងទៀតថាបន្ទាប់ពីប្រគល់រួច ឯកឧត្ដមរដ្ឋមន្ដ្រីបានចុះទៅពិនិត្យការអនុវត្ដន៏ស្រូវប.វ.សរបស់ប្រជាកសិករនៅឃុំឈើទាល ស្រុកស្វាយជ្រំ ដែលនៅទីនោះ ឯកឧត្ដមរដ្ឋមន្ដ្រីបានពន្យល់អំពីវីធីកម្ចាត់សត្វមមាចត្នោតនិងកែលំអការអនុវត្ដន៏ ប.វ.ស ដល់ប្រជាកសិករ ។ ទាក់ទងនឹងមមាចត្នោត ឯកឧត្ដមរដ្ឋមន្ដ្រីបានរំលឹកថា ត្រូវតែចុះទៅពិនិត្យស្រែជាប្រចាំដើម្បីថែទាំស្រូវផងនិងប្រសិនជាមានវត្ដមានមមាចត្នោតភ្លាមគឺអាចចាត់វិធានការបានទាន់ពេលវេលា ៕






