លិខិតថ្វាយព្រះពរ

អ៊ីមែល បោះពុម្ព PDF

លិខិត​ថ្វាយព្រះពរ

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ

នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បុណ្យខួប​លើក​ទី៧

នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ

 

ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ និយោជិត កម្មករ ទាំង​អស់នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ទ្រង់​ព្រះមេត្តាប្រោស និង​សូម​ទ្រង់​ព្រះ​រាជានុញ្ញាត​ឱ្យ​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​បាន​សម្តែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌ និង​មនោសញ្ចេតនា​រំភើប​រីករាយ​ជាទីបំផុត ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យខួប​លើក​ទី៧ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជាទី គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១១ គឺជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី៧ នៃ​ព្រះ​រាជពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ជា​អម្ចាស់ ទួល​ព្រះ​បង្គំ​យើងខ្ញុំ​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ និ​យោ​ជិ​ក កម្មករ​ទាំងអស់ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​លើក​ហត្ថ​អញ្ជលិ​បង្គំ​ទូល​ថ្វាយព្រះពរ​សព្វ​សាធុការ បវរ​មហាប្រសើរ និង​សូម​ទូលថ្វាយ​ព្រះរាជ​កុសល ចំពោះ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​មាំមួន ព្រះកាយពល​ខ្លាំងខ្លា ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​ទ្រង់​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​រៀងរហូត សូម​ទ្រង់​ឈ្នះ​អស់​មារ​សត្រូវ សព្វ​ទិសានុទិស និង​សូម​ទ្រង់​គង់នៅ​ជាម​ហា​ម្លប់​ដ៏​សែន​ត្រជាក់ និង​ដ៏​សុខក្សេមក្សាន្ត សម្រាប់​ដល់​អស់​ប្រជានុរាស្ត្រ របស់​ព្រះអង្គ​ជានិច្ច​និរន្តរ៍​ស្ថិតស្ថេរ​ចីរកាល​តរៀង​ទៅ។

សេចក្តី​គួរ​ពុំគួរ សូម​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ទ្រង់​ព្រះមេត្តាប្រោស។

ក្រាបបង្គំ​ទូលថ្វាយ​នៅ​រាជធានី​ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១

តំណាង​មន្ត្រីរាជការ និ​យោ​ជិ​ក កម្មករ

រដ្ឋមន្ត្រី

 

ច័ន្ទ សារុន

ឯកសារភ្ជាប់
Fileការ​ពិពណ៌នា
Download this file (wish.pdf)លិខិតថ្វាយព្រះពរលិខិតថ្វាយព្រះពរដើម្បីចូលរួមអបអរសាទរបុណ្យខួបលើកទី៧ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម