រដ្ឋមន្ដ្រី​ទៅកាន់​តំបន់​រាំងស្ងួត​នៅ​ខេត្ដ​កំពង់ស្ពឺ

អ៊ីមែល បោះពុម្ព PDF

ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ កាលពី​ថ្ងៃទី១០ ខែសីហា​ បាន​អញ្ជើញ​ទៅពិនិត្យ​តំបន់រាំងស្ងួត និង​ជួប​ជាមួយ​ប្រជាកសិករ​ ចំនួន១៣៦នាក់​ នៅ​ភូមិ​ណាក់​ត្រាច ឃុំ​ទួល​អម្ពិល និង​ពោធិ​ចំរើន ស្រុក​បរសេដ្ឋ ។

ក្នុងឱកាស​នោះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ចុះ​ដល់​វាលស្រែ​ ដែល​ទទួលរង​ភាពរាំងស្ងួត​ ដើម្បី​មើល​ពី​ស្ថានភាព។ ក្នុងឱកាស​សំណេះសំណាល​នោះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​កោតសរសើរ​ដល់​ប្រជា កសិករ​ ដែល​កន្លងមក​កសិករ​បាន​ភ្ជួរ​ដាស់ដី​ ចេះ​ប្រើប្រាស់​ទឹក​ ដោយ​សន្សំសំចៃ​ចេះ​ប្រើប្រាស់​ចំ​គោលដៅ ​និង​ចេះ​ប្រើប្រាស់​ជី។

បន្ទាប់មក​ឯកឧត្ដម​ ក៏បានផ្ដល់​ឱកាស​ឱ្យ​ប្រជាកសិករ​ឡើង​មានមតិ ​ពី​បញ្ហាលំបាក​ដែល​បាន​ជួបប្រទះ​មួយចំនួន​ នៅក្នុង​រដូវ​បង្កបង្កើនផល​ មានដូចជា​បញ្ហា​ទឹក ពូជ និង​បច្ចេកទេស​ធ្វើឱ្យ​ស្រូវ​ទទួលបាន​ទិន្នផល​ខ្ពស់​ជាដើម ។

នៅ​ទីនោះ​ឯកឧត្ដម​ក៏បាន​ផ្ដល់យោបល់​មួយចំនួន ដែល​ក្នុង​នោះបាន​អំពាវនាវ សូមឱ្យ​ប្រជាជន​ប្ដូរ​ទម្លាប់​ចាស់ ហើយ​អនុវត្ដ​បច្ចេកទេស​ថ្មី។ ប្រើប្រាស់​ដី​ឱ្យអស់​លទ្ធភាព​ដោយ​ធ្វើស្រែ​ឱ្យបាន២ដង​ក្នុង១ឆ្នាំ (ដើមរដូវ ​និង​រដូវវស្សា) និង​ផ្ទេរ​ដីស្រែ​ទៅជា​ដីចម្ការ​នៅ​ចុងឆ្នាំ។ ដូរ​ពូ​ជៈ ពូជ​សុទ្ធ​ប្រើ​បានតែ៣ឆ្នាំ ពូជ​កាន់តែ​សុទ្ធ​ទិន្នផល​កាន់តែ​ខ្ពស់ ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ។ សំណាប​គឺ​កុំ​ស្ទូង​សំណាប​អាយុ​ចាស់​ព្រោះ​ធ្វើឱ្យ​ទិន្នផល​ចុះ​ទាប សំណាប​កាន់តែ​ខ្ចី(អាយុ​ក្រោម១៥ថ្ងៃ) កាន់តែខ្លាំង ។

ធ្វើ​ដី​មុន​កុំ​ធ្វើ​សំណាប​មុន ។ ធ្វើ​ដី​រងចាំ​សំណាប​ជាជាង​ឱ្យ​សំណាប​រង់ចាំ​ដី (ទឹកភ្លៀង) សាប​សំណាប​ជា​រង​ស្ពៃ​នៅក្បែរ​ផ្ទះ​ឬ​ធ្វើ​ធ្នើ ប្រើ​ពូជ​តិច-ធ្វើ​រោង​ដាក់​ជី​សន្សំ និង​ប្រើប្រាស់​ជីធម្មជាតិ ។ យក​ចិ​ត្ដ​ទុកដាក់​ដី​ស្រទាប់​ស្រទាប់​លើ​វា​ជា​អាយុជីវិត​របស់​ស្រូវ ។ ការិយាល័យ​កសិកម្ម ស្រុក​ត្រូវ​ចុះ​ស្រង់​ស្ថិតិ​ស្រះ​ទឹក​ក្នុងភូមិ​រួច​ចលនា​ប្រជាជន​ស្ដារឡើងវិញ​នូវ​ស្រះ​ទាំងអស់​ដើម្បី​បាន​ទឹក​ផ្គត់ផ្គង់​ប្រើប្រាស់។ឯកឧត្ដម​រដ្ឋមន្ដ្រី​សន្យា​នឹង​ផ្ដល់​កូន​ត្រី​ឱ្យ​ចិញ្ចឹម​ផងដែរ ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម