ឯកឧត្តម​រដ្ឋមន្ត្រី​ទៅពិនិត្យ​ស្ថានភាព​រាំងស្ងួត​នៅ​ស្រុក​ពារាំង

អ៊ីមែល បោះពុម្ព PDF

មន្ត្រី​ក្រសួងកសិកម្ម​ បាន​និយាយ​ឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១០ គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ​ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ អស់លោក​ទីប្រឹក្សា​ក្រសួងកសិកម្ម ថ្នាក់ដឹកនាំ​អង្គភាព នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​មួយចំនួន ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល ស្ថានភាព​រាំងស្ងួត និង​សំណេះសំណាល​ ជាមួយ​ប្រជាកសិករ​ចំនួន១០០គ្រួសារ នៅ​ភូមិ​ពាម​អម្ពិល ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ចុះ​ដល់​វាលស្រែ​ដែល​ទទួល​ភាពរាំងស្ងួត ដើម្បី​មើល​ពី​ស្ថានភាព​ស្រូវ ដែល​កំពុង​ខ្វះខាត​ទឹក បន្ទាប់មក​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ចំនួន១០០ គ្រួសារ។

នៅ​ទីនោះ  ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​សេចក្តី​ផ្តាំផ្ញើរ និង​សាកសួរ​សុខទុក្ខ សេចក្តី​នឹករ​លឺ​ក របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ចក្រី ហេង សំរិន និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ សម្តេច​ទាំងបី​ក៏បាន​ប្រសិទ្ធពរ​បវរ​មហាប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​នាទី​នោះ​ផងដែរ។

មន្ត្រី​ដដែល​នេះ​បានឱ្យដឹងថា ក្នុងឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​ជា​អនុសាសន៍​មួយចំនួន​ដោយ​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​ភូមិ ឃុំ​គួរ​បង្វែរ​កញ្ចប់​មូ​លិ​ធិ​ភូមិ ឃុំ ដែលមាន​រាល់​ឆ្នាំ សម្រាប់​កសាង រចនាសម្ព័ន្ធ ប្រព័ន្ធ​ទឹក​វិញ (ប្រឡាយ ទំនប់ទឹក ។ល) នៅពេលដែល​ទទួលបាន​ទឹក​គ្រប់គ្រាន់ ធ្វើ​ស្រូវ​បាន២ដង ដោយ​ធ្វើ​ស្រូវ​ដើមរដូវ និង​ធ្វើ​ស្រូវវស្សា។

ធ្វើ​ស្រូវ​ឱ្យបាន​ច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ (ធ្វើ​ដើម្បី​លក់ មិន​សម្រាប់តែ​ហូប) និង​បង្វែរ​ដីស្រែ​មកជា​ដីចម្ការ ដែល​ដាំ​នូវ​ប្រភេទ​ដំណាំ ដែល​ត្រូវការ​ទឹក​តិច សន្សើម ដូចជា សណ្តែក​ត្រសក់ ល្ពៅ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រុញ​ឱ្យ​ប្តូ​វ​ពូជ​ចាស់​ដែលមាន​ក្នុង​ដៃ​ចេញ មក​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ទាំងអស់។

ចាប់ពី​ឆ្នាំក្រោយ​ត្រូវ​ប្តូរ​ទម្លាប់​ដែល​ធ្លាប់តែ​ធ្វើ​សំណាប​រងចាំ​ដី មក​ធ្វើ​ដី(ដាស់ដី)រងចាំ​សំណាប​វិញ គឺ​ត្រូវ​រៀបចំ​ដាស់ដី២-៤ដង និង​ធ្វើ​ដី​ឱ្យបាន​ស្អាត​រៀបស្មើ​ល្អ។ សំណាប​កាន់តែ​ខ្ចី កាន់តែខ្លាំង សំណាប​កាន់តែ​ចាស់​កាន់តែ​អន់។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ផងដែរ​ពី​ការប្រើប្រាស់​ទឹក ប្រើប្រាស់​ទឹក​ឱ្យ​សន្សំសំចៃ ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព។ សន្សំ​ជីធម្មជាតិ កាត់បន្ថយ​ការប្រើប្រាស់ ជីគីមី។ ជាមួយនេះ​ក៏ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ភ្លឺ​ស្រៃ និង​ការគ្រប់គ្រង​ទឹក ការបង្កើត​ប្រភពទឹក។ល។

ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជួយ​ឧ​ត្ថ​ម​ប្រេងម៉ាស៊ូត​ចំនួន ៥០០លីត្រ និង​ជួយ​ម៉ាស៊ីន ប៉ូ​ម​ទឹក​កម្លាំង១៦សេស ថ្មី​មួយគ្រឿង​ដល់​សហគមន៍​សម្រាប់​ប្រើប្រាស់​ក្នុង​ការជួយ​អន្តរាគមន៍​បូម ប្រចាំ​បាច់​សង្គ្រោះ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម