អំពាវនាវ​ឱ្យ​កសិករ​ពិចារណា​ពី​ការដាំ​បន្លែ​បន្ថែម

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ ដល់​កសិករ​ឱ្យ​ពិចារណា និង​រួត​រាស់​បង្វែរ​ដី​ធ្វើស្រែ​មួយចំនួន​ ទៅជា​ការដាំ​ដំណាំ​បន្លែ​ជំនួស​វិញ ខណៈ ដែល​តំបន់​ខ្លះ​ទឹកភ្លៀង​មិន​អំណោយផល។

ជាមួយគ្នានេះ​ធ្វើ​ស្រូវ ក៏ត្រូវ​ប្រើ​ពូជ​ស្រាល​វិញ។ កាលពីថ្មីៗនេះ ឯកឧត្តម​រដ្ឋមន្ត្រី អមដំណើរ​ដោយ​អស់លោក​ទីប្រឹក្សា​ក្រសួងកសិកម្ម ថ្នាក់​ដឹកនាំ​អង្គភាព នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​មួយចំនួន បាន​អញ្ជើញ​ចុះ​ពិនិត្យ​តំបន់​រាំងស្ងួត និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ចំនួន១២៦គ្រួសារ នៅ​ភូមិ​ដីក្រហម ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ប្រាប់​ដល់​កសិករ​នៅ​ទីនោះ ក៏ដូចជា​ការ​រំ​លឺ​ក​ទៅដល់​កសិករ នៅ​ទីកន្លែង​ផ្សេងទៀត ឱ្យ​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្តែង ហើយ​ប្រសិនជា​ការធ្វើ​ស្រូវ​មិន​អំណោយផល ទេ គួរតែ​បង្វែរ​ទៅ​ដាំ​ដំណាំផ្សេងៗទៀត ដែល​ត្រូវការ​ទឹក​តិច និង​សមស្រប​តាម​តម្រូវការ​ទីផ្សារ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ដំណាំ​មួយចំនួន​កសិករ​អាច​ទទួលបាន​ចំណូល​ច្រើនជាង​ស្រូវ​ទៅទៀត ជាមួយគ្នានេះ ការចិញ្ចឹម​សត្វ​ក៏ត្រូវ​ជម្រុញ​ផងដែរ។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ទាំង​ការ​ចិញ្ចឹមសត្វ ការដាំ​ដំណាំផ្សេងៗ គឺ​កសិករ​ត្រូវតែ​ប្តូរ​ទស្សនៈ​ពី​ការធ្វើ​គ្រាន់តែ​ផ្គត់ផ្គង់​គ្រួសារ ទៅជា​ការធ្វើ​ដើម្បី លក់ដូរ នោះ​ទើប​កសិករ​កាន់​តែមាន​ចំណូល​ច្រើន​ថែមទៀត។

ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​ចុះ​ពិនិត្យមើល​សំណាប សន្ទូង នៅក្នុង​ស្រែ​កំពុង​រងចាំ​ទឹក ភ្លៀង។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជួន​ជា​យោបល​ទៅដល់​កសិករ​ថា ដោយសារ​ពិសោធន៍​ដែល​យើង​ជួប ដដែលៗ នោះ​កសិករ​ត្រូវ​ប្តូរ​ពូជ​ពី​ការធ្វើ​ស្រូវធ្ងន់​មក​ធ្វើ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ ដែល​កសិករ​អាច ធ្វើបាន​ពីរដង​ក្នុង​មួយ​រដូវ។ ជាមួយនឹង​ការប្តូរ​បច្ចេកទេស​ផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹកថា ករណី​នៅតែ​គ្មាន​ទឹក​សូមឱ្យ​បោះចោល​សំណាប​ដែលមាន​អាយុ​ចាស់​ទាំងនេះ​ចោល ដោយ​ប្តូរ សំណាប​ថ្មី ដែល​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ ហើយ​សំណាប​មាន​អាយុ​ក្រោម១៥ថ្ងៃ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពន្យល់​ណែនាំ​អំពី​គុណវិបត្តិ​នៃ​ការ​ស្ទូ​វ​សំណាប ដែលមាន​អាយុ​លើសពី២ខែ វិធីសាស្ត្រ​ធ្វើ​ថ្នាលសំណាប រៀបចំ​ដី ការប្រើប្រាស់​ទឹក ដោយ​សន្សំសំចៃ ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ការប្រើប្រាស់ និង​សន្សំសំចៃ​ជីធម្មជាតិ ការ​ច​ម្ចា​ត់​សត្វ​ចង្រៃ និង​ការជ្រើសរើស​ទុកដាក់​ពូជ។

ក្នុងឱកាស​នោះដែរ បានផ្តល់​ជួន​ស្រូវពូជ​ដល់​ប្រជាកសិករ​ចំនួន១២៦គ្រួសារ ដែល​ក្នុង​មួយ គ្រួសារ​ទទួលបាន១០គីឡូក្រាម។

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម