ឯកឧត្តមបណ្ឌិត ចន្ទ័ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ត ដល់បណ្តាកសិករ នៅតំបន់អតីតខ្មែរក្រហម ឲផ្លាស់ប្តូរឥរិយាបថ ក្នុងការធ្វើកសិកម្មដើម្បីឲពួកគេមានជីវភាពកាន់តែប្រសើរថែមទៀត។
ខណៈជួបជាមួយកសិករចំនួន២០០គ្រួសារ នៅភូមិទំនប់ឃុំស្វាយត្រពាំងប្រាសាទកាលពីដើមសបា្តហ៍នេះ ឯកឧត្តមបណ្ឌិត ចន្ទ័ សារុន បានប្រាប់កសិករនៅទីនោះថា ដោយសារ ដីនៅទំនេរមានជីវជាតិល្អ អំណោយផលដល់ការធ្វើកសិកម្ម ដូចនេះការដាំដុះត្រូវតែប្រើប្រាស់បច្ចេកទេសថ្មី។ នោះកសិករនឹងទទួលបាននូវផលកាន់តែច្រើនថែមទៀត។
លោកប្រធានមន្ទើរកសិកម្មខេត្តឧត្តរមានជ័យ បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា គិតត្រឹមចុងខែកក្កដា កន្លងទៅនេះកសិករ ធ្វើស្រុវវស្សា បានចំនួន៥១៧៥០ហិកតា ស្មើនឹង៨៦ភាគរយ នៃផែនការ៦០០០០ហិកតា។ ដាំដំណាំរួមផ្សំបានចំនួន១៦៤៤០ហិកតាស្មើនឹង២៥០ភាគរយនៃផែនការ៦៥០០ហិកតា។ មានការកើនឡើងយ៉ាងខ្លាំងនូវដំណាំដំឡូងមី ដោយដាំបានរហូត១៤០០។លោកប្រធានមន្ទើរ បានបញ្ជាក់ទៀតថា ខណៈនេះកសិករ បានផ្លាស់ប្តូរពីការធ្វើស្រូវពង្រោះ មកអនុវត្តន៍ស្រូវសន្ទូង និងការធ្វើ ប.វ.ស។ ប៉ុន្តែអ្វីដែលជាការលំបាករបស់ពួកគេគឺកង្វះប្រពន្ធ័ស្រោចស្រព និងកម្លាំងអូសទាញ។
ឯកឧត្តមបណ្ឌិត ចន្ទ័ សារុន បានឆ្លើយតបចំពោះការលំបាកនៅទីនោះថា បញ្ហាខ្វះខាតទឹក ក្រសួងនឹងបញ្ជូនក្រុមការងារ មកសិក្សាជាមុនសិន ដើម្បីពិចារណា ពីការឆ្លើយតបយ៉ាងណា ដែលមានប្រសិទ្ធិភាពនិងចីរភាព។ ចំពោះបញ្ហាកសិករ សុំពង្រីកដីកសិកម្មឯកឧត្តមបានពន្យល់ថា ចំពោះមុខកសិករ មានបញ្ហាប្រឈមមុខមួយចំនួន ដូចជាកង្វះពលកម្ម កង្វះកម្លាំងអូសទាញ កង្វះទុនជាដើមទុន ដូចនេះ កុំអាលគិតពីការពង្រីកដីបន្ថែម តែយើងត្រូវគិតគូរពីការប្រើប្រាស់ដី ដែលមានស្រាប់ឲអស់លទ្ធភាព។ មានន័យថាកសិករត្រូវប្តូរពូជប្តូរបច្ចេកទេសដាំដុះ ពោលអនុវត្តន៍ប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ, ការប្រើប្រាស់ពូជស្រូវទាំង១០មុខ។
ឯកឧត្តម បានអំពាវនាវឲបញ្ឈប់ការធ្វើចំណាកស្រុក តាមការអូសទាញរបស់ជនខិលខូច។ ចូលរួមថែរក្សាការពារព្រៃឈើ សត្វព្រៃឲបានគង់វង្ស។ ជាមួយនោះងាកមកបង្កើតមុខរបរបន្ថែម ដូចជាការចិញ្ចឹមសត្វ ការដាំដុះដំនាំកសិឧស្សាហកម្មផ្សេង៕






