ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានរំលឹកដល់កសិករ ឱ្យផ្លាស់ប្តូរទម្លាប់ក្នុងការចិញ្ចឹមសត្វនោះទើបធ្វើឱ្យជីវភាពបានកាន់តែទទួលបានចំណូលច្រើនថែមទៀត។ នៅចំពោះមុខកសិករចំនួន១០០គ្រួសារនៅទំនប់យក្សហែ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់កសិករដែលនៅទីនោះ ក៏ដូចជានៅទីកន្លែងផ្សេងទៀត ឱ្យផ្លាស់ទម្លាប់ការចិញ្ចឹមសត្វ ដោយលែងឱ្យដើរពាសវាលពាសកាល មកចិញ្ចឹមដាក់ទ្រុងដាក់វិញ។
ឯកឧត្តម បានលើកឡើងថា តាមទម្លាប់ក្នុងការចិញ្ចឹមសត្វដូចជា គោ ក្របី ជ្រូក មាន់ ទា តែងតែលែងដោយមិនមានការថែទាំចំណី ទឹកនិងអនាម័យទេ។ ឯកឧត្តមបន្តថា ទម្លាប់នេះមិនត្រឹមត្រូវ និងមិនបានទទួលនូវប្រសិទ្ធភាពសេដ្ឋកិច្ចឡើយ ដោយហេតុថា យើងខ្វះការថែទាំ ធ្វើឱ្យសត្វទាំងនោះមានសុខភាពមិនល្អ ងាយឆ្លងជម្ងឺ និងការបង្កាត់ពូជមិនបានពូជល្អ។ឯកឧត្តមបន្តថា ដូចនេះត្រូវតែផ្លាស់ប្តូរទម្លាប់នេះចោល ដោយចិញ្ចឹមដាក់ទ្រុង និងមានការថែទាំឱ្យបានល្អ។ ប្រការមួយទៀតត្រូវបានជ្រើសរើសពូជ ដែលមានតម្លៃខាងសេដ្ឋកិច្ចនៅទីផ្សារ។ មានន័យថាចិញ្ចឹមដើម្បីធ្វើពាណិជ្ជកម្ម មិនមែនចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារប៉ុណ្ណោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ជាមួយនឹងការចិញ្ចឹមសត្វ ក៏ត្រូវគិតគូរដល់ការដាំស្មៅ និងដាំដំណាំធ្វើជាចំណីសត្វដើម្បីកាត់បន្ថយពលកម្មកុមារ។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានអញ្ជើញទៅទីនោះ ដើម្បីពិនិត្យមើលទីទួលសុវត្ថិភាពដែលមន្ត្រីអាជ្ញាធរខេត្តបានរៀបចំ សម្រាប់មនុស្ស និងសត្វពាហន:។ តាមការបញ្ជាក់របស់លោកអ៊ូ បុស្សភ័ណ្ឌ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឱ្យដឹងថាដោយសារទឹកជំនន់បានធ្វើឱ្យខេត្តនេះ មានគោចំនួន១០៧.០៩០ក្បាល ក្របីចំនួន២៨.៧៣២ក្បាល ជ្រូក៣២.០៧៣ក្បាល បក្សីចំនួន៣៤១.២៥៥ក្បាលរងការប៉ះពាល់។ ដោះស្រាយបញ្ហានេះខេត្តបានរៀបចំទីទួលសុវត្ថិភាពចំនួន៥៨កន្លែង។ ជាមួយនេះក៏មានការចុះចាក់ថ្នាំជំងឺសារទឹកដល់គោក្របីនៅស្រុកប្រាសាទសម្បូណ៌ និងស្រុកកំពង់ស្វាយបានចំនួន៥០០ក្បាល និងបានផ្តល់ថ្នាំសម្រាប់លាបការពារជើងសត្វសំពត់តង់ ប្លាស្ទីកសម្រាប់ប្រក់ដំបូលរោងផ្តល់ស្មៅចំណីសត្វមួយចំនួនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការយកចិត្តតុកដាក់ របស់មន្ត្រីកសិកម្មខេត្ត ព្រមទាំងបានជំរុញឱ្យបន្តចុះជួយ និងតាមដានជំងឺសត្វជាបន្តទៀត។ ជាមួយនេះត្រូវចាត់ភ្នាក់ងារសុខភាពសត្វភូមិ ឱ្យនៅប្រចាំការ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីមានវិធានការចុះអន្តរាយគមន៍ និងឆ្លើយតបបានទាន់ពេលវេលា។
ខណ:នៃការចុះពិនិត្យនេះឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជូនតង់កៅស៊ូប្លាស្ទីគ១០០ផ្ទាំង ថ្នាំលាបការបារជើងសត្វចំនួន១០០ដប និងស្មៅចំណីសត្វចំនួន២៥០បាច់ផងដែរ៕






