ជួប​កសិករ​តម្បាញ​ជាង២០០គ្រួសារ​នៅ​ឃុំ​តា​ភេ​ម

អ៊ីមែល បោះពុម្ព PDF

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ បាន​ជួប​ជាមួយ​កសិករ​តម្បាញ​ ចំនួន២២៩គ្រួសារ​នៅ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ។ ការជួប​នេះ ត្រូវបាន​ពន្យល់ថា ជា​ផ្នែក​មួយ​នៃ​ការលើក​ទឹក​ចិ​ត្ដ​និង​ជំរុញ​ដល់​កសិករ​ដែលមាន​មុខ​របរ​បន្ថែម ។

លោក​ស៊ុំ ផា​សឺត ក្រុមប្រឹក្សាឃុំ​តា​ភេ​ម​បានឱ្យដឹងថា ឃុំ​នេះ​មាន​ផ្ទៃដី​ចំនួន៣.៤៧៣,៦០ហិកតា ក្នុងនោះ​ផ្ទៃដី​ស្រែ​ចំនួន២.៩១២ ហិកតា ។ ប្រជាជន​សរុប៣.០០៨គ្រួសារ​ស្មើនឹង១៥.១៤៦នាក់។ក្រៅពី​ការធ្វើ​ស្រែ ប្រជាជន​នៅ​ទីនោះ​បាន​ប្រក​បរបរ​ផ្សេងទៀត​ដូចជា​ដាំ​ដំណាំ​ចិញ្ចឹមសត្វ និង​រកស៊ី​បន្ដិចបន្ដួច ។ លោក​ផា សឺត បានឱ្យដឹង​ទៀតថា ដោយមាន​ការជួយ​គ្រប់បែបយ៉ាង​ពី​សំណាក់​ឯកឧត្ដម​រដ្ឋមន្ដ្រី​កសិកម្ម និង​មន្ដ្រី​ក្រុមការងារ​គណបក្ស​ប្រជាជន​ជាប់​ជាប្រចាំ​នោះ កសិករ​បានទទួល​នូវ​ចំណេះដឹង​លើ​ការចិញ្ចឹម​សត្វ ថែទាំ​សត្វ​ហើយ​អ្វី​ដែលជា​មុខរបរ​ថ្មី​មួយទៀត គឺ​តម្បាញ​ជា​លក្ខណៈ​គ្រួសារ។

ឯកឧត្ដម​បន្ដទៀតថា មុខរបរ​ថ្មី​នេះ​កសិករ​អាច​រកចំណូលបាន​គួរសម ។ ប៉ុន្ដែ​ខណៈ​នេះ​ដោយមាន​អ្នក​តម្បាញ​ច្រើន​បានធ្វើឱ្យ​ផលិតផល​នេះ​នៅសល់​ច្រើន ដែល​ទាមទារ​ការពង្រីក​ទីផ្សារ​ថែមទៀត ។ ឯកឧត្ដម​បន្ដថា នៅពេលនេះ​ក្រមា​អ្នកភូមិ​នៅសល់​ប្រមាណ១.៩៥០ក្រមា។

ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​បាន​ប្រាប់​អ្នកភូមិ​ថា អ្វីដែល​គួរឱ្យ​បារម្ភ​មិនមែន​ផលិតផល​នៅសល់​នោះទេ​សំខាន់​គឺ​យើង​មានមុខរ​បរបាន​ជំនាញ​មួយ​ថ្មី​ទៀត​ក្រៅពី​ធ្វើស្រែ ។ ឯកឧត្ដម​បាន​ប្រាប់​អ្នកភូមិ​ថា ឯកឧត្ដម​ទទួល​ទិញ​ក្រមា​ដែល​នៅសល់​នោះ​ទាំងអស់​និង​ឱ្យ​តម្លៃលើស​ទីផ្សារ​ចំនួន៥០០រៀល​ក្នុង​ក្រមា​មួយ​ទៀតផង ។ក្រមា​ដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី​ទទួល​ទិញ​នោះ​មួយ​តម្លៃ៦.៥០០រៀល ។ ឯកឧត្ដម​បាន​លើកទឹកចិត្ដដ​ល់​កសិក​រ​ឱ្យ​បន្ដ​ខិតខំ​ក្នុង​មុខរបរ​ថ្មី​នេះ​ជាមួយនឹង​បង្កើន​មុខរបរ​ផ្សេងទៀត​ដែល​នៅ​ជិត​ផ្ទះ​និង​អាចធ្វើ​បាន ។ ឯកឧត្ដម​បាន​ពន្យល់​ថា ធ្វើការ​ងារ​នៅ​ជិត​ផ្ទះ​វា​ប្រសើរ​ជាង​ការងារ​ធ្វើ​ចំណាកស្រុក ដែល​ប្រឈម​នឹង​បញ្ហា​ច្រើន ក្នុងនោះ​មាន​សុវត្ថិភាព​ខ្លួនឯង សុភមង្គល​ក្នុង​គ្រួសារ​និង​ជំងឺ​ជាដើម ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម