ឆ្លើតតបតាមលិខិតសំណូមពររបស់ប្រជានេសាទ ចំនួន៩៨០គ្រួសារ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ។ លោកងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានដឹកនាំគណៈប្រតិភូមួយក្រុមចុះដោះស្រាយ និងសម្របសម្រួលសំណូមពររបស់ប្រជាជនដល់ទីកន្លែងជាក់ស្ដែង។ កិច្ចប្រជុំបានប្ររព្ធឡើងក្នុងបរិវេណវត្ដសុវណ្ណជលសារ ហៅវត្ដកំពង់ចម្លង ក្នុងឃុំផាន់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ។
សមាសភាពចូលរួមសំខាន់ៗមាន អស់លោកជាសមាជិករដ្ឋសភាមណ្ឌលកំពង់ធំ របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីក្នុងជំនាញជលផលបរិស្ថាន អស់លោកជាអភិបាលខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង អស់លោកជាទីប្រឹក្សា មន្ដ្រីរាជការ អ្នកមុខ អ្នកការជាច្រើននាក់ទៀត ។
លោកងួន ញ៉ិល បានមានប្រសាសន៏បើកអង្គប្រជុំ ដោយបានបញ្ជាក់ជូនចំពោះព្រះសង្ឃមន្ដ្រីរាជការប្រជាជន ក្នងឱកាសនោះថា ថ្នាក់ដឹកនាំប្រទេសជាតិមានសម្ដេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភាសម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុ សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដោះស្រាយជាក់ស្ដែងចំពោះជីវភាពប្រជាជនគ្រប់ទីកន្លែងទូទាំងប្រទេស ទោះបីសម្ដេចទាំងបីមិនបានអញ្ជើញចុះជាក់ស្ដែងក្ដី ក៏ត្រូវបានអស់លោកក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាតំណាងរបស់សម្ដេចចុះដោះស្រាយដោយផ្ទាល់ជាក់ស្ដែងដូចក្នុងករណីថ្ងៃនេះ ។លោកងួន ញ៉ិល បានមានប្រសាសន៏ទៀតថា រាល់សំណូមពរ ឬពាក្យបណ្ដឹងរបស់ប្រជាជន គឺត្រូវប្រើតាមរយៈអំណាចបី គឺតាមរយៈប្រព័ន្ធ តុលាការ តាមស្ថាប័ននីតិប្បញ្ញត្ដិ និងតាមរយៈស្ថាប័ននីតិប្រតិបត្ដិ គឺរាជរដ្ឋាភិបាល ។ លោកហេង មនោ មេឃុំផាត់សណ្ដាយ ដោយមានការគាំទ្រពីលោកអភិបាលស្រុកកំពង់ស្វាយលោកអភិបាលខេត្ដកំពង់ធំផងនោះ បានលើកឡើងនូវសំណូមពរចំនួន៦របស់ប្រជាជនទាំង៩៨០គ្រួសារ គឺសុំរក្សាទុកតំបន់តាសោម ជើងឡង ណាមសែន កន្លកបាយក្អែក ចុងអូរ កន្លងតាឈុន ចុងព្រែកឆ្កោក កោះតាបរ កុំដាក់តំបន់ទាំងនោះជាតំបន់កដប ។
សុំលុបឡូត៏នេសាទលេខ១ ស្ទឹងសែង ដើម្បីប្រជារាស្ដ្របានប្រកបរបរជាលក្ខណៈគ្រួសារ និងធ្វើចរាចរបាន ។ សុំកុំឱ្យឡូត៏លេខ 1A កំពង់ឆ្នាំងរំលោភយកដែនទឹកសាធារណៈធ្វើជាដែនចំហាយរបស់ឡូត៏មិនអាចប្រជាជនធ្វើនេសាទបាន ។ សុំឱ្យមន្ដ្រីជំនាញបន្ធូរបន្ថយចំពោះប្រជាពលរដ្ឋប្រកបរបរនេសាទ ដោយមានការពង្រីកបន្ថែមនូវឧបករណ៏នេសាទ ។ សុំកាត់ឡូត៏លេខ៣ពីតំបន់កោះតាបរមកចុងអូរកន្លុកបាយក្អែក ដើម្បីប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារ ។ សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញពិសេសរដ្ឋាបាលជលផលមេត្ដាយោគយល់ដល់ប្រកបរបរនេសាទរបស់ប្រជាពលរដ្ឋក្នុងរដូវបិទនេសាទ ។
លោកងួន ញ៉ិល បានមានប្រសាសន៏ដោយសុំឱ្យគណៈប្រតិភូសមាជិក សមាជិកា អញ្ជើញមានមតិដើម្បីរកឃើញការសម្របសម្រួលជាវិជ្ជមានមួយ ។ លោកងួន ញ៉ិល បានបញ្ជាក់ទៀតថា ការងាររបស់យើងថ្ងៃនេះជាលទ្ធផលនឹងចេញតាមច្រកពីរទីមួយគឺការសម្របសម្រួលដែលទាំងសងខាងទទួលយកបាន ហើយក៏ជាគោលបំណងសំខាន់របស់យើងទាំងអស់គ្នា ។ ទីពីរក្នុងករណីជំនាញ គឺក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមិនអាចដោះស្រាយសម្របសម្រួលបាននូវចំណុចណាមួយ ក្នុងចំណោមសំណូមពរទាំង៦របស់ប្រជាជនបានទេគឺគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ធ្វើលិខិតតាមរយៈសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ ។
ផ្អែកលើអនុសាសន៏ខាងលើឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញមានប្រសាសន៏បញ្ជាក់ជូនថា ចំពោះសំណូមពរទាំង៦របស់ប្រជានេសាទ គឺចែកជាសំណូមពរងាយស្រួល សំណូមពរដែលត្រូវដោះស្រាយចំពោះមុខ និងសំណូមពរពិបាក ។ ចំពោះសំណូមពរទីបីសុំកុំឱ្យឡូត៏លេខ 1A កំពង់ឆ្នាំងរំលោភយកដែនទឹកសាធារណៈរបស់រាស្ដ្រ ធ្វើជាដែនចំហាយរបស់ឡូត៏មិនអាចប្រជាជនធ្វើនេសាទបាន កឺក្រសួងយល់ព្រម ។ ចំពោះសំណូមពរទាក់ទងការនេសាទលក្ខណៈគ្រួសារ ការពង្រីកឧបករណ៏នេសាទគឺសំណូមពរដែលយើងកំពុងគិតគូរដោះស្រាយ នោះគឺក្រសួងកំពុងតែកែសម្រួលច្បាប់ស្ដីពីឧបករណ៏នេសាទលក្ខណៈគ្រួសារ ដើម្បីឱ្យប្រជាជនមានលទ្ធភាពនេសាទកាន់តែធំ ។
ចំពោះសំណូមពរសុំលុបឡូត៏នេសាទលេខទី១ សុំកាត់ឡូត៏នេសាទលេខ ៣ គឺជាសំណូមពរពិបាក និងត្រូវមានការដោះស្រាយជាជំហាន ។ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន ក៏បានសំណូមពរឱ្យប្រជាជនគិតគូរអំពីមុខរបរផ្សេងទៀតផង ដើម្បីបង្កើនជីវភាពគ្រួសារចៀសវៀងការពឹងផ្អែកទៅលើតែមុខរបរនេសាទមួយមុខ។
លោកងួន ញ៉ិល បានឯកភាពជាមួយឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការដោះស្រាយជាជំហានៗនូវសំណូមពររបស់ប្រជាជន គឺយើងត្រូវដោះស្រាយតាមនីតិវិធីច្បាប់ផង និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផង តែការដោះស្រាយសូមឱ្យបន្ទាន់និងប្រញាប់ ។
បន្ទាប់ពីកិច្ចប្រជុំដោះស្រាយសំណូមពរ និងការសំណេះសំណាលរួចមក លោកងួន ញ៉ិល បានប្រគេនបច្ច័យចំពោះព្រះសង្ឃចំនួន៤.០០០.០០០រៀល សម្រាប់ចូលរួមការកសាងសមិទ្ធផលក្នុងវត្ដកំពង់ចម្លង ។ ឧបត្ថម្ភឃុំផាត់សណ្ដាយចំនួន១.០០០.០០០រៀល ។ ឧបត្ថម្ភឃុំពាមបាងចំនួន១.០០០.០០០រៀល និងបានចែកជូនប្រជាជន១.០០០នាក់ ក្នុងម្នាក់ទទួលបានសារុង១៕






