ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានកសិកម្ម

ថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានកសិកម្មមានប្រារព្វពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី តំណាងគ្រប់អង្គភាពក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងគ្រប់ដៃគូពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីអានរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំអស់រយៈពេលពីរថ្ងៃជូនអង្គពិធីដោយឯកឧត្ដម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួចមក ឯកឧត្តម វេង សាខុន បានសំដែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួន ឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ និងបានចូលរួមបង្កើនកម្រិតជីវភាពរស់នៅរបស់កសិករនៅតាមសហគមន៍ជនបទ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការជួយឧបត្ថម្ភគ្រប់បែបយ៉ាងពីសំណាក់ស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងជាពិសេសដៃគូអភិវឌ្ឍ ព្រមទាំងវិស័យឯកជន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាអនុវិស័យដំណាំឱ្យមានការវិវឌ្ឍជាវិជ្ជមាន និងប្រកបដោយបរិយាបន្ន័។ ក្នុងគោលបំណងតម្រង់ទិស ក្នុងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០១៨ បន្ត ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

1) គ្រប់អង្គភាពក្រោមឱវាទទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តភារកិច្ចស្របតាមការរៀបចំនិងប្រព្រឹត្តទៅរបស់អង្គភាព និមួយៗដែលបានចែង ជាពិសេសខិតខំពង្រឹងការអនុវត្តច្បាប់ដែលមាន កុំរង់ចាំតែបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។

2) ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើនការផលិតពូជសុទ្ធប្រជាកសិករ ការដាំដុះ និងជួយរកទីផ្សារ ជាមួយនឹងការផ្តល់ការជឿជាក់ទុកចិត្ត ពីអ្នកបញ្ជាទិញផលិតផលកសិកម្ម ។

3) ក្នុងការជំរុញផលិតផលកសិកម្ម និងការនាំចេញ ត្រូវខិតខំការយកចិត្តទុកដាក់រួមគ្នា រវាងអង្គភាពរដ្ឋ វិស័យឯកជន និងកសិករ/សហគមន៍កសិកម្ម ហើយនិងដៃគូអភិវឌ្ឍន៍ប្រសិនជាមាន។

4) គ្រប់អង្គភាពទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ធ្វើទំនើបកម្មកសិកម្ម រត់ឲ្យទាន់កំណើនសេដ្ឋកិច្ច ដែលប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងទៅ ។

5) យកចិត្តដាក់ពង្រឹងភូតគាមអនាម័យ រួមជាមួយការផ្សព្វផ្សាយឲ្យអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹងច្បាស់និងចូលរួមអនុវត្តទៅតាមវិធានភូតគាមអនាម័យ ។

6) បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង នៅតាមមជ្ឈមណ្ឌលស្រាវជ្រាវ ការបង្ហាញនិងផ្សព្វផ្សាយបច្ចេកវិទ្យាដាំដុះ ដោយប្រែក្លាយមជ្ឈមណ្ឌលទៅជាទីតាំងគំរូសម្រាប់កសិកររៀនសូត្រ ។

7) អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំពន្លឿនការរៀបចំផែនទីកំណត់ដីដាំដុះកសិកម្ម ដើម្បីឈានទៅដល់ធ្វើកំណែទម្រង់នៃការដាំដុះកសិកម្មនៅកម្ពុជាក្នុងអនាគត់ដ៏ខ្លីខាងមុខ ។

8) ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការដាំដុះមុខដំណាំដែលមានតម្លៃនៅលើទីផ្សារ ដើម្បីជំនួសការនាំចូល ។

9) ត្រូវបង្កើនការយកចិត្តទុកដាក់បង្កើតនិងអភិវឌ្ឍន៍កសិដ្ឋានគំរូ នៅលើទីតាំងណាដែលអាចចាត់ទុកថា មានសក្តានុពល ។

10) គ្រប់ប្រធានអង្គភាពទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំ និងគ្រប់គ្រង ដោយភាពទទួលខុសត្រូវខ្ពស់។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម