ចុះ​ពិនិត្យ​ការចិញ្ចឹម​គោ​ទឹកដោះ​ និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​នៅ​ភូមិ​កោះក្របី

អ៊ីមែល បោះពុម្ព PDF

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ រួម​ដំណើរ​ជាមួយ​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន បាន​អញ្ជើញ​ចុះទៅ ពិនិត្យ​ការចិញ្ចឹម​គោ​ទឹកដោះ និង​ជួប​ជាមួយ​សមាជិកសមាគម ​និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​ចំនួន១០០នាក់ នៅ​ភូមិ​កោះក្របី ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ។

មាន​ប្រសា​ស​ន៏​នៅក្នុង​ជំនួប​ ដែល​ធ្វើឡើង​កាលពីពេលថ្មីៗនេះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បានលើកឡើង ​ពី​សារសំខាន់​នៃ​សុខភាព​សត្វ។ ឯកឧត្ដម​បញ្ជាក់ថា​សុខភាព​សត្វ គឺជា​កត្ដា​សំខាន់​ដើម្បី​ទទួលបាន​ផលិតកម្ម​ខ្ពស់ ។

ដូច្នេះ​យើង​ត្រូវ​គិតពី​ការចាក់​ថ្នាំ​ការពារ អនាម័យ​ក្នុង​ទ្រុង ការការពារ និង​ព្យាបាល​ជម្ងឺ​ឱ្យបាន​ទាន់ពេលវេលា។ ទាក់ទង​ទៅនឹង​ការចិញ្ចឹម​គោ​យក​ទឹកដោះ ឯកឧត្ដម​បានផ្ដល់​យោបល់​ថា ត្រូវ​ជ្រើសរើស​ពូជ​ដែល​ផ្ដល់​ទឹកដោះ​ច្រើន ធានាបាន​ទាំង​បរិមាណ​និង​គុណភាព ។

យក​ចិ​ត្ដ​ទុកដាក់​ចំពោះ ចំណី (ស្មៅ​ស្រស់​មិន​ជូរ​ផ្អូម គ្មាន​ផ្សិត) ពិសេស​ស្មៅ​ដែល​ដាំ​មានការ​ថែទាំ​ត្រឹមត្រូវ - ចំណី​ផ្សំ​ស្រេច ឬ​ចំណី​បាវ (មាន​សារធាតុចិញ្ចឹម​ខ្ពស់) ការថែរក្សា​សុខភាព​ស​ត្វ (ជំងឺឆ្លង ជំងឺមិនឆ្លង រុយ មូស អាបោ​ម ទឹក​កែ ចៃ) ការធ្វើ​អនាម័យ​ទ្រុង និង​រាងកាយ​សត្វ​ឱ្យបាន​ល្អ និង​ជាប់​ជាប្រចាំ , រក្សា​ស៊ី​តុ​ណ្ហ​ភាព​ក្នុង​ទ្រុង​ឱ្យបាន​ត្រជាក់​ល្អ និង​ថេរ (ពីព្រោះ​គោ​ទឹកដោះ​ត្រូវការ​ត្រជាក់) ។

ឯកឧត្ដម​បន្ដទៀតថា ដើម្បី​ធានា​សុវត្ថិភាព​ទឹកដោះ​បានល្អ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ផ្ទាល់ខ្លួន ( personal hygiene ) លាង​សម្អាត​ដៃ​មុន​ចាប់​កាន់​កន្សោមដោះ​រឺត​យក​ទឹកដោះ និង​ឧ​បករ​ណ៏ផ្សេងៗ ។ លាង​កន្សោមដោះ ជាមួយ​សាប៊ូ​ឱ្យ​បានល្អ​មុននឹង​រឺត​យក​ទឹកដោះ ។ ទឹកដោះ រឺត​ហើយ​ត្រូវ​រក្សាទុក​ឱ្យបាន​ត្រឹមត្រូវ ការពារ​រុយ ធូលី និង​កម្ទេចកម្ទីផ្សេងៗ ។

ឯកឧត្ដម​បន្ដ​ជា​យោបល់​ផងដែរ ថា​គួរ​ចងក្រង​ជា​សមាគម ។នាយកដ្ឋាន​ត្រូវ​ចុះមក​បណ្ដុះបណ្ដាល​អប់រំ​បន្ថែមទៀត​ពី​បច្ចេកទេស ។ នាយកដ្ឋាន ត្រូវ​គិតគូរ​ពី​ពូជ ត្រូវ​ជម្រុះ​រក​ពូជ​ថ្មី​ដែល​ធន់​នឹង​ធាតុអាកាស​នៅ​ប្រទេស​ប្រទេស​កម្ពុជា។យក​ពូជ​ស្មៅ​ល្អ​មក​ចែកចាយ​ឱ្យដល់​សមាជិក ។ នាំគ្នា​ដាំ​ដំណាំ​ចំណី​សត្វ(ក្ទម្ពទេស ដំឡូងឈើ សណ្ដែក)សម្រាប់​ជា​ចំណី​សត្វ ។

ផ្សព្វផ្សាយ​បន្ថែមទៀត​ពី​ការចិញ្ចឹម​គោ​ទឹកដោះ ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ។ ជំរុញ​បណ្ដុះបណ្ដាល​ពេទ្យសត្វ​ភូមិ ឱ្យ​ក្លាយជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ភូមិ​ឱ្យបាន​ចប់សព្វគ្រប់​នៅ​ដំណាច់ឆ្នាំ២០១០ ។ នាយកដ្ឋាន​ត្រូវ​ជំរុញ​ការងារ​ចិញ្ចឹម​គោ​ទឹកដោះ​ឱ្យបាន​ច្រើន​ថែមទៀត ចំពោះ​ខេត្ដ​ដែលមាន​លក្ខណៈ​អំណោយផល ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម