ប្រលងប្រណាំងកសិករៈ លេខ១បានមេគោ១ក្បាល, លេខ២ មេជ្រូក១ និងលេខ៣ មេមាន់១០

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ច័ន្ទ សារុន បានប្រកាស​ប្រាប់​ ដល់ក​សិ​ករ​នៅ​ឃុំ​សំរោង ស្រុក​ត្រាំកក់​ អោយ​ចូលរួម​ប្រលងប្រណាំង រង្វាន់​របស់លោក ដែល​ជន​ជ័យលាភី​ អាច​ទទួលបាន​នូវ​មេគោ​ក្រមុំ មេ​ជ្រូក និង មេមាន់។ ការប្រឡង ប្រណាំង​នេះ គឺ​លើ​ការងារ​កសិកម្ម និងការងារ​ចិញ្ចឹមសត្វ ។

មន្ត្រី​ក្រុមការងារ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បានអោយដឹង​កាលពី​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១០ ក្នុង​ពិធី​ប្រគល់​នូវ​អណ្តូងទឹក ចំនួន១ ម៉ាស៊ីន​ប៉ូ​ម​ទឹក១ គ្រឿង និង​តុ​គ្រូ​សំរាប់​ប្រជុំ១ ជូន​ដល់​កសិករ និងលោកគ្រូ​អ្នកគ្រូ​ ភូមិ​តា​ស្មន់ ឃុំ​សំរោង ស្រុក​ត្រាំកក់ កាលពី​ចុង​ស​ប្តា​ហ៌​នេះ លោក​រដ្ឋមន្ត្រី​បានប្រកាស​ជំរុញ​កសិករ​អោយ​ចូល​រួម​ក្នុងការ​ប្រឡងប្រណាំង​នៅតាម​ ភូមិ ឃុំ លើ​ការងា​កសិកម្ម និងចិញ្ចឹមសត្វ ។

លោក​បាន​បន្តថា ប្រធានបទ ក្នុងការ​ប្រឡងប្រណាំង​នេះ​គឺ លើ​ការងារ​កសិកម្ម មានការ​ធ្វើ​ស្រូវ​ប្រពលវប្បកម្ម ការដាំ​ដំណាំ និង​ការធ្វើ​ឡ​ជីរ​ឧស្ម័ន។ ចំណែក​ការងា​ចិញ្ចឹមសត្វ​មាន ការចិញ្ចឹម​គោ ក្របី ជ្រូក មាន់ ទា។ អ្នក​ជ័យលាភី​លេខ១ នឹង​ទទួលបាន មេគោ​ក្រមុំ ១ក្បាល , លេខ២ ទទួលបាន​មេ​ជ្រួក​ក្រមុំ ១ ក្បាល និង​លេខ៣ ទទួលបាន មេមាន់​ចំនួន ១០ ក្បាល ។ ទាំងនេះ គឺជា​រង្វាន់​របស់លោក​ឯកឧត្តម​រដ្ឋមន្ត្រី ។

មន្ត្រី​ដដែល​នេះ​បាន​អោយដឹងទៀតថា  ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​ជំរុញអោយមាន​ចលនា ប្រឡងប្រណាំង គឺ​មិនមែន ធ្វើ​ត្រឹមតែ នៅ​ស្រុក​ត្រាំកក់​ប៉ុណ្ណោះ​ទេ តែ​លោក​នឹង​បន្ត​ដល់​ថ្នាក់ជាតិ ដើម្បី​យក​រង្វាន់​ទៀត។ ការធ្វើ​បែបនេះ គឺ​ក្នុង​បំណង​ដើម្បី​ជំរុញ​ផលិតផល​កសិកម្ម លើក​កំពស់​កំរិតជីវភាព​ប្រជាកសិករ។ លោក​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាប់​ដល់​កសិករ​នៅ​ទីនោះ​ថា កសិករ​ត្រូវតែ​ផ្លាស់​ប្តួ​រ ទាំង​ទស្សនៈ ទាំង​បច្ចេកទេស​លើ​ការងា​កសិកម្ម ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល និងប្រមុខ​រដ្ឋាភិបាល បានកំនត់​រួចហើយ​នៅ​ឆ្នាំ ២០១៥ ខាងមុខ កម្ពុជា​ត្រូវ​នាំ​អង្ករ​ចេញ​អោយបាន ១លាន​តោន។ កម្ពុជា​នឹងធ្វើ​ខ្លួន​អោយ​ក្លាយជា​ប្រទេស​នាំ​អង្ករ​ចេញ។ ដើម្បី​សំរេចបាន​ដូចនេះ កសិករ​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទម្លាប់​ចាស់​របស់ខ្លួន​ផងដែរ ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម