លិខិតថ្វាយព្រះពរ
ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ
បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុ
គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា
ទួលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ និយោជិក កម្មករទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមទ្រង់មេត្តាប្រោសព្រះរាជទាន និងព្រះរាជានុញ្ញាតថ្វាយព្រះពរបវរមហាប្រសើរ សិរីមង្គល វិបុលសុខ ថ្វាយចំពោះ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៨៩ យាងចូល ៩០វស្សា។
ទួលបង្គំ យើងខ្ញុំទាំងអស់ ជាកូន ជាចៅ តែងតែចងចាំក្នុងមនសិការរបស់ទូលបង្គំយើងខ្ញុំជានិច្ចថា ព្រះអង្គ គឺពិតជា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ គឺជាអគ្គមហាបុរសរដ្ឋនៃមាតុភូមិអង្គរនៃយើង ជាអគ្គមគ្គុទេសក៍ដ៏ឈ្លាសវៃបំផុតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលស្នាព្រះហស្ថដ៏ឆ្នើមរបស់ព្រះអង្គបានបន្សល់ទុកជាសក្ខីកម្ម យ៉ាងពិតប្រាកដ ព្រមទាំងបានបង្ហាញនូវទេពកោសល្យពោរពេញទៅដោយព្រះបញ្ញាញាណដ៏ភ្លឺស្វាង ក្នុងបុព្វហេតុ ជាតិមាតុភូមិឈានដល់ការរីកចម្រើនគ្រប់វិស័យសម្រាប់កូនចៅជំនាន់ក្រោយ។
នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល៩០ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ និយោជិត កម្មករ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកហត្ថអញ្ជលិ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ រាជបល្ល័ង និងព្រះវិញ្ញាណក្ខ័ន្ធ នៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី សូមទ្រង់តាមជួយថែរក្សា ព្រះបាទ សម្តេចព្រះរោត្តម សីហនុ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខ មានព្រះជន្មាយុយឺនយូរជាងរយព្រះរាជវស្សា មានព្រះសុខភាពមាំំមួន ចៀសផុតពីព្រះរោគាព្យាធិគ្រប់បែបយ៉ាង ដើម្បីទ្រង់គង់នៅជាមហាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងដ៏រាបទៅ។
ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១
តំណាងមន្ត្រីរាជការ និយោជិត កម្មករ
រដ្ឋមន្ត្រី
ច័ន្ទ សារុន






