ប្រតិទិនព្រឹត្តិការណ៍

មេសា 2017
ពុ ព្រ សុ អា
27 28 29 30 31 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតកសិករលើកទី៨ ឆ្នាំ២០១៧

នៅរសៀលថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីបិទសន្និបាតកសិករលើកទី៨ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទក្រសួង និងកសិករគំរូ(១៣០រូប) យ៉ាងច្រើនកុះករ។

ឆ្លៀតឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេ-ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្បបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងបងប្អូនកសិករទាំងអស់ និងជូនពរបវរប្រសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ និងបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងការគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបា ផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងស្ថានភាពវិវឌ្ឍន៏នៃវិស័យកសិកម្មកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថាក្នុងបរិការណ៍នេះ ការរៀបចំសនិ្នបាតកសិករលើកទី៨ ដែលបានដំណើរការក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ គឺមានគោលបំណងវាយតម្លៃរាល់សមិទ្ធផល ស្នាដៃ និងគំនិតច្នៃប្រឌិតល្អៗ ដើម្បីប្រមូលផ្តុំនូវបទពិសោធន៍ បច្ចេកវិទ្យា និងនវានុវត្តថ្មីៗ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងធ្វើការផ្សព្វផ្សាយដល់កសិករ ផលិតករ និងសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ ជលផលនៅក្នុងទូទាំងប្រទេស សំដៅលើកកម្ពស់ផលិតភាព និងគុណភាពផលិតផលកសិកម្ម តាមរយៈការប្រែក្លាយពីការអនុវត្តកសិកម្មទ្រង់ទ្រាយតូចទៅជាការអនុវត្តកសិកម្មទ្រង់ទ្រាយមធ្យម និងធំ ជាលក្ខណៈពាណិជ្ជកម្ម ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវមូលដ្ឋានចំណេះដឹង ការកែច្នៃ និងបទពិសោធន៍ក្នុងការគ្រប់គ្រងកសិដ្ឋាន និងមុខរបររបស់កសិករឆ្នើម ពិសេសបង្ហាញឱ្យឃើញនូវភាពម្ចាស់ការ គំនិតច្នៃប្រឌិតក្នុងការប្រែក្លាយចំណេះដឹងរបស់ខ្លួនឱ្យមានការវិវត្តន៍ទៅតាមការរីកចម្រើននៃបច្ចេកវិទ្យា ដោយតម្រង់ចក្ខុវិស័យទៅរកការប្រកួតប្រជែងទាំងបរិមាណនិងគុណភាព ឆ្ពោះទៅរកការធ្វើកសិឧស្សាហកម្ម កសិពាណិជ្ជកម្ម។

សូមបញ្ជាក់ជូនជ្រាបថា មានកសិករគំរូចំនួន ១៣០រូប មកពី២៥ រាជធានី ខេត្ត បានចូលរួមប្រកួតប្រជែង ក្នុងសន្និបាតកសិករនេះ លើប្រធានបទចំនួន៧ គឺ៖

(១) ផលិតកម្មស្រូវដោយប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងបច្ចេកទេសទំនើបសម្រាប់ធ្វើពាណិជ្ជកម្ម

(២) ភាពជោគជ័យនៃការអនុវត្តផលិតកម្មដំណាំបន្លែប្រកបដោយផលិតភាព គុណភាព សុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច

(៣) ភាពជោគជ័យនៃការដឹកនាំ និងគ្រប់គ្រងសហគមន៏កសិកម្ម

(៤) ការចិញ្ចឹមមាន់ពូជក្នុងស្រុកយកសាច់ ឬភ្ញាស់កូនមាន់លក់តាមបែបពាណិជ្ចកម្មខ្នាតតូច

(៥) ការចិញ្ចឹមត្រី ផលិតកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ

(៦) ប្រស៊ិទ្ធភាពនៃការគ្រប់គ្រងព្រៃសហគមន៍ និង

(៧) ការកែច្នៃផលិតផលកសិកម្ម ។ ក្នុងរយៈពេល២ថ្ងៃមកនេះ គណៈកម្មការបានវាយតម្លៃជ្រើសរើសបានកសិករជ័យលាភីពីលេខ១ ដល់លេខ៥ ក្នុងប្រធានបទនីមួយៗ ខាងលើ (ជ័យលាភីលេខ១ ទាំង៧រូប នឹងត្រូវប្រគល់រង្វាន់ជូននៅក្នុងពិធីបិទសន្និបាតកសិកម្មទូទាំងប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ខាងមុខ) ដោយក្នុងនោះ៖

+ជ័យលាភីលេខ១ ទទួលបានបណ្ណសរសើរ១ គោយន្ត០១គ្រឿង ថវិកា ២៥០ដុល្លារ និង ១លានរៀល

+ជ័យលាភីលេខ២ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនប៉ូមទឹក០១គ្រឿង ថវិកា ២០០ដុល្លារ និង៨០ម៉ឺនរៀល

+ជ័យលាភីលេខ៣ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនបូមទឹក០១គ្រឿង ថវិកា ១៥០ដុល្លារ និង ៦០ម៉ឺនរៀល

+ជ័យលាភីលេខ៤ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនបូមទឹក០១គ្រឿង ថវិកា ១០០ដុល្លារ និង ៤០ម៉ឺនរៀល

+ជ័យលាភីលេខ៥ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនបូមទឹក០១គ្រឿង ថវិកា ៨៥ដុល្លារ និង ៣០ម៉ឺនរៀល។

+ដោយឡែក ចំពោះកសិករដែលមិនបានទទួលជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្ត ២០ម៉ឺនរៀល/ម្នាក់ (ក្នុងនោះថវិកា ១០ម៉ឺនរៀល បានពីការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី) បន្ថែមលើការឧបត្ថម្ភសោហ៊ុយនានា ក្នុងរយៈពេល២ថ្ងៃនៃសន្និបាតកសិករ។

រួមចំណែកដល់សន្និបាតកសិករនេះផងដែរ អង្គការ KOPlA កូរ៉េ បានជួយឧបត្ថម្ភដល់ជ័យលាភីទាំង៣៥រូប ក្នុងទឹកប្រាក់ចំនួន ៥៥០០ដុល្លារ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឲ្យការរៀបចំសន្និបាតកសិករលើកទី៩ នាឆ្នាំ២០១៨ ទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត។

*សូមរកអានអត្ថបទសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរូបភាពខាងលើ៕

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម