ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តនាឆ្នាំ២០១៨

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ០២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តនាឆ្នាំ២០១៨ និងមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួងដែលជា ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងមន្រ្តីរាជការក្រោមឱវាទក្រសួងមួយចំនួនទៀតផងដែរ។ បន្ទាប់ពី ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនអង្គពិធីជ្រាបពីសមិទ្ធផលការគ្រប់គ្រង ការការពារ និងអភិវឌ្ឍការងារជលផល ដែលសម្រេចបានក្នុងឆ្នាំ២០១៧ និងលើកទិសដៅសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០១៨ រួចមក ឯកឧត្តម រដ្ឋមន្រ្តីបាន ផ្តល់ប្រសាសន៍ផ្តាំផ្ញើរ និងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរដ្ឋបាលជលផលយកទៅអនុវត្តបន្តក្នុងឆ្នាំ២០១៨ឲ្យទទួលបានជោគជ័យ ដូចខាងក្រោម៖

ទី១.បន្តពង្រីកការគ្រប់គ្រង និងបង្រ្កាបបទល្មើសជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ដោយត្រូវសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធ អយ្យការ និងតុលាការ ព្រមទាំងបន្ដយកចិត្ដទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹកឱ្យបានឆាប់រហ័ស។

ទី២.ពង្រឹងសមត្ថភាពសហគមន៍នេសាទ ឱ្យបានរឹងមាំ ការពង្រឹងការងារគ្រប់គ្រងនៅតំបន់អភិរក្ស។ យកចិត្ដទុកដាក់បង្កើតមុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ តាមរយៈការជំរុញវារីវប្បកម្មនៅក្នុងកន្លែងនេសាទសហគមន៍ និងត្រូវបន្តរៀបចំចុះបញ្ជីសហគមន៍នេសាទ និងជំរុញអំពីការបំពេញលក្ខខណ្ឌតម្រូវរបស់សហគមន៍ដើម្បីទទួលបានមូលនិធិ៤លានរៀលតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទី៣.បន្ដសិក្សាស្រាវជ្រាវប្រភេទពូជត្រី ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងទីផ្សារនាំចេញត្រូវការ និងត្រូវបង្កើនសមត្ថភាពបច្ចេកទេសវារីវប្បកម្មដល់មន្ដ្រីជលផល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដោយឡែកស្ថានីយ៍ភ្ញាស់កូនត្រីពូជនីមួយៗ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កាត់ភ្ញាស់កូនត្រីពូជឱ្យបានច្រើន។

ទី៤.ធ្វើបច្ចុប្បន្នភាព និងពង្រឹងនូវការអនុវត្តបទដ្ឋានគតិយុត្តដែលចាំបាច់ ព្រមទាំងរៀបចំឱ្យមានមន្ទីរពិសោធន៍សម្រាប់វិភាគគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល ដើម្បីជួយសម្រួលដល់ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព និងធានាបាននូវសុខុមាលភាពសាធារណៈ។

ទី៥. ស្រាវជ្រាវអំពីកត្តាផ្សេងៗដែលជះឥទ្ធិពលដល់បរិមាណផលត្រី ទំហំត្រី ផលស្តុកធម្មជាតិ។ បន្តស្រាវជ្រាវពីផលប៉ះពាល់លើធនធានជលផល ការប្រែប្រួលរបបទឹកជំនន់ទន្លេមេគង្គ បណ្តាលមកពីការអភិវឌ្ឍគម្រោងមួយចំនួននៅក្នុងអាងទន្លេផ្នែកខាងលើ ។

ទី៦.បន្តខិតខំប្រឹងប្រែងការកសាងសមត្ថភាពផ្ទៃក្នុងឲ្យបានល្អធានាបានភាពរឹងមាំជាម្ចាស់អង្គភាពថវិកា ដើម្បីជៀសវាងបាន នូវវិធានការទៅតាមផ្លូវច្បាប់ និងរដ្ឋបាល ទៅលើអង្គភាពនានា ដែលបណ្តាលមកពីអង្គភាពណាមួយពុំមានឆន្ទៈ និងធ្វើឲ្យមានបញ្ហាដល់ការគ្រប់គ្រងនិងការប្រើប្រាស់ថវិកាដែលបង្កឡើងនូវភាពមិនប្រក្រតី និងជះឥទ្ធិពលអសកម្មដល់ក្រសួងទាំងមូល។ ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ-អន្តរជាតិ មេត្តាយកចិត្តទុកដាក់ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃធនធានមច្ឆជាតិ ផលមហន្តរាយនៃការបាត់បង់ព្រៃលិចទឹក ដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថាន ការបង្កឱ្យមានឱនភាពដី ធនធានធម្មជាតិ សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល។ សូមងាកមកធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាព តាមគ្រប់រូបភាពក្រោមការជួយណែនាំបច្ចេកទេសកសិកម្មសមស្របពីគ្រប់ជំនាញពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រនិងការធ្វើចំណាកស្រុក។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម