ជួប​សហគមន៍​ចុង​សំ​ណាយ​ដែល​ផលិត​ស្រូវ​ពួជ

អ៊ីមែល បោះពុម្ព PDF

កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង គណៈប្រតិភូ​អមដំណើរ​មួយចំនួន រួមទាំង​គណៈកម្មាធិកា​រ ​គម្រោង​អេកូ​សូន បាន​ចុះទៅពិនិត្យ និង​សំណេះសំណាល ជាមួយ​សហគមន៍​ផលិត​ពូជស្រូវ​ ចុង​សំ​ណាយ​ចំនួន ១០០គ្រួសារ។

ក្រោយពី​បានស្ដាប់​ប្រវត្តិ ​នៃ​ការកកើត​សហគមន៍​ចុង​សំ​ណាយ និង​ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ នៅ​ទូទាំង​ស្រុក​មោង​ឬ​ស្សី រួមទាំង​ការថ្លែងអំណរគុណ​ដល់ ឯកឧត្តម​រដ្ឋមន្ត្រី ​ដែល​បាន​ពន្យល់​ណែនាំ​ ឱ្យ​យល់​ពី​ការធ្វើ ប.វ.ស រហូត​ ទទួលបាន​ជោគជ័យ​ដូច​ថ្ងៃនេះ ពី​សំណាក់​អនុប្រធាន​មន្ទីរ​កសិកម្ម និង​កសិករ​គំរូ និង​បន្ទាប់ពី​លោក ងិន ឆាយ ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ បានផ្ដល់​ជា​ទ្រឹស្ដី និង​បទពិសោធន៍​ដល់​កសិករ​អំពី​គុណវិបត្តិ ​នៃ​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម និង​ការ​កម្ចាត់​សត្វល្អិតរួចមក ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សមាជិក​សហគមន៍​ត្រូវ​រួម​សាមគ្គី​គ្នា​ដើម្បីឱ្យសហគមន៍ ​មាន​កេ​រ្ត៍​ឈ្មោះ​ទៅ​ថ្ងៃ​អនាគត​ដោយ​រក្សាបាន​នូវនិរន្តរភាព ​នៃ​ការផលិត (ទាំង​បរិមាណ និង​គុណភាព) និង​ទីផ្សារ​របស់ខ្លួន។

ទាក់ទង​នឹង​ការងារ​បច្ចេកទេស​ឯក​ឧ​ត្ត​ម​បន្តទៀតថា គ្រាប់ពូជ​ជាដើម​ចម​ដែល​ធ្វើឱ្យ​សំណាប​មានគុណ​ភាពល្អ រួច​បន្ត​ឱ្យ​សន្ទូង​មាន​សុខ​ភាពល្អ​ចុងក្រោយ​និង​ទទួលបាន​ទិន្នផល​ខ្ពស់ ក៏ប៉ុន្តែ​ក៏ត្រូវ​មានការ​ថែទាំ​យកចិត្តទុកដាក់​លើ ទឹក ជី ការដក​ស្មៅ ការសំលាប់​សត្វល្អិត​ដែរ។

ការលើក​ភ្លឺ​ជា​បញ្ហាសំខាន់​ដើម្បី​ស្តុក​ទឹក​សំរាប់​សន្ទូង និង​អាច​ចិញ្ចឹម​ត្រី​បាន​ផងដែរ ប៉ុ​នែ្ត​ទឹក​ច្រើន​ក៏​មិនល្អ​ដែរ​ព្រោះ នៅពេល​សន្ទូង​ចេញ​ផ្លែ​ងាយ​បាក់​ដើម។ ការចុះ​មើល​ស្រែ​ជាប្រចាំ​ដើម្បី​សំអាត​ស្មៅ​ជា​វិធីសាស្ត្រ​សាមញ្ញ​នៃ​ការ​កំចាត់​សត្វល្អិត។

ក្នុង​ការប្រើ​ថ្នាំពុល​កសិកម្ម ឬ​ជីគីមី​ត្រូវ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ជាមុនសិន។ អគ្គនាយកដ្ឋាន​កសិក​ម្ម​ត្រូវធ្វើ​យ៉ាងណា​ជំរុញ ដំណើរ​ការផលិត​ពូជស្រូវ និង​ការស្រាវជ្រាវ​ស្វែងរក​ឧបករណ៍​ព្រោះស្រូវ​ឱ្យ​រីកចំរើន​ទៅមុខ។ ឯកឧត្តម​បន្តទៀតថា មន្ទីរ​កសិកម្ម​ត្រូវខិតខំ​ថែមទៀត​ដើម្បីឱ្យ​សហគមន៍​នេះ​ដំណើរការ​ទៅ​រលូន និង​ជំរុញ​សមាជិកពូកែៗ ឱ្យ​ក្លាយជា​គ្រូ​ប​ង្កោ​ល ពិសេស​ធ្វើការ​បណ្ដុះបណ្ដាល​បន្ថែម​មិន​ចំពោះតែ​ដំណាំ​ស្រូវ​ទេ សត្វ ត្រី បន្លែ។ល។ មន្ទីរ​កសិកម្ម​ដែល​ទទួលបាន​ផល​ពី​គំរោង​អេកូ​សូន​ត្រូវ​ធ្វើយ៉ាងណា រក្សា​សមិទ្ធផល​របស់​គម្រោង​ឱ្យមាន​និរន្តរភាព បើទោះជា​គម្រោង​ត្រូវបាន​បញ្ចប់​ក៏ដោយ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម