វត្ត​វិហារមាស​មាន​សាលា​ធម្មសភា​ថ្មី

អ៊ីមែល បោះពុម្ព PDF

វត្ត​វិហារមាស​ ដែល​ស្ថិតនៅ​ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខណៈ​នេះ​ បានទទួល​សាលា​ធម្មសភា​ថ្មី​មួយខ្នង ​នៅពេលដែល​ មិនយូរប៉ុន្មាន​សាលា​នេះ​ នឹង​បម្រើឱ្យ​សាសនិកជន​ នៅក្នុង​ពិធី​ភ្ជុំបិណ្ឌ​ខាងមុខនេះ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អ្នក​ជ្រោមជ្រែង ឱ្យ​កើតចេញ​ ជា​រូបរាង​នេះ​ឡើង​ បាន​អញ្ជើញ​ចូលរួម​សម្ភោ​ធ​ឆ្លង​ដោយផ្ទាល់ កាលពីដើម​សប្តាហ៍​កន្លងទៅនេះ។

សាលា​ធម្មសភា​ថ្មី​នេះ​ មាន​បណ្តោយ ២២ម៉ែត្រ និង​ទទឹង ១៦ម៉ែត្រ និង​ចំណាយ​ថវិកា​សាងសង់​ចំនួន៦៨.៦០០ដុល្លារ។ បច្ច័យ​សាងសង់ ​គឺបាន​ពី​ពុទ្ធបរិស័ទ​សប្បុរសជន​ជិត​ឆ្ងាយ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ ​ដោយ​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ជិត​ឆ្ងាយ គណៈ កម្ម​ការ​អាចារ្យវត្ត ប្រជាជន​ចំណុះជើងវត្ត អាជ្ញាធរ​មូលដ្ឋាន ដែល​បានរួម​សាមគ្គី​រហូត​បានសម្រេច បាន​សមិទ្ធផល​ដែល​បម្រើឱ្យ​វិស័យ​ព្រះពុទ្ធសាសនា។

ឯកឧត្តមរដ្ឋមន្ត្រី​ បាន​អំពាវនាវ​ឱ្យចូល​រួម​ថែរក្សា​សមិទ្ធិផល​ ដែល​សម្រេចបាន​ ដោយ​កម្លាំង​សទ្ធា​នេះ ដើម្បី​ប្រយោជន៍​ប្រើប្រាស់​បានយូរ​អង្វែង និងរួមគ្នា​កសាង​បន្ថែមទៀត​ ដើម្បី​ធ្វើឱ្យ​វិស័យ​ពុទ្ធចក្រ​នៅ​មូលដ្ឋាន​មានការ​រីកចម្រើន។

ឯកឧត្តម រដ្ឋមន្ត្រី​ក៏បាន​រំលឹក​ផងដែរ​ ទាក់ទង​នឹង​ការងារ​កសិកម្ម។ ឯកឧត្តម រដ្ឋមន្ត្រី​បាន បញ្ជាក់ថា ក្នុងចំនោម១៥ឃុំ របស់​ស្រុក​ត្រាំកក់​ គឺមាន​តែ​ឃុំ​ចំនួន​ពីរ​ទេ ដែល​សម្រេចបាន​តាម​ផែនការ នៅសល់​ឃុំ​ចំនួន១៣ទៀត​ដែល​មិនទាន់​សម្រេច​រួចរាល់។ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​សំណូមពរ​ដល់ កសិករ​នៅ​តំបន់​ដែល​អាច​ជម្រុញ​ការដក​ស្ទូង ត្រូវតែ​ជម្រុញ​ឱ្យបាន​ឆាប់រហ័ស។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​បច្ចេកទេស​ថ្មី​ក្នុងការ​សាប​ស្ទូង ការធ្វើ​ដី ការថែទាំ ការជ្រើសរើស​ពូជ ការ​ទុកដាក់​ពូជ។ ឯកឧត្តម រដ្ឋមន្ត្រី​បានបញ្ជាក់​ថា កសិករ​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ពូជ គឺ​ត្រូវ​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់ រដូវ​ទើប​សមស្រប​សម្រាប់​ពេលនេះ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម