ជួយ​បង្រៀន​កសិករ​ពី​របៀប​ដាំ​បន្លែ

អ៊ីមែល បោះពុម្ព PDF

កសិករ​ចំនួន150នាក់​ ដែល​ត្រូវបាន​ជ្រើស​មកពី​ឃុំ​ចំនួន15 ស្រុក​ត្រាំកក់​នោះ​ បានមកទទួល​ការរៀនសូត្រ​លើ​បច្ចេកទេស​ដាំ​បន្លែ។ ពួកគេ​ក៏​នឹង​ក្លាយជា​កសិករ​បង្គោល ជួយ​បង្រៀន​ដល់​កសិករ​ដទៃទៀត​ នៅពេល​គេ​ត្រឡប់​ទៅ​ភូមិឋាន​របស់​ពួកគេ​វិញ​ផងដែរ។ ការរៀនសូត្រ​តាមរបៀប​ជាក់ស្តែង​នេះ​ បាន​ធ្វើឡើង​នៅផ្ទះ​កសិករ ឡុង យ៉​ន នៅ​ភូមិ​ត្រពាំង​ឈូក ​ឃុំ​លាយ​បូរ។

ឡុង យ៉​ន ជា​កសិករ​គំរូ​មួយ​នៅក្នុង​ស្រុក​នេះ​ដែលមាន​ពិសោធន៍ ​និង​ទទួលផល​ជាច្រើន​តាមរយៈ​ការដាំ​បន្លែ​របស់គាត់។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ បាន​អញ្ជើញ​ទៅ​ចូលរួម ស្តាប់​ និង​មើល​ដំណើរការ​រៀនសូត្រ​នេះ​ដោយផ្ទាល់ ​កាលពីដើម​ស​ប្តា​ហ៌​កន្លងមកនេះ។

នៅ​ទីនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ដល់​អ្នករៀបចំ​កម្មវិធី​បង្រៀន​ សរសើរ​ដល់​កសិករ​ ដែល​ចូលរួម​ និង​សរសើរ​ដល់​ការផ្តល់​នូវ​ការ​ឧ​ទេ្ទ​សនាម​ជាក់ស្តែង​របស់​កសិករ ឡុង យ៉​ន និង មន្ត្រី​ជំនាញ​កសិកម្ម។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់​នេះ​ជាការ​ចាប់ផ្តើម ដ៏​ល្អ​មួយ​ដែល​ស្របទៅតាម​គោលនយោបាយ​កសិកម្មរ​បស់​ក្រសួង ហើយក៍​ស្រប​ទៅ នឹង​ស្ថានភាព​ជាក់ស្តែង​ក្នុងការ​ជំរុញ​ផលិតផល​កសិកម្ម។

ការជួបជុំ​ផ្តល់​ជា​មេរៀន​ ផ្តល់ជា​បទពិសោធ​ន៌​ឱ្យ​គ្នា​ទៅវិញទៅមក​កាន់តែ​ញឹកញាប់ គឺ​ការ​កាន់តែ​ប្រសើរ ហើយ​មិនមែន​ធ្វើ​ត្រឹមតែ​ការដាំ​បន្លែ​ទេ​ តែ​ក៏ត្រូវ​ជំរុញ​ការធ្វើ​របៀបនេះ​លើ​វិស័យ​ផ្សេងទៀត​ដូចជា ​ស្រូវ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ឫ​មុខរបរ​ផ្សេងទៀត​ ដែល​អាចជួយ​ផ្សព្វផ្សាយ​ឱ្យ​គ្នា​បាន។ បន្លែ​មិន​ត្រឹមតែ​ជា​មុខរបរ​បន្ថែម​របស់​ក​សិ​ករ​ប៉ុណ្ណោះ​ទេ តែ​បន្លែ​អាច​រកចំណូលបាន ច្រើន​ការធ្វើ​ស្រូវ​ទៀតផង។

ខណៈ​នេះ​បន្លែ​របស់​យើង​ជាច្រើន​ត្រូវបាន​នាំចូល​មកពី ប្រទេសក្រៅ ដូចនេះ​កសិករ​យើង​ ត្រូវតែ​ប្រឹងប្រែង​រួមគ្នា​ដាំ​បន្លែ​ ដើម្បី​ឈានទៅ​ជំនួស បន្លែ​ដែល​នាំចូល។ ឯកឧត្តម​រដ្ឋមន្ត្រី​ណែនាំ​ឱ្យ​នាយកដ្ឋាន​សាកវប្បកម្ម​ ត្រូវ​រៀបចំឱ្យមាន​សន្និបាត​ឫ​ការជួបជុំ​កសិករ ​ដើម្បី​ពិនិត្យ​វាយតម្លៃ​ និង​ជំរុញ​ផលិតផល​បន្លែក្នុងប្រទេស​ឱ្យ​ការរីកចម្រើន​ កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស។ ឯកឧត្តម​រដ្ឋមន្ត្រី ចង់ឱ្យ​ការប្រឡង​ប្រ​ណាំ​នេះ​ចេញពី​ស្រុក​ត្រាំកក់​នេះ​ទៅ។

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម