ការប្រែប្រួល​អាកាសធាតុៈ​កសិករ​ក៏ត្រូវ​តែ​កែ​ទម្លាប់

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​ដាស់តឿន​ដល់​កសិករ​ថា អាកាសធាតុ​មានការ​ប្រែប្រួល​ទូទាំង​ពិភពលោក ដោយឡែក​នៅ​កម្ពុជា​ក៏​ដូច​នេះដែរ ដូចនេះ​ក៏​ចាំបាច់​កសិករ​យើង​ត្រូវតែ​ធ្វើការ កែប្រែ​ទម្លាប់​ដើម្បី​សម្រប​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង​ដែលមាន​ការវិវត្ដ​ន៏​នេះដែរ។

នៅ​ចំពោះមុខ​កសិករ​ជិត២០០នាក់​កាលពី​ថ្ងៃទី៣០ ខែសីហា នា​ភូមិ​មឿង​ចារ ឃុំ​ជាងទង ស្រុក​ត្រាំកក់​ក្នុងឱកាស​សម្ពោធ​ស្រះ​ទឹក​ដ៏​ធំ​មួយ​ ដែល​ចំណាយ​ប្រាក់​ជីក​អស់​ជិត​កន្លះ​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ដែលជា​ម្ចាស់​អំណោយ​បាន​ប្រាប់​កសិករ​នៅ​ទីនោះ​ថា​ ឯកឧត្ដម​សូម​ចូលរួម​អបអរសាទរ​ជាមួយ​អ្នកភូមិ​មឿង​ចារ ដែលមាន​ស្រះ​ទឹក​ដ៏​ធំ​បង្គួរ​មួយ ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន។ មានន័យថា ពេលនេះ​មឿង​ចារ​សម្រេច​កសាងបាន​ប្រភពទឹក​មួយ​ថែមទៀត​សម្រាប់​បម្រើ​ម​ឱ្យ​ជីវភាព​រស់នៅ និង​ការធ្វើ​កសិកម្ម ។

 

វា​ក៏​ត្រូវតែ​ប្រែក្លាយ​ប្រភពទឹក​នេះ​ ឱ្យមាន​សារ​ប្រ​យោ​ជ​ន៏​មាន​ប្រសិទ្ធិភាព​សេដ្ឋកិច្ច ពោល​មានទឹក​ត្រូវមាន​ដំណាំ មានការ​ចិញ្ចឹមសត្វ​មាន​មុខរបរផ្សេងៗ ដែលមាន​ផ្ដល់នូវ​ចំណូល​សម្រាប់​គ្រួសារ។ ឯកឧត្ដម រដ្ឋមន្ដ្រី​បានធ្វើការ​រំលឹក​ទៀតថា ខណៈ​នេះ​នៅ​ទូទាំង​ពិភពលោក​ បាននិងកំពុង​មាន​កង្វល់​ចំពោះ​ការប្រែប្រួល​អាកាសធាតុ។ ការប្រែប្រួល​នេះ​វា​មាន​ឥទ្ធិពល​ធំ​ទៅលើ​វិស័យ​កសិកម្ម។

 

ពិភពលោក​កំពុងតែ​យក​ចិ​ត្ដ​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ។ ដោយឡែក​សម្រាប់​កម្ពុជា ​ក៏​ទទួល​នូវ​ឥទ្ធិពល​នេះដែរ ដែល​តម្រូវ​ជា​ចាំបាច់​កសិករ​ត្រូវតែ​ធ្វើការ​ផ្លាស់ប្ដូរ​ទស្សនៈ និង​ទម្លាប់​ក្នុង​ការធ្វើ​កសិកម្ម​ដើម្បី​ចៀសវាង​បាន​ពី​ហានិភ័យ​ដែល​កើតឡើង​ពី​ការប្រែប្រួល​នេះ។

ឯកឧត្ដមរដ្ឋមន្ដ្រី ​បានបញ្ជាក់​ថា​ការផ្លាស់ប្ដូរ​នេះ ត្រូវ​ចាប់ផ្ដើម​តាំងពី​ការជ្រើសរើស​ពូជ​ ដោយ​ប្រើ​ពូជ​សុទ្ធ​ល្អ​ ការប្រើ​ពូជស្រូវ​ស្រាល​ជំនួស​ស្រូវធ្ងន់ ​ដោយ​ត្រូវ​ធ្វើឱ្យបាន​ពីរដង​ក្នុង​រដូវ​ផ្លាស់ប្ដូរ​របៀប​ស្ទូង សាប ការប្រើ​សំណាប-ល-។ ឯកឧត្ដម​បាន​បន្ដថា​សម្រាប់​កសិករ ទាំង​ក្រុមការងារ​របស់លោក ​និង​រូប​ឯកឧត្ដម​ផ្ទាល់ ត្រៀមខ្លួន​ជានិច្ច​ ដើម្បី​ជួយ​ដល់​កសិករ ​ប្រសិន​ជាមាន​ចម្ងល់​ឬ​ត្រូវ​សួរ​យោបល់​ពី​បច្ចេកទេសផ្សេងៗ ទាក់ទង​ទៅនឹង​ការធ្វើ​កសិកម្ម។

គួររំលឹកថា ស្រះ​ទឹក​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នោះ ​មាន​ទំហំ៧០ម៉ែត្រ​ គុណ​នឹង៥៥ម៉ែត្រ និង​ជម្រៅ២ម៉ែត្រ ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន៤.១០០ដុល្លារ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​មាន​ប្រសា​ស​ន៏​ថា នេះ​ជាការ​វិនិយោគ​មួយ​ដើម្បីឱ្យ​កសិកម្ម​នៅទីនេះ​កើតឡើង​ហើយ​នេះ​ជា​ក្ដីសង្ឃឹម​របស់​យើងទាំងអស់គ្នា ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម