ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧទ្យានបច្ចេកវិទ្យាកសិកម្មរបស់មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម និរន្តរភាពនិងអាហារូបត្ថម្ភ

 ការផ្ទេរបច្ចេកវិទ្យាកសិកម្មឲ្យដល់ដៃប្រជាកសិករគឺជាគន្លឹះដ៏សំខាន់សម្រាប់បង្កើនផលិតភាពផលិតផលកសិកម្មឲ្យបានសមស្របទៅតាមនិន្នាការទីផ្សារកសិផលនាពេលបច្ចុប្បន្ន នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនាឪកាសលោកបានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការនូវឧទ្យានបច្ចេកវិទ្យាកសិកម្មរបស់មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម និរន្តរភាពនិងអាហារូបត្ថម្ភ(Center of Excellence on Sustainable Agricultural Intensification and Nutrition, CE SAIN) នាព្រឹកថ្ងៃទី០១ ខែសីហាឆ្នាំ២០១៧ នៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ដោយបានអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្ត លោកជំទាវ Polly Dunford នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID) មន្រ្តីរាជការក្រសួង លោកគ្រូអ្នកគ្រូនិងសិក្សានុសិស្ស ប្រជាកសិករប្រមាណ២០០នាក់។

លោកបណ្ឌិត ហុក លីដា នាយកមជ្ឈមណ្ឌលបានរាយការណ៍ជូនអង្គពិធីជ្រាបពីប្រវត្តិមជ្ឈមណ្ឌលនេះគឺបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយទទួលបានជំនួយឧបត្ថម្ភហិរញ្ញវត្ថុពី USAID សម្រាប់រយពេល ៥ឆ្នាំ(២០១៦-២០២១) ក្នុងគោលបំណងទី១ បង្កើនអនុភាពប្រពលវប្បកម្មនិរន្តរភាព ការងារមន្ទីរពិសោធន៍ នវានុវត្តន៍ និងអាហារូបត្ថម្ភ ទី២ អភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័នសាកលវិទ្យាល័យ និងទី៣ បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីផ្សព្វផ្សាយ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិកានៃសាកលវិទ្យាល័យបាត់ដំបង បានបញ្ចាក់បន្ថែមថាមជ្ឈមណ្ឌលនេះមិនគ្រាន់តែជាថ្នាលសាបគ្រាប់ពូជធនធានមនុស្សល្អសម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មសមស្របទៅនិងស្ថានភាពភូមិសាស្រ្ត អាកាសធាតុ ក្នុងខេត្តបាត់ដំបងផងដែរ។

ខេត្តបាត់ដំបងគឺជាខេត្តមានសក្តានុពលលើវិស័យកសិកម្មនេះគឺជាប្រសាសន៍របស់ឯកឧកត្តម ច័ន្ទ សុផល។

ក្នុងនាមខ្លួនលោកផ្ទាល់ និងថ្នាក់ដឹកនាំ ប្រជាពលទូទាំងខេត្ត មានមោទនភាពជាអនេកដែលអង្គការ USAID សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានដុតដៃដុតជើងនាំយកមជ្ឈមណ្ឌលនេះមកដាក់ក្នុងខេត្តរបស់យើងខ្ញុំ ស្របពេលដែលប្រជាកសិករស្រែកឃ្លានចង់បានចំណេះដឹង ចំណេះធ្វើ បច្ចេកវិទ្យាថ្មីៗយកទៅអនុវត្តផ្ទាល់ដើម្បីបង្កើនលទ្ធភាពចិញ្ចឹមលើផ្ទៃដីដដែល។ លោកជំទាវ Polly Dunford បានជម្រាបជូនអង្គពិធីពីតួនាទីនិងសារប្រយោជន៍នៃមជ្ឈមណ្ឌលដែលបានសង្កត់ធ្ងន់លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ និងអនុវត្តបង្ហាញផ្ទាល់ ធ្វើយ៉ាងណាឲ្យប្រជាកសិករអាចទទួលយកទៅអនុវត្តបានសមស្របទៅនឹងស្ថានភាពដី ទឹក អាកាសធាតុ និងទីផ្សារ។ មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលនេះ ជាកន្លែងជួបជុំអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ សិស្សនិងប្រជាកសិករដោះដូរ ចែករំលែក ផ្ទេរចំណេះដឹងនិងបទពិសោធន៍ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវផលិតផលកសិកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាមនិន្នាការទីផ្សារពេលបច្ចុប្បន្ន។

មានមតិនាឪកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលខេត្ត លោកជំទាវនាយិកា សមាជិក សមាជិកានៃអង្គពិធីទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួមនាថ្ងៃនេះ ជាពិសេសក្នុងនាមខ្លួនលោកផ្ទាល់ និងក្នុងនាមឲ្យសាកលវិទ្យាល័យ ក្រសួង និងរដ្ឋាភិបានលោកសូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយអង្គការ USAID ដែលបានជួយឧបត្ថម្ភទាំងហិរញ្ញវត្ថុនិងបច្ចេកទេសធ្វើឲ្យមជ្ឈមណ្ឌលលេចចេញជារូបរាងឡើងនាថ្ងៃនេះ។ ដោយសារចំនួនប្រជាជនមានការកើនឡើងជាហេតុធ្វើឲ្យសេចក្តីត្រូវការស្បៀងអាហារហក់ឡើងយ៉ាងរហ័ស ស្របពេលដែលទំហំដី ការប្រើប្រាស់ដី និងការអនុវត្តបច្ចេកវិទ្យាកសិកម្មនៅមានកម្រិតនៅឡើយ។ ហេតុនេះមជ្ឈមណ្ឌលនឹងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ ផ្ទេរបច្ចេកវិទ្យាឲ្យដល់ដៃប្រជាកសិករផ្ទាល់ដើម្បីធានាបាននូវការផលិតផលិតផលទាំងបរិមាណ គុណភាពនិងសុវត្ថិភាពឆ្លើយតបបានតាមតម្រូវការទីផ្សារ ដែលជាដើមចមនៃថាមពលសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថាក្រសួង មានភារកិច្ចជាច្រើនដែលត្រូវធ្វើ ទាមទាឲ្យថ្នាក់ដឹកនាំ ដៃគូពាក់ព័ន្ធ វិស័យឯកជន ចូលរួមចែករំលែកទាំងចំណេះដឹងនិងថវិកាដើម្បីសម្រេចឲ្យបាន និងដើរឲ្យដល់គោលដៅដែលប្រជាពលរដ្ឋចង់បានគឺកសិផលមានទីផ្សារ តម្លៃអាចទទួលយកបាន ពលរដ្ឋមានការងារធ្វើ កាត់បន្ថយចំណាកស្រុកនិងឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម