មាន​ស្រះ​ទឹក​ហើយ​ត្រូវ​ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព

អ៊ីមែល បោះពុម្ព PDF

ស្រះ​ទឹក​សហគម​ន៏​មួយ ​ដែលមាន​ទំហំ២០០ម៉ែត្រ​គូ​ណ​នឹង៣០ម៉ែត្រ ​ជម្រៅ២ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ឧត្ដម​សូរិយា ស្រុក​ត្រាំកក់ ត្រូវបាន​សម្ពោធ កាលពីពេលថ្មីៗនេះ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​មន្ដ្រី​ក្រុមការងារ​របស់​ឯកឧត្ដម។

ស្រះ​ទឹក​នេះ​ ត្រូវបាន​ជួយ​ដោយ​ឯកឧត្ដម​រដ្ឋមន្ដ្រី​កសិកម្ម មន្ដ្រី​ក្រុមការងារ ​និង​ប្រជាជន​ចូលរួម​គ្នា ។ គេ​បាន​រំពឹងថា​ ដោយមាន​ស្រះ​ទឹក​ដ៏​ធំ​គួរសម​នេះ​សហគម​ន៏​នៅ​ទីនោះ នឹង​អាច​ដោះ  ស្រាយបាន​នូវ​បញ្ហា​ទឹក​ប្រើប្រាស់​សម្រាប់​មនុស្ស សត្វ និង​ការដាំដុះ​បន្ដិចបន្ដួច។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​កោតសរសើរ​ចំពោះ​ស​មិ​ទិ្ធ​ថ្មី​មួយ​នេះ​ថា ជាការ​រួមចំណែក​មួយ​ក្នុងការ​បង្កើត​ភាព​ម្ចាស់​លើ​បញ្ហា​ទឹក​នៅក្នុង​មូលដ្ឋាន​ ស្របទៅតាម​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​និង​គោលនយោបាយ​របស់​ក្រសួងកសិកម្ម ។

ឯកឧត្ដម​បាន​សំណូមពរ​ឱ្យ​ប្រជាជន​ថែរក្សា​សមិទ្ធិ​នេះ ជាមួយនឹង​ការប្រើប្រាស់​ការគ្រប់គ្រង​ឱ្យបាន​ល្អ ប្រើប្រាស់​ចំ​ទិសដៅ​និង​មាន​ប្រសិទ្ធភាព។ មានទឹក​ត្រូវតែមាន​ដំ​ណា​ម មាន​រុក្ខជាតិ​ខៀវស្រស់​បំព្រង នៅ​ម​ក្នុង​មូលដ្ឋាន។

ក្នុងឱកាស​នោះ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ក៏បាន​ជូន​យោបល់​ផងដែរ​ ទាក់ទង​ទៅ​ការ​បង្កបង្កើនផល ដែល​ក្នុងនោះ គឺ​ការប្ដូរ​ពូជ​ពី​ស្រូវធ្ងន់​ មក​ប្រើ​ពូជស្រូវ​ស្រាល ស្រូវកណ្ដាល, ការ​អនុវត្ដ​ន៏​បច្ចេកទេស​ដាំ​ដុះ​ថ្មី​ដូចជា​ការ​សាប ការ​ស្ទូង ការថែទាំ​ ដែល​អាចឱ្យ​កសិករ​ទទួល​នូវ​ទិន្នផល​ខ្ពស់។ កាត់បន្ថយ​ការប្រើប្រាស់​ជីធម្មជាតិ ថ្នាំបុរាណ​ដែលមាន​ប្រសិទ្ធភាព។ ការដាំដុះ​នៅលើ​ផ្ទៃដដែលៗឱ្យ​អស់ពី​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម