ឆ្នាំ២០១០ គឺជាឆ្នាំទី៣ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មុតមាំ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មកទល់ពេលនេះ ការងារបង្កបង្កើនផលរដូវវស្សា និងរដូវប្រាំង ត្រូវបានបពា្ចប់ជាស្ថាពរ និងជាការឈានដល់ពេលកំណត់ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រារព្ធធ្វើសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០១០-២០១១ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ ២០១១-២០១២ ដើម្បីឆ្លុះបញ្ចាំងឲឃើញអំពីសមិទ្ធផល ដែលសម្រេចបានជាវិជ្ជមាន ក៏ដូចជាការប្រមូលផ្តុំនូវមតិយោបល់ទស្សនៈទៅលើ បញ្ហាប្រឈមទាំងទ្បាយ និងការវិភាគលើបទពិសោធន៍ល្អៗ ជាពិសេសអនុសាសន៍គន្លឹះដ៏មានតម្លៃរបស់ សមេ្តចនាយករដ្ឋមន្ត្រី ដើម្បីជាត្រីវិស័យក្នុងការរៀបចំជាចក្ខុវិស័យ ជាយុទ្ធសាស្ត្រ និងលើកទិសដៅអនុវត្តបន្តនៅឆ្នាំបន្ទាប់ ឲមានលក្ខណៈប្រទាក់ក្រទ្បាគ្នាទៅនឹង យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលកម្ពុជា។
នារយៈពេលមួយឆ្នាំកន្លងមកនេះបើទោះបីជាបានជួបប្រទះនូវគ្រោះធម្មជាតិ រួមមានកង្វះខាតទឹកដោយសារកូនរដូវប្រាំងនៅពាក់កណ្តាលរដូវវស្សា គ្រោះទឹកជំនន់ ជាពិសេស ជំនន់ទឹកភ្លៀងចុងរដូវវស្សា(ចាប់ពីពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែវិចិ្ឆកា) ព្រមទាំងភាពស្ថិតនៅក្រោមការប៉ះទង្គិចដោយកលយុគ្គវិបត្តិសេដ្ឋកិច្ចពិភពលោក តែក្រោមការខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ និងតម្រង់ទិស ក៏ដូចជាវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងដោយមានការចូលរួម ដ៏សកម្មពីគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាកសិករទូទាំងប្រទេស ព្រមទាំងការរួមចំណែកពីដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យផលិតកម្មកសិកម្ម មានការកើនទ្បើងគួរឲកត់សំគាល់។ ជាក់ស្តែងស្រូវវស្សា ឆ្នាំ២០១០ នេះ ពិតមែនតែមានភាពមិនប្រក្រតីនៃគ្រោះធម្មជាតិខ្លះ ក៏ស្ថានភាពផលិតកម្មកសិកម្ម ជារួមមានកំរិតល្អទូទាំងប្រទេស។ យើងបានដាំដុះស្រូវរដូវវស្សាលើផ្ទៃដីសរុបជាង ២,៣៩ លានហិកតា ដែលមានទិន្នផលជាមធ្យមចំនួន ២,៧៥៥ តោន/ហិកតា ដោយទទួលបរិមាណផល សរុបប្រមាណជាង៦,៥៤ លានតោន និងស្រូវរដូវប្រាំងឆ្នាំ២០១០-២០១១ លើផ្ទៃដីជាង ០,៤០៤ លានហិកតា ដែលមានទិន្នផលជាមធ្យម ៤,២០២ តោន/ហិកតា ដោយទទួលបានបរិមាណផលសរុបជាង ១,៦៩ លានតោន។ សរុបទាំងរដូវវស្សានិងរដូវប្រាំង យើងអនុវត្តបានលើផ្ទៃដីសរុបជាង ២,៧៩ លានហិកតា ដោយទទួលបរិមាណផលសរុបប្រមាណ៨,២៤ លានតោនស្រូវ និងទិន្នផលមធ្យមប្រចាំឆ្នាំ២,៩៧ តោន/ហិកតា។ ដូច្នេះតុល្យភាពស្បៀងយើងនៅសល់ជាង២,៥១លានតោនអង្ករគិតជាស្រូវជាង ៣,៩៣លានតោនលើសឆ្នាំមុនជាង០,៤២លានតោនស្រូវនិងខ្ពស់ជាងមធ្យមភាគ១០ឆ្នាំកន្លងមកជាង១,២៣ លានតោនអង្ករ ដែលនេះជាជោគជ័យមួយធំណាស់។ ដោយឡែកផផលិតកម្មស្រូវតាមគោលការណ៍ធម្មជាតិក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយផ្ទៃដីអនុវត្តសរុបកើនដល់ជាង៥៩.៧៨៥ ហិកតា ជាមួយនឹងទិន្នផលមធ្យម៣,៥៣ តោនហិកតា និងមានកសិករអនុវត្ត បវស ជាង១១២ពាន់គ្រួសារ កើនលើសឆ្នាំមុន ៧,៧ភាគរយ ហើយតួលេខនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ប់ប្រៀបធៀបទៅនិងឆ្នាំ ២០០០ ដែលមានតែ២៨គ្រួសារអនុវត្តលើផ្ទៃដីត្រឹមតែ ១,៦ ហិកតា ជាការសាកល្បងតែប៉ុណ្ណោះ។ សូមបញ្ជាក់ថាខេត្តដែលធ្វើស្រូវប្រព័ន្ធប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិច្រើនជាងគេ គឺខេត្តតាកែវ ដែលមានកសិករចំនួនជាង ៣៤ពាន់គ្រួសារ លើផ្ទៃដីជាង ២១ពាន់ហិកតា។ ចំពោះដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មសំខាន់ៗ ក៏មានការកើនឡើងលើសឆ្នាំមុន។ ជារួមឈានមកដល់ពេលបច្ចុប្បន្ន ការងារបង្កបង្កើនផលឆ្នាំ២០១០-២០១១ នេះទទួលបានផលយ៉ាងល្អប្រសើរ។
ជារួមផលិតកម្មសត្វនៅកម្ពុជាជាពិសេស គោ ក្របី និងបក្សីមានការអភិវឌ្ឍន៍ជាវិជ្ជមានគួរកត់សម្គាល់ទាំងចំនួនសត្វ ទាំងបែបផែនផលិតកម្ម ដោយផលិតកម្មនេះអាចធានាការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុកនិងគោ-ក្របីត្រូវបាននាំចេញទៅបរទេសមួយចំនួនផងដែរ។ ដោយធ្វើការប្រៀបធៀបផលិតកម្មសត្វពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១០ ឃើញថាផលិតកម្មគោកើនប្រមាណ ៤% ក្របីថយចុះ ៣%។ ការចិញ្ចឹមបក្សី ពីឆ្នាំ២០០៦ ដល់២០១០ មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣៧% គឺពី ១៥លានក្បាល ដល់ ២០,៦ លានក្បាល។ ចំពោះដំណាំអចិន្ត្រៃយ៍ដូចជា កៅស៊ូស្វាយចន្ទី ដំណាំឈើហូបផ្លែផ្សេងៗ និងចំការ។ល។ កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ជាលក្ខណ:គ្រួសារ និងជាលក្ខណ:វិនិយោគខ្នាតតូច មធ្យម និងធំ។ គួរកត់សម្គាល់ថា មកដល់ឆ្នាំ២០១០ ផ្ទៃដីដាំដុះកៅស៊ូទូទាំងប្រទេសមានចំនួន ១៨១.៤៣០ហិកតា គឺកើនឡើង ៣៩,៦% ប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ក្នុងនោះ ការអភិវឌ្ឍន៍វិស័យកៅស៊ូគ្រួសារមានការអភិវឌ្ឍន៍តាមសន្ទុះមួយគួរឱ្យចាប់អារម្មណ៍។
វិស័យព្រៃឈើកំពុងតែធានាឱ្យមាននិរន្តភាពសម្រាប់ការគ្រប់គ្រងធនធានព្រៃឈើ និងការប្រើប្រាស់ធនធានព្រៃឈើដល់ប្រជាជនក្រីក្រ តាមរយ:កំណែទម្រង់ព្រៃឈើ។ មកទល់និងឆ្នាំ២០១០នេះសកម្មភាពដាំឈើជាចំការ សម្រេចបានសរុបចំនួន ២៨.៨៣៥ ហត ក្នុងនោះ រដ្ឋបាលព្រៃឈើដាំបានចំនួន ១.០២០ ហត ក្រុមហ៊ុនវិនិយោគឯកជនដាំដុះបានចំនួន ២៦.៧៧៥ ហត គ្រួសារឯកជនខ្នាតតូចដាំបាន ៩៧៣ ហត។ ទន្ទឹមនឹងនោះ សហគមន៍ព្រៃឈើសរុបចំនួន ៥១០សហគមន៍ ត្រូវបានបង្កើតឡើង ហើយគ្រប់គ្រងលើផ្ទៃដីសរុបចំនួន ៤៦៧.៨៨៤ ហិកតា។
ចំណែកឯវិស័យជលផល ការធ្វើអាជីវកម្មនេសាទទឹកសាបបានកើនឡើង ៣,៨៥% គឺពី៣៩០ ពាន់តោននៅឆ្នាំ ២០០៩ ដល់៤០៥ពាន់តោន នៅឆ្នាំ ២០១០ ហើយអាជីវកម្មនេសាទសមុទ្រសម្រេចបាន ៨៥ពាន់តោន កើនលើសឆ្នាំមុន ១៣%។ ការអភិវឌ្ឍវារីវប្បកម្ម ដូចជាការចិញ្ចឹមត្រី បង្គា ការភ្ញាស់ កូនត្រីពូជ ក្រពើ សម្រេចបាន ៦០ពាន់តោន កើនបាន ២០% និងសហគមន៍នេសាទមានចំនួន ៤៦៩សហគមន៍ ត្រូវបានបង្កើតឡើង។
ការពង្រឹងការអនុវត្តច្បាប់ស្តីបីព្រៃឈើ និងច្បាប់ស្តីពីជលផល កំពុងត្រូវបានយកចិត្តទុកដាក់និងកាត់បន្ថយឱ្យបានជាអតិបរមា នូវគ្រប់រូបភាពនៃបទល្មើសផ្សេងៗ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
ទន្ទឹមនឹងអនុវិស័យខាងលើ (ផលិតកម្មដំណាំស្រូវ ផលិតកម្ម និងបសុព្យាបាល ផលិតកម្មដំណាំកៅស៊ូ រុក្ខកម្ម ជលផល) ផ្នែកសេវាកម្ម និងការគាំញទ្រផ្សេងៗ ក៏បានសម្រេចនូវលទ្ធផលការងារតាមផ្នែកនីមួយៗបានល្អប្រសើរ ស្របតាមគោលការណ៍និងទិសដៅរបស់រាជរដ្ឋាភិបាលដូចជាការងារ វិនិយោគសាធារណៈ ការរៀបចំគម្រោងជាច្រើនសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ការងារវិនិយោគផ្នែកឯកជនលើ វិស័យកសិកម្មមានការកើនទ្បើង ការងារស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម កាន់តែទូលំទូលាយ កិច្ចការសហប្រតិបត្តិការអន្តរជាតិកាន់តែល្អប្រសើរទ្បើងនិងការរៀបចំលិខិតបទដ្ឋានច្បាប់ លិខិតបទដ្ឋានក្រោមច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវបានធ្វើកាន់តែច្រើនផងដែរ។
តាមការរៀបរាប់ខាងលើ យើងអាចវាយតម្លៃបានថា បរិមាណផលិតកម្មស្រូវមានការកើនទ្បើងបើប្រៀបធៀបនឹងឆ្នាំកន្លងមក ជារួមការងារបង្កបង្កើនផលកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំកំពុងវិវឌ្ឍន៍ល្អនិងមានការចាប់អារម្មណ៍ខ្ពស់ពីប្រជាកសិកររបស់យើង។
នេះជារបត់មួយដែលកសិករយើងកំពុងកែទម្លាប់ពីកសិកម្មបុរាណ ដោយផ្អែកតាមយថាផលមកជាកសិកម្មលក្ខណៈជឿនលឿន និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា ការដាំដុះដំណាំរួមផ្សំផ្សេងទៀត ដោយមិនពឹងផ្អែកតែលើស្រូវតែមួយមុខ ក៏បាននិងបង្កបង្កើនផលកសិកម្មនៅតែមានសក្តានុពលនិងមានអភិវឌ្ឍន៍ផលិតកម្មកសិកម្ម គឺទាមទារការជំរុញខ្លាំងលើការអភិវឌ្ឍផ្នែកគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាងបរិមាណផលិតផល និងតម្រង់ទិសដៅរកការធ្វើកសិ-ពាណិជ្ជកម្ម។
ជារួមសមិទ្ធផល ដែលសម្រេចបានដូចក្នុងរបាយការណ៍លំអិតនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបតិ្តយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជាពលរដ្ឋផងដែរ។
ជាសនិ្នដ្ឋាន កសិកម្មកម្ពុជាសម្រេចបាននូវលទ្ធផលល្អប្រសើរ ដោយសារការដាក់ចេញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយ និងយុទ្ធសាស្ត្រ ជាពិសេសយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមឹងម៉ាត់បំផុតរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។






